កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​២៥​ស្តី​ពី​បិ​តិក​ភ័​ណ្ឌ​ពិភពលោក

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ពិ​ភា​គ្សា​បច្ចេកទេស​(ICC)​លើក​ទី​២៥​ស្តី​ពី​បិ​តិក​ភ័​ណ្ឌ​ពិភពលោក​កាលពី​ព្រឹក​ថ្ងៃ​ទី ០២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក រ៉ូ ម៉ាំង​លូ​វា ជាទី​ប្រឹក្សា​សហប្រតិបត្តិការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង និង​លោក ថា កាស​ហា​ស៊ី ថា​កាស​ហ៊ី​សា​កា​វ៉ា ជា​អនុប្រធាន​បេសកកម្ម​ស្ថានទូត​របស់​ជប៉ុន ព្រមទាំង​មន្ត្រី និង​អាជ្ញាធរ​ជាតិ​អប្សរា ជា​ច្រើន​នាក់​ផង​ដែរ ។

លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អា​ជ្ជា​ធរ​អប្សរា​បានឱ្យ​ដឹង​ថា ការ​បើក​កិច្ចប្រជុំ​លើក​ទី​២៥​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចប្រជុំ​លើក​ទី​២៤​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ដែល​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​បិ​តិក​ភ័​ណ្ឌ​ពិភពលោក​ដោយ​ពួក​ជ្រុលនិយម​មួយ​ចំនួន ហើយ​លើក​ទី​២៥​នេះ​ក៏​មានការ​កត់សម្គាល់​មួយ និង​ការ​អបអរសាទរ​ចំពោះ​ការ​ចាប់ខ្លួន​ជន​ដែល​បាន​បំផ្លាញ​សម្បត្តិ​បិ​តិក​ភ័​ណ្ឌ​ដែល​មានឈ្មោះ​ថា ធុង​ប៊ុ​ក​ទូ នៅ​ប្រទេស​ម៉ា​លី នៃ​អា​ហ្វ្រិ​ច​ខាងលិច ហើយ​ជនឧក្រិដ្ឋ​កម្ម​ទាំងនោះ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការអន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ ដើម្បី​ធ្វើការ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ថា គណ​:​កម្ម​ការ ICC របស់​យើង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​កិច្ចប្រជុំ​នៅ​ពេល​នេះ គឺ​ចង់​តាមដាន​ទៅ​លើ​កិច្ចប្រជុំ​លើក​ទី​២៤ និង​អនុសាសន៍​សំខាន់​ៗ​មាន​៥​ទៅ​៦​ចំណុច ក្នុង​នោះ​ពាក់ព័ន្ធ​ទៅ​និង​គម្រោង​អភិរក្ស​ទាំងឡាយ​ណា ដែល​ជា​ការ​ផ្តល់​ជូន​នៅ​មានការ​ខ្វះខាត​កន្លង​មក យើង​នឹង​បំពេញ​ជូន​នូវ​អនុសាសន៍​បន្ថែម​ទៀត​ចំពោះ​ការ​អភិរក្ស​ទាំងនោះ ។
លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​ពិ​ដាន​ឈើ​ដែល​អ្នកជំនាញ​កំពុង​ឆ្លាក់​យក​ទៅ​បំពាក់​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ នៃ​ប្រាសាទអង្គរវត្ត​នេះ​ត្រូវ​បាន​អ្នកជំនាញ​ប្រាសាទ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ធ្វើ​ពិ​ដាន​ឈើ​ដើម្បី​យក​ទៅ​បំពាក់​នៅ​ពិ​ដាន​ថ្ម ដែល​រង​ការ​បែកបាក់​នៅ​ប្រាសាទអង្គរវត្ត ។

ជំហាន​សាង​ល្បង​មុន​ដំបូង អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ឆ្លាក់​ពិ​ដាន​ឈើ​តាម​រចនាបថ​បុរាណ យក​ទៅ​បំពាក់​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ នៃ​ប្រាសាទអង្គរវត្ត ។ ពិ​ដាន​ឈើ ដែល​ស្ថិត​ក្នុង​ការ​សាកល្បង​នេះ​អាច​មាន​ទំហំ​ចន្លោះ​ពី​៣​ទៅ​៥​ម៉ែត្រ ហើយ​ពិ​ដាន​ឈើ​ទាំងនោះ​នឹង​ត្រូវ​បំពាក់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក លី វ​ណ្ណា បានឱ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥​នេះ​ថា គម្រោង​ឆ្លាក់​ពិ​ដាន​ថ្មី​(​ឈើ​)​យក​ទៅ​ជំនួស​ពិ​ដាន​ចាស់​នោះ គឺ​វា​ស្ថិត​ក្រោម​កិច្ចសហការ​រវាង​មូលនិធិ​ប្រាសាទបុរាណ ហៅ​កាត់​ថា WMF របស់​សហរដ្ឋអាមេរិក និង​អាជ្ញាធរ​ជាតិ​អប្សរា ។ លោក​បញ្ជាក់​ថា ក្រុមការងារ​បាន​យក​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នៃ​ប្រាសាទអង្គរវត្ត ដើម្បី​បំពាក់​សាកល្បង ។ តាម​ពិត​ទៅ​គម្រោង​នេះ​មានការ​សិក្សា​ពី​ចម្លាក់​ក្បាច់​បុរាណ​ប្រមាណ​ជា​៣​ឆ្នាំ​មុន​នឹង​ដាក់​ទៅ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​ប្រជុំ​អនុម័ត ។ អ្នកជំនាញ​បាន​សិក្សា​ពី​សំណល់​ចម្លាក់​បុរាណ និង​បាន​ជ្រើសរើស​ប្រភេទ​ឈើ​ឆ្លាក់​ដោយ​ល្អិតល្អន់ តែ​ប្រើ​បច្ចេកទេស​ដើម្បី​ឱ្យ​ចម្លាក់​មើលទៅ​ដូច​រូប​បុរាណ​សុទ្ធសាធ ។

លោក លី វ​ណ្ណា បាន​ពន្យល់​ពី​បច្ចេកទេស​ឆ្លាក់​ទៀត​ថា « ការ​យក​ចម្លាក់​ថ្មី​ទៅ​ជំនួស​ចម្លាក់​ចាស់ មិនមែន​ចេះ​តែ​ធ្វើ​បាន​ងាយស្រួល​នោះ​ទេ ដោយ​មានការ​រៀប​ពិ​ដាន​ឈើ​ថ្មី​នេះ យើង​បាន​ប្រើ​បច្ចេកទេស​បាញ់​គ្រាប់​ខ្សាច់​ទៅ​លើ​សាច់​ឈើ ដើម្បី​មើលទៅ​រៀង​សឹក ហាក់ដូចជា​ចម្លាក់​បុរាណ​ដូច្នោះ​ដែរ​» ។ ប៉ុន្តែ​គម្រោង​បំពាក់​ពិ​ដាន​ឈើ​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ នៃ​ប្រាសាទអង្គរវត្ត​នេះ នឹង​ដាក់​ដំណើរការ​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដែល​ជា​ដំណាក់កាល​ដំបូង​អាច​មាន​ទំហំ​ពី​៣​ទៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ក្បាច់​ទាំង​អស់នោះ​សរុប​មាន​ចំនួន​១០​ក្បាច់ ។ ប្រសិនបើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​នោះ គម្រោង​នេះ​នឹង​បន្ត​ទៅ​ទីតាំង និង​ប្រាសាទ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​រង​ការ​ខូចខាត​ដូច​គ្នា​នេះ​ដែរ ៕