អាមេរិក​បន្ថែម​ទ័ព​ទៅ​កម្ចាត់​ក្រុម IS តែ​អ៊ីរ៉ាក់​ទាមទារ​ឲ្យ​សុំ​អនុញ្ញាត​ជាមុន​

​ក្រុង​វ៉ាស៊ីនតោន  បានប្រកាសថា​ខ្លួន​នឹង​បញ្ជូន​ទ័ព​ពិសេស​បន្ថែម​ទៅ​ជួយ​កងទ័ព​អ៊ីរ៉ាក់ និង​ឆ្លៀត​បើក​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ស៊ី​រី​ផង​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ការពង្រាយ​ទ័ព​បន្ថែម​បែបនេះ ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ពង្រឹងសមត្ថភាព​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន ប៉ុន្តែ​ចំនួន​ទ័ព​ប៉ុន្មាន​នាក់​គ្មាន​អ្នកណា​ដឹង​ច្បាស់​ទេ​។ យ៉ាងណាក៏ដោយ អ៊ីរ៉ាក់​បានចេញ​មុខ​ប្រកាសថា ទ័ព​បរទេស បើ​ចង់​បើក​ប្រតិបត្តិការ​យោធា​នៅលើ​ទឹកដី​ខ្លួន ត្រូវ​ទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ជាមុនសិន​។ 

 សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​ក្រុង​វ៉ាស៊ីនតោន​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ប៉ុន្តែ​ជារឿយៗ​ក្រុង​វ៉ាស៊ីនតោន​តែង​ទទួលរង​ការរិះគន់​ខ្លាំង​ផងដែរ​ដោយសារ​យុទ្ធនាការ​មិនមាន​ប្រសិទ្ធភាព​។ ការវាយប្រហារ​របស់​ក្រុម​ភេរវជន​លើ​រដ្ឋ​អឺរ៉ុប​កាន់តែ​ធ្វើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តែ​ឈឺក្បាល ហើយ​អ្នកនយោបាយ​អាមេរិក​ចាប់ផ្តើម​ទិតៀន​យុទ្ធសាស្ត្រ​លោក អូ​បា​ម៉ា​កាន់តែខ្លាំង​ឡើង​។ កន្លងមក​មានការ​ស្នើ​សុំ​ឲ្យ​អាមេរិក​បញ្ជូន​ទ័ពថ្មើរជើង​ទៅ​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ដើម្បី​ធានាថា ក្រុម​នេះ​នឹង​លែងមាន​វត្តមាន​ទៀត ព្រោះ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​មិនសូវមាន​ប្រសិទ្ធភាព​ទេ​។​

​រដ្ឋបាល​លោក អូ​បា​ម៉ា បន្ត​បដិសេធ​បញ្ជូន​ទ័ពថ្មើរជើង​ទៅធ្វើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ជាថ្មី ប៉ុន្តែ​ក្រសួងការពារជាតិ​អាមេរិក​បន្ត​ដាក់ចេញ​ផែនការ​បញ្ជូន​ទ័ព​ពិសេស​ទៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន តែ​មិនមែន​ទៅ​ច្បាំង​ផ្ទាល់​ទេ​។ កាលពី​ខែតុលា​កន្លងមក​ក្រសួងការពារជាតិ​អាមេរិក​ក៏បាន​ប្រកាស​ពង្រាយ​កង​កម្លាំង​ពិសេស​ចំនួន​៥០​នាក់​ផងដែរ​ទៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ជួយ​បង្វឹក​ក្រុម​ឧទ្ទាម​ស៊ី​រី​។  

-​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​តែមួយ​មុខ​គ្មាន​ផ្លូវ​ឈ្នះ​ក្រុម​ភេរវ​រដ្ឋ​ឥស្លាម​?
​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Aston Carter បានប្រកាស​គម្រោង​បញ្ជូន​ទ័ព​ពិសេស​បន្ថែមទៀត​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវកម្ម​ដែរ​។ គេ​មិនបាន​ដឹងថា ទ័ព​ពិសេស​ប៉ុន្មាន​នាក់​នឹងត្រូវ​បញ្ជូនទៅ​ទេ​។ ប៉ុន្តែ​មាន​ប្រភពព័ត៌មាន​ខ្លះ​អះអាងថា ទ័ព​ប្រហែល​២០០​នាក់​ប៉ុណ្ណោះ​នឹងត្រូវ​ពង្រាយ​ទៅ​ឈរជើង​នៅ​អ៊ីរ៉ាក់​។

