ក្នុង​សន្និសីទី​ក្រុង​ប៉ារីស កម្ពុជា​ចង់​បាន​ជំនួយ​សម្រាប់​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ

សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​នៅ​ទីក្រុង​ប៉ារីស​បាន​ឈាន​ចូលដល់​ថ្ងៃទី៣។ នៅថ្ងៃពុធ​ទី ២​ធ្នូ នៅក្នុង​​កិច្ចប្រជុំ​​បច្ចេកទេស គេ​ចាប់​​និយាយ​ពីផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ គម្លាត​ខុសគ្នា​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ ក្នុង​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ហើយ​និង​ការសម្រប ឬ​បន្សាំខ្លួន​របស់​ប្រទេស​នៅលើ​ផែនដី ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ ពី​ខាង​​កម្ពុជា ទាំង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល និង​មន្រ្តី​រដ្ឋាភិបាល​ ចាប់អារម្មណ៍​កិច្ចប្រជុំ​ដែល​មាន​និយាយ​ពីការផ្តល់​ជំនួយថវិកា​សម្រាប់​លើក​ទឹកចិត្ត ដល់​​ប្រទេស​អ្នកក្រ ឬ​កំពុង​អភិវឌ្ឍ​ដែល​រងគ្រោះ​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​បណ្តាល​មក​ពី​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ បញ្ចេញ​ដោយ​ប្រទេស​ឧស្សាហកម្ម។