លោក ម៉ម សូណងដូ ថា សកម្មជន​CNRP​រាប់ពាន់​ចូលរួម​ជាមួយ​បក្ស​ខ្លួន​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូ​ណង អះអាងថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រាប់ពាន់នាក់ បាននាំគ្នា​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្លួន ដោយសារតែ​ពួកគេ​អស់ជំនឿ នឹង​ការដឹកនាំ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា​។ តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មិន​ចាប់អារម្មណ៍​នឹង​ការលើកឡើង​នេះឡើយ​។ លោក អះអាងថា មានតែ​គណបក្ស​ខ្លួន​ទេ ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រាប់ពាន់នាក់ បាន​បាក់ចិត្ត​ងាក​មក​គាំទ្រ​និង​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​វិញ ដោយសារ​ពួកគេ​អស់ជំនឿ​ចិត្ត​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ នេះ​ជាការ​អះអាង​របស់លោក ម៉ម សូណងដូ ដែល​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​ខ្លួន​ជាច្រើន​ថ្ងៃ​កន្លងមកនេះ​។ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ បន្ថែមថា មូលហេតុ​ដែល​ពួកគេ​ចូលរួម​ជាមួយ​បក្ស​ខ្លួន ដោយសារតែ​លោក សម រង្ស៊ី និង​លោក កឹម សុខា គិតតែ​ពី​ផលប្រយោជន៍​បក្ស​ខ្លួន ដោយ​មិន​បានធ្វើ​អ្វី តាម​ការសន្យា​របស់ខ្លួន​កន្លងមក​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​ថ្មី​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅពេល​មាន​នេះ​មាន​ទាំង​ក្រុមប្រឹក្សា​ប្រតិបត្តិ​ខេត្ត​ក្រុង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ជាមួយ​គណបក្ស​យើង​ជា​បន្ដបន្ទាប់ ដូចជា​ទឹកបាក់​ទំនប់ ព្រោះ​ពួកគេ​មិន​ទុកចិត្ត​លោក សម រង្ស៊ី និង​លោក កឹម សុខា ទៀត​ទេ ដោយសារតែ​មេបក្ស​ប្រឆាំង​ទាំងពីរ​នេះ​ទៅ​ចូលរួម​ជាមួយ​បក្ស​ប្រជាជន ដើម្បី​អំណាច​តួនាទី​ពួកគេ ហើយ​មិនបាន​ដោះស្រាយ​បញ្ហាដីធ្លី និង​ប្រាក់ខែ​គេ​ដូច​ការសន្យា​នោះទេ​»​។​

​លោក ម៉ម សូណងដូ បាន​និយាយ​បែប​ចំអក​ទៅកាន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា នៅពេលនេះ​ប្រហែលជា​មេដឹកនាំ​គណបក្សប្រឆាំង​មួយ​នេះ កំពុងតែ​ភ័យ​ខ្លួន​ខ្លាច​បាត់បង់​អ្នកគាំទ្រ ហើយ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ទប់ស្កាត់​អ្នកគាំទ្រ​ខ្លួន​កុំ​ឲ្យ​បែកចិត្ត​ទៅ​គណបក្ស​ដទៃទៀត​ហើយ​មើលទៅ​។​

​ជុំវិញ​ពាក្យពេចន៍​ដែល​លោក ម៉ម សូណងដូ បាន​ចំអក​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ពេលនេះ ត្រូវបាន​លោក យឹម សុវណ្ណ ឆ្លើយតប​ជំនួស​មេបក្ស​ខ្លួន​វិញ​ថា គណបក្ស​លោក​មិន​ចាប់អារម្មណ៍​នឹង​សម្ដី​របស់លោក ម៉ម សូណងដូ ឡើយ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់ថា ការលើកឡើង​របស់លោក ម៉ម សូណងដូ គឺ​គ្រាន់តែ​ជាការ​បង្វែរ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យ​ងាក​ទៅ​គាំទ្រ​ខ្លួន​ប៉ុណ្ណោះ​។ លោក យឹម សុវណ្ណ អះអាងថា ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​គាំទ្រ​គណបក្ស​ខ្លួន ហើយ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយនេះ គឺ​មានតែ​បក្ស​ខ្លួន​ទេ ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ និង​ជា​ដៃគូ​ដ៏​ធំ​ក្នុងការ​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​«​យើង​មិន​ចំណាយពេល​ចាប់អារម្មណ៍​ជាមួយ​គណបក្ស​តូចៗ​ទាំង​នោះទេ​។​ព្រោះ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដែល​យើង​ចុះ​ជួប ពួកគេ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​គាំទ្រ​រាល់​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ខ្ញុំ​អះអាងថា​មានតែ​គណបក្ស​ពីរ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន ដែលជា​ដៃគូ​ប្រជែង​គ្នា ហើយ​ជាប់ឆ្នោត​នៅក្នុង​រដ្ឋសភា​»​។​នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ​។​

​អតីត​គណកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ស៊ុយ ដែល​បាន​ចូលរួម​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណងដូ នោះបាន​អះអាងថា ខ្លួន​បាន​ទាក់ទាញ​ចិត្ត​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំនួន​ជាង​២​ពាន់​នាក់​ហើយ នៅតាម​បណ្ដាល​ខេត្ត​មួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ និង​តាកែវ​ជាដើម​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​