​យោងតាម​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ  កងទ័ព​ពិសេស​នឹង​ប្រឡូក​ក្នុង​ប្រតិបត្តិការ​វាយឆ្មក់ រំដោះ​ចំណាប់ខ្មាំង ប្រមូល​របាយការណ៍​ចារកម្ម និង​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ហើយ​អ្វីដែល​សំខាន់​ក្រុម​នេះ​នឹងមាន​អាច​បើក​ប្រតិបត្តិការ​យោធា​ជា​លក្ខណៈ​ឯកតោភាគី   ចូលក្នុង​ទឹកដី​ស៊ី​រី​ផងដែរ​។ យ៉ាងណាមិញ ទោះជា​មានការ​បន្ថែម​ក​ង​ទ័ព​ឬ​អត់​ក៏​មិនអាច​មាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន​ដែរ កងទ័ព​អាមេរិក​មិនមែន​ចេញ​ច្បាំង​ផ្ទាល់​ទេ ហើយ​ចំនួន​កងទ័ព​ទាំងនេះ​ក៏​មិន​ច្រើន​ល្មម​អាច​បង្កើន​ប្រសិទ្ធភាព​យុទ្ធនាការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នោះឡើយ​។ 

​ផ្ទុយទៅវិញ ប្រទេស​មហាអំណាច​ទាំងនេះ​ហាក់ដូចជា​ព្រងើយកន្តើយ​រឿង​ចំណូល​របស់​ក្រុម​ភេរវជន ដោយ​ផ្តោតអារម្មណ៍​តែ​លើ​យុទ្ធសាស្ត្រ​យោធា​។   ការឈាន​ទៅយក​ជ័យជម្នះ​លើ​ក្រុម​ជ្រុលនិយម​នេះ មិន​រំពឹង​តែ​លើ​ការប្រើប្រាស់​កម្លាំង​ទ័ព​តែមួយ​មុខ​ឡើយ ហើយ​វា​ក៏​មិនអាច​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក​ម្នាក់ឯង​ដែរ​។ ដើម្បី​ទទួល​ជ័យជម្នះ​លើ​ក្រុម​នេះ វា​ចាំបាច់​ណាស់​ត្រូវ​មានការ​សហការ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុង​ប្រតិបត្តិការ​យោធា​ផង ចាត់វិធានការ​កាត់ផ្តាច់​ចរន្ត​ចំណូល​ក្រុម​នេះ​ផង និង​បង្កើន​ការទប់ស្កាត់​ការជ្រើសរើស​សមាជិក​ថ្មី​ពួកគេ​ផង​។ បច្ចុប្បន្ន​ក្រុម​ភេរវជន​នេះ​នៅ​អាចមាន​លទ្ធភាព​ជ្រើសរើស​សមាជិក​ថ្មី​យ៉ាង​មាន​ប្រសិទ្ធភាព​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្រុម​នេះ​អាច​រកចំណូលបាន​ក្នុង​មួយខែ​មិន​ក្រោម ៤០​លាន​ដុល្លារ​ដោយ​បូម​និង​នាំចេញ​ប្រេង​។ ជា​រឿង​មិនអាច​ប្រកែក​បាន ដែរ​ថា បើ​រដ្ឋ​ទាំងអស់​មាន​ឆន្ទៈ​សហការគ្នា​ដាក់​វិធានការ​កាត់ផ្តាច់​រាល់​ចំណូល​របស់​ក្រុម​នេះ ពួកគេ​ក៏​មិនមាន​សមត្ថភាព​រើស​ស​មា​ជិ​ក ទិញ​អាវុធ​ថ្មី និង​ពង្រីក​បណ្តាញ​របស់ខ្លួន​ឡើយ​។   

