លោកស្រី យី​ង​ឡាក់​គ្មាន​ឱកាស​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀតឡើយ​

​ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី អះអាងថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា អាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ដើម្បី​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​បាន លុះត្រាតែ​ការអនុវត្ត​នៃ​ការផ្អាក​តំណែង​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ ត្រូវបាន​បញ្ចប់​។

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក Meechai Ruchupan ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ បាន បញ្ជាក់​យ៉ាងច្បាស់​ថា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា គឺ​នៅតែមាន លទ្ធភាព​ក្នុងការ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ដើម្បី​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​។ ក៏ប៉ុន្តែ លោកស្រី មិនអាច​ឈរឈ្មោះ​បានទេ ប្រសិន ការបោះឆ្នោត​ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​លោកស្រី កំពុងស្ថិត ក្នុងការ​ហាមឃាត់​កិច្ចការ​នយោបាយ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Nations​។​

​ថ្មីៗ​នេះ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ បានដាក់​បញ្ចូល​បទបញ្ញត្តិ​មួយ​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ថៃ ដែល​បាន​ហាមឃាត់​រាល់​បុគ្គល​ទាំងឡាយណា​ដែល​ធា្ល​ប់​ជាប់​ពីបទ​ចោទ​ពី​ការលួចបន្លំ​សន្លឹក ឆ្នោត មិន​ឲ្យ​ចូលរួម​កិច្ចការ​នយោបាយ​អស់​មួយជីវិត​។ បទបញ្ញត្តិ​នេះ បាន​រង​នូវ​ការ​រិះគន់ថា ជាប់ ពាក់ព័ន្ធ​នឹង​លោកស្រី​យី​ង​ឡាក់ ពោល​គឺជា​ចេតនា​នៃ​របប​សឹក​ក្នុង​ការហាម​មិន​ឲ្យ​លោកស្រី យី​ង​ឡាក់ បន្ត​កិច្ចការ​នយោបាយ​ទៀត​បាន​តាមរយៈ​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់​ផងដែរ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា ត្រូវបាន​រដ្ឋសភា ថៃ សម្រេច​ផ្អាក​កិច្ចការ​នយោបាយ​រយៈពេល​៥​ឆ្នាំ ពីបទ​ធ្វេសប្រហែស​ក្នុងការ​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ កាលពី​ឆ្នាំ​២០១៤ ។ ជុំវិញ​បញ្ហា​នេះដែរ លោក Meechai Ruchupan បាន​បញ្ជាក់ថា មិន​ទាក់ទង​នឹង​បញ្ញត្តិ​ថ្មី​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះទេ​។ លោក សង្កត់ធ្ងន់ថា  បើ​ការបោះឆ្នោត​ថៃ​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល​នៃ​ការហាមឃាត់​នោះ គឺ​លោកស្រី យី​ង​ឡាក់ មិនអាច​មាន លទ្ធភាព​បានទេ​។ ផ្ទុយទៅវិញ បើ​ការហាមឃាត់​កិច្ចការ​នយោបាយ​នោះ ត្រូវបាន​បញ្ចប់​ហើយ លោកស្រី អាច​ចូលរួម​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​បាន​គ្រប់ពេល​។​

​តែ​អ្វី​គួរកត់សម្គាល់​នោះ ក្រោយពេល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​លើកដំបូង​ដែល​ធ្វើឡើង​ក្នុងការ​គ្រប់គ្រង ដោយ​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បរាជ័យ លោក ប្រា​យុទ្ធ បានប្រកាសថា ការបោះឆ្នោត​ថៃ នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧​។ ពោលគឺ ត្រូវ​រង់ចាំ​រហូតដល់​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវបាន​បញ្ចប់​។ យ៉ាងណាមិញ បើ​ការបោះឆ្នោត​ថៃ​ពិតជា​អាចធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៧​មែន នោះ លោកស្រី យី​ង​ឡាក់ មិនមាន​លទ្ធភាព​ដើម្បី​អាច​ឈរឈ្មោះ និង​ដឹកនាំ​បក្ស​លោកស្រី​ដើម្បី​ប្រជែង តំណែង​រដ្ឋាភិបាល​ថ្មី​បានឡើយ​។ នោះ ក៏​ព្រោះតែ ការអនុវត្ត​ការហាម​ប្រាម​របស់​សភា​មកលើ លោក ស្រី នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ឬ​២០១៩​ឯនោះ​។

​គួរ​រម្លឹក​ផងដែរ​ថា លោកស្រី​យី​ង​ឡាក់ បាន​បាត់បង់​តំណែង​នាយករដ្ឋមន្ត្រី​ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ ក្រៅពី ត្រូវបាន​ដក​មុខតំណែង​ពី​មុខងារសាធារណៈ ឬ​នយោបាយ​រយៈ​ប្រាំ​ឆ្នាំ លោកស្រី ក៏​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​តុលារ​ជាន់ខ្ពស់​ថៃ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ និង រឿង​រដ្ឋប្បវេណី ដែល​អាច​ឲ្យ​លោកស្រី​ត្រូវ​ជាប់ពន្ធនាគារ​ពី ដប់ឆ្នាំ​ឡើងទៅ និង សង​នូវ​សំណង​រដ្ឋប្បវេណី​រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក​ទៀត​ផង​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​