រុស្ស៊ីព្រមាន ផ្តាច់ទំនាក់ទំនងនឹង ម៉ុងតេណេក្រូ ប្រសិនបើប្រទេសនេះ ហ៊ានចូល ជាសមាជិកអង្គការ ណាតូ

មូស្គូ៖ ប្រទេសរុស្ស៊ី នឹងផ្តាច់ទំនាក់ទំនងលើ គម្រោងការរួមមួយ ចំនួនជាមួយ ម៉ុងតេណេក្រូ ប្រសិនបើអតីត រដ្ឋកុម្មុយនិស្តមួយនេះ ហ៊ានចុះហត្ថលេខា ចូលរួមជាសមាជិក ជាមួយនឹង អង្គការសន្ធិសញ្ញា អាត្លង់ទិច ខាងជើង ហៅកាត់ថា ណាតូ នោះ។ នេះបើតាមសារព័ត៌មាន រុស្ស៊ី ដកស្រង់សម្តី ពីសមាជិកព្រឹទ្ធសភារុស្ស៊ី មួយរូបថ្លែង នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ ២០១៥។

សមាជិកព្រឹទ្ធសភា វីកទ័រ អូហ្សេរ៉ូវ ដែលជាប្រធានក្រុមប្រឹក្សាការពារជាតិ និង សុវត្ថិភាព របស់សហព័ន្ធរុស្ស៊ី បាន ថ្លែងទៀតថា ទំនាក់ទំនងទាំងឡាយ រវាងរុស្ស៊ី និង ម៉ុងតេណេក្រូ ក្នុងនោះ ក៏មានទាំងវិស័យយោធាផងដែរ អាចនឹង ត្រូវកាត់ផ្តាច់ ប្រសិនបើមានការសម្រេចចិត្ត ខុស ណាមួយនោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការណាតូ បានអញ្ជើញ ប្រទេសម៉ុងតេណេក្រូ ឲ្យ ចូលសម្ព័ន្ធមិត្តយោធា ជាមួយខ្លួន ដែលទង្វើបែបនេះ បានកើតឡើងបន្ទាប់ពី ១៦ឆ្នាំ ដែលណាតូ បានទម្លាក់គ្រាប់បែក នៅម៉ុងតេណេក្រូ ក្នុងសង្គ្រាម កូសូវ៉ូ  ជាពេលដែល ប្រទេសនេះ ស្ថិតនៅផ្នែកមួយ របស់យូហ្គោស្លាវី នៅឡើយ៕

រុស្ស៊ីព្រមាន ផ្តាច់ទំនាក់ទំនងនឹង ម៉ុងតេណេក្រូ ប្រសិនបើប្រទេសនេះ ហ៊ានចូល ជាសមាជិកអង្គការ ណាតូ