-​អ៊ីរ៉ាក់​មិនត្រូវ​ការ​ទ័ព​បរទេស​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​លើទឹក​ដី​ខ្លួន​ឡើយ​
​ត្រលប់​មកវិញ ស្រប​ពេលដែល​មានការ​ប្រកាស​បញ្ជូន​ទ័ព​អាមេរិក​បន្ថែម​ទៅ​ឈរជើង​នៅ​ទឹកដី​អ៊ីរ៉ាក់ លោក Haider al-Abbadi  ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ បានចេញ​មុខ​បញ្ជាក់ប្រាប់​សហគមន៍​អន្តរជាតិ​ថា អ៊ីរ៉ាក់​មិនត្រូវ​ការ​ទ័ព​បរទេស​មក​ច្បាំង​នៅលើ​ទឹកដី​ខ្លួន​ឡើយ​។  រដ្ឋាភិបាល​អ៊ីរ៉ាក់​ចង់​បញ្ជាក់ថា ការពង្រាយ​ទ័ព​មកកាន់​ប្រទេស​ខ្លួន​អាចធ្វើ​ទៅបាន​ដរាបណា​មានការ ត្រូវមាន​ការយល់ព្រម​ជាមុន និង​គោរព​អធិបតេយ្យ​ពេញលេញ​របស់​អ៊ីរ៉ាក់​។  ប៉ុន្តែ​វា​ប្រាកដ​ណាស់​ថា​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​កំពុង​ចរចា​គ្នា ឬ​អាច​ថា ឯកភាពគ្នា​លើ​ផែនការ​បញ្ជូន​ទ័ព​នេះហើយ​។

​ប៉ុន្តែ​កន្លងមក​អាមេរិក​បាន​ដឹកនាំ​រដ្ឋ​អារ៉ាប់​ទម្លាក់​គ្រាប់ និង​បញ្ជូន​ទ័ព​ប្រហែល​៥០​នាក់​ទៅកាន់​ទឹកដី​ស៊ី​រី​ដោយ​មិន​ខ្វល់​ពី​រដ្ឋាភិបាល​លោក អាសាដ ឡើយ​។​នេះ​ក៏​ព្រោះថា អាមេរិក​មិន​ដែរ​ទុក​រដ្ឋាភិបាល​នេះ​ជា​រដ្ឋាភិបាល​ស្របច្បាប់​ទេ​។ វា​ប្រាកដ​ណាស់​ថា សកម្មភាព​បែបនេះ​វា​រំលោភ​អធិបតេយ្យ​របស់​រដ្ឋ​និង​ប៉ះពាល់​ដល់​ច្បាប់​អន្តរជាតិ ព្រោះ​រាល់​អន្តរាគមន៍​វា​ត្រូវមាន​ការអនុញ្ញាត​ជាមុន រដ្ឋាភិបាល​ម្ចាស់ផ្ទះ​។  មកទល់ពេលនេះ​ទៀត សម្ព័ន្ធមិត្ត​អាមេរិក អង់គ្លេស​ក៏​កំពុង​ស្នើ​ឲ្យ​មានការ​អនុ​ញ្ញា​ឲ្យ​ទ័ពអាកាស​អង់គ្លេស​ពង្រីក​ការវាយប្រហារ​ពី​អ៊ីរ៉ាក់​ទៅដល់​ទឹកដី​ស៊ី​រី​ថែមទៀត​។ បើ​សភា​អង់គ្លេស សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ពង្រីក​ការវាយប្រហារ​មែន យន្តហោះ​អង់គ្លេស​នឹង​ប្រឡូក​ក្នុង​ចម្បាំង​នៅ​ស៊ី​រី​ថែមទៀត​។ ប៉ុន្តែ​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​ដែល​អូសបន្លាយ​ជាង​៤​ឆ្នាំ​មកនេះ នឹង​កាន់តែ​ស្មុគស្មាញ​ថែមទៀត​នៅពេលដែល​បណ្តា​ប្រទេស​មហាអំណាច​ចូល​លូកលាន់​កាន់​ខ្លាំង និង​មាន​តួអង្គ​កាន់តែច្រើន​នោះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​