ចោរ​ស្ទើរភ្លើង ឆក់​ទូរស័ព្ទ​ដៃ​ហើយ​ដួល​ម៉ូតូ ត្រូវ​ចាប់ខ្លួន​ម្នាក់ រត់​រួច​ម្នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​ទាញ​ម៉ូតូ​ដួល​ចាប់​ខ្លូ​ន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ខណៈ​ជិះ​ម៉ូតូ​មក​​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​៣​នាក់​បងប្អូន​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នី បញ្ញា​វុ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨៩៧​អឺ​សូន្យ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​ដែល​ត្រូវ​ចោរឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច​ឈ្មោះ ថូ នួនល្អង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-5253 មក​ពី​ដើរ​លេង​កោះ​ពេជ្រ​៣​នាក់​បងប្អូន​ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣០ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9604 បាន​មក​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 ពី​ដៃ តែ​ត្រូវ​នារី​រង​គ្រោះ​ទាញ​មក​វិញ​ក៏​ដួល​ម៉ូតូ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេច​ខ្លួន ក៏​ត្រូវ​បងប្រុស​របស់​នាង​ដែល​ជា​អ្នក​បើក​ម៉ូតូ​ចុះ​ពី​ម៉ូតូ​ទៅ​ទាញ​ម៉ូតូ​ដួល​ម្តងទៀត ក៏​ប្រតាយប្រតប់​គ្នា ដោយ​ចាប់​បាន​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ និង​វត្ថុ​តាង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នារី​រង​គ្រោះ​និង​បងប្អូន​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក​ដែរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ដាក់ទោស​ជនសង្ស័យ និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​បន្ត​ទៀត ៕