សមត្ថកិច្ច​សន្និដ្ឋាន​ថា​បុរស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​អ្នក​កាប់​សម្លាប់​គ្រួសារ​ខ្លួន​ឯង

សមត្ថកិច្ច​ខេត្ត​កំពង់ចាម អះអាង​ថា ករណី​បុរស​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឃុំ​គគីរធំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ គឺ​ជា​ជន​ល្មើស​ដែល​បាន​កាប់​សម្លាប់​ក្រុម​គ្រួសារ​ខ្លួន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន ៤​នាក់ និង​រង​របួស​ធ្ងន់​ម្នាក់ កាល​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ត្បិត​បុរស​នោះ​ត្រូវ​បាន​រថយន្ត​បុក​រហូត​ដល់​មើល​មុខ​មិន​ស្គាល់។

ការ​សន្និដ្ឋាន​ដូច​នេះ បន្ទាប់​ពី​មាន​សាក្សី​ជាច្រើន​នាក់ រួម​ទាំង​កូន​ប្រុស​ដែល​ជា​កូន​ចុង​របស់​ជន​ដៃ​ដល់​បាន​បញ្ជាក់​ថា សាកសព​នោះ គឺ​ជា​សាកសព​ជន​ល្មើស​ឈ្មោះ អេង ធី ប្រាកដ​មែន។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ធ្នូ ថា ទីកន្លែង​ដែល​បុរស​នោះ​ស្លាប់ គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦ ទៅ ៧​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​នៅ​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ប៉ុន្តែ​ខាង​សមត្ថកិច្ច​ពិបាក​សន្និដ្ឋាន​ថា បុរស​នោះ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ឬ​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​នោះ​ទេ។ លោក​បន្ត​ថា ដោយ​ខ្លាច​ក្រែង​មិន​ប្រាកដ​ថា​ជា​ជន​ល្មើស ខាង​សមត្ថកិច្ច​ក៏​បាន​ប្រើ​វិធី​ត្រួត​ពិនិត្យ​លើ​ខ្ចៅដៃ​អ្នក​ស្លាប់ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ធ្វើ​កោសល្យវិច័យ​នៅ​ឡើយ៖ «ប៉ូលិស​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​ចិត្ត​ទៅ​តាម​ជំនាញ​ឲ្យ​ប្រាកដ។ អ៊ីចឹង​ខ្ញុំ​ចាត់​វិធានការ​យក​ក្រយៅ​ដៃ​មួយ​ទៀត»

លោក​ថា ប្រសិន​បើ​ករណី​ជនល្មើស​ស្លាប់​ទៅ​ហើយ រឿង​ក្តី​កាប់​សម្លាប់​ប្រពន្ធ កូន ម្តាយ​ក្មេក និង​ឪពុក​ក្មេក ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា គឺ​ត្រូវ​ផុត​រលត់​ទៅ​តាម​នោះ​ដែរ ដោយ​មិន​អាច​បន្ត​នីតិវិធី​បាន​ទៀត​ទេ។

បន្ថែម​ពី​នេះ កូន​ប្រុស​ជន​រងគ្រោះ និង​ត្រូវ​ជា​កូន​ចុង​ជនល្មើស លោក យាង រដ្ឋា បញ្ជាក់​ថា ៨០​ភាគរយ គឺ​ជា​សព​របស់ លោក អេង ធី ពីព្រោះ​លោក​កត់​សម្គាល់​តាម​រយៈ​រាង​កាយ។ លោក​បន្ត​ថ្លែង​ទាំង​អួល​ដើមក​ថា ជនល្មើស​បាន​ស្លាប់​ទៅ​ហើយ គឺ​ចាត់​ទុក​ថា​ម្តាយ រួម​ទាំង​ប្អូនៗ ជីដូន​របស់​លោក​ផង គឺ​អស់​កម្ម​ទៅ​ចុះ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជៀសវាង​នូវ​រាល់​អំពើ​ហិង្សា ពិសេស​អំពើ​ហិង្សា​មាន​លក្ខណៈ​ឃោរឃៅ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។