តំណាងរាស្ត្រ CNRP សម្រេច​ថា មិន​ចូលរួម​មហាសន្និបាត APA​ទេ​

​គណបក្សប្រឆាំង សម្រេច​ថា មិន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​(APA) លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឡើយ ដោយសារតែ​បញ្ហានយោបាយ​មិនទាន់មាន​ដំណោះស្រាយ​។ មហាសន្និបាត​សភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១២ ធ្នូ ។​

​ខណៈដែល​បញ្ហានយោបាយ​មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ​នោះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បានបញ្ជាក់​ជា​លើកចុងក្រោយ​ថា តំណាងរាស្ត្រ​គណបក្ស​លោក សម្រេច​មិន​ចូលរួម​មហា​សន្និបាតសភា​តំបន់​អាស៊ី​ឡើយ ។ លោក​ថា បញ្ហានយោបាយ​ទាំងអស់​នេះហើយ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​បក្ស​ខ្លួន​ពិបាក​សម្រេចចិត្ត​ចូលរួម​មហាសន្និបាត​នេះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​«​ដោយសារតែ​បរិស្ថាន​នយោបាយ​នៅក្នុង​រដ្ឋសភា​កន្លងមក​នេះ ធ្វើ​ឲ្យ​ពួកយើង​ពិបាក​នឹងចូលរួម ដូច្នេះ​យើង​សម្រេច​ថា មិន​ចូលរួម​មហាសន្និបាត​នេះ​ទេ​»​។​

​អ្នកវិភាគ​នយោបាយ លោក មាស នី យល់ឃើញថា បើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង មិន​ចូលរួម​មហាសន្និបាត​ទេនោះ គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ កិត្តិយស និង​ខូច​កេរ្តិ៍ឈ្មោះ​សភា​កម្ពុជា ពោលគឺ​បង្ហាញ​រូបភាព​នៅក្នុង​មហាសន្និបាត​នោះ​ថា ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ ហើយ​លទ្ធិប្រជាធិបតេយ្យ​កំពុងតែ​ដើរ​ថយក្រោយ​។​«​បើ​តំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ចូលរួម​មហាសន្និបាត​ទេ នឹងធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​និង​កិត្តិយស​កម្ពុជា​ដែលជា​ធ្វើ​ម្ចាស់ផ្ទះ​។​ព្រោះ​វា​បង្ហាញ​រូបភាព​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា កម្ពុជា​នៅតែមាន​ការរំលោភ​សិទ្ធិ​មនុស្ស ដូច​ជាការ​ចាប់ចង ចាប់​ឃុំ​អ្នកនយោបាយ ដោយសារ​គណបក្សកាន់អំណាច កៀបសង្កត់​គណបក្សប្រឆាំង ទើប​តំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ចូលរួម​។ ហើយ​លទ្ធិប្រជាធិបតេយ្យ​កំពុងតែ​ធ្លាក់ចុះ​ដែរ​»​។​នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី ។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង យល់ថា ការចូលរួម ឬ​មិន​ចូលរួម​គឺជា​សិទ្ធិ​សម្រេចចិត្ត​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ លោក​ថា បើទោះជា​មិនមាន​អ្នកចូលរួម​ក៏​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នោះទេ ព្រោះ​មហាសន្និបាត​នៅ​ប្រទេស​ដទៃទៀត ក៏មាន​តំណាងរាស្ត្រ​ខ្លះ​ចូលរួម និង​ខ្លះទៀត​មិន​ចូលរួម​ដែរ​។​

​មហាសន្និបាត​សភា​តំបន់​អាស៊ី​(APA)​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹងមាន​ប្រទេស​ជា​សមាជិក ចំនួន ២៣ ចូលរួម​។​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) នឹងមាន​កិច្ចប្រជុំ ស្តីពី​ច្បាប់រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​វប្បធម៌​នៅក្នុង​តំបន់​អាស៊ី​។ ការបង្កើត​សភា​អាស៊ី និង​សមាជិកសភា​ប្រឆាំងនឹង​អំពើពុករលួយ និង​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហានយោបាយ សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចការ​សង្គម វប្បធម៌ និង​បញ្ហា​ស្ត្រី​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​