អ.ស.ប៖ ជនជាតិអ៊ីរ៉ាក់ ជាង៨០០នាក់ ត្រូវបាត់បង់ជីវិត ក្នុងខែ វិច្ឆិកា កន្លងទៅនេះ

(អ.ស.ប)៖ ជនជាតិអ៊ីរ៉ាក់ សរុបចំនួន ៨៨៨នាក់ ត្រូវបានសម្លាប់ ដោយឡែក មនុស្ស១.២៣៧នាក់ផ្សេងទៀត រងរបួស ដោយសារសកម្មភាពភេវរកម្ម និងជម្លោះប្រដាប់អាវុធ កាលពីខែ វិច្ឆិកា កន្លងទៅនេះ នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យ អង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានដកស្រង់ដោយ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានដកស្រង់តួលេខដែលចេញផ្សាយដោយបេសកកម្មជំនួយការ របស់អ.ស.ប UNAMI បានឲ្យដឹងថា ក្នុងចំណោម អ្នកស្លាប់ទាំងអស់ មានជនស៊ីវិលរហូតដល់ជិត ៥០០នាក់។ 

ដោយឡែកលោក Jan Kubis ដំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប ប្រចាំក្រុង បាដាត បានឲ្យដឹងថាប្រជាពលរដ្ឋអ៊ីរ៉ាក់ នឹងបន្តរងគ្រោះ ដោយសារអំពើហិង្សាដែលកើតឡើងសាជាថ្មី ម្តងហើយម្តងទៀត។ ប្រភពដដែលបានឲ្យដឹងថា ឆ្លើយតបស្ថានភាពនេះ កម្មវិធីស្បៀងអាហារពិភពលោក WFP បានចុះចែកជំនួយស្បៀងអាហារជាបន្ទាន់ ដល់ប្រជាពលរដ្ឋអ៊ីរ៉ាក់ ប្រមាណ ៧ម៉ឺននាក់ ក្នុងទីក្រុង Haditha និងទីក្រុង Al Baghdadi ក្នុងខេត្តAnbar ប្រទេស អ៊ីរ៉ាក់។

សូមជម្រាបថា ដោយសារស្ថានភាពមិនអំណោយផល ធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងទីក្រុងដែលស្ថិតនៅចម្ងាយប្រមាណ ២៤០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីបាដាត មិនអាចទទួលជំនួយមនុស្សធម៌ អស់រយៈពេលជាង៧ខែ មកហើយ៕

http://news.xinhuanet.com/english/2015-12/02/c_134874576.htm