Kerry អំពាវនាវប្រទេស ជាសម្ព័ន្ធមិត្ត អង្គការណាតូ ចូលរួមវាយប្រហារ ពួកឧទ្ទាមISIS

ប្រូសែល៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក លោក John Kerry នៅថ្ងៃពុធនេះ បានអំពាវនាវ ប្រទេសជាសម្ព័ន្ធមិត្ត អង្គការណាតូ បង្កើនការវាយប្រហារក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ព្រមទាំងបានលើក សរសើរចក្រភពអង់គ្លេស ដែលមានបំណង ចង់ចូលរួម ក្នុងការវាយប្រឆាំងក្រុមឧទ្ទាម ដែលមានមូលដ្ឋានក្នុងប្រទេស ស៊ីរី នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ សូមគាំទ្រការវាយប្រហារពួកឧទ្ទាមISIS ក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ លោកបន្តថា បច្ចុប្បន្នមានបណ្តាប្រទេស សម្ព័ន្ធមិត្តជាច្រើន ត្រៀមខ្លួនជាស្រេច ឬគ្រោងនឹងបង្កើនការចូលរួមចំណែកក្នុងការវាយប្រហារនេះ។

ជាមួយគ្នានេះដែរ លោកKerry បានលើកឡើងថា ប្រទេស រុស្ស៊ីអាចជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេស ស៊ីរី ដែលបានអូសបន្លាយអស់រយៈពេលជាងបួនឆ្នាំកន្លងមកនេះ៕

Kerry អំពាវនាវប្រទេស ជាសម្ព័ន្ធមិត្ត អង្គការណាតូ ចូលរួមវាយប្រហារ ពួកឧទ្ទាមISIS