ចោរប្លន់​ម៉ូតូ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​១​ជា​ញឹកញាប់ សមត្ថកិច្ច​​ប៉ូលិស​លាក់​មិន​ឲ្យ​អ្នកកាសែត​ដឹង

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​២​នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​១​​ដឹក​ជន​រង​គ្រោះ​យក​មក​លាក់​ទុក​នៅ​សង្កាត់​ទឹកល្អក់​១​ទៅ​វិញ ​ព្រម​ទាំង​​លាក់បាំង​ព័ត៌មាន​មិន​ចង់​ឲ្យ​អ្នក​​ព័ត៌​មាន​ដឹង​ទៀត​ផង ដែល​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ នៅ​ក្រោយ​វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​លេខ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ភ្នាក់ងារ​ព័ត៌មាន​«​កោះសន្តិភាព​»​ជួប​សួរ​បាន​បន្តិច ហើយ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ហៅ​ចេញ​ទៅ​វិញ​បាត់​នោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ មាន​ម្នាក់​ឈ្មោះ សំ​រិ​ទ្ធ វី​រៈ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ត្រូវ​ជនសង្ស័យមួយ​​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​មក​ដល់​ចំណុច​ក្រោយ​សាលា ក៏​ត្រូវ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ម៉ាក DUKE ​២​គ្រឿង​មក​ដល់​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ស្រែក​ឡើយ ព្រោះ​ឃើញ​ជនសង្ស័យ​មាន​កាំភ្លើង ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ូលិស​ម្នាក់​បាន​ព្រលយ​ពាក្យ​ឲ្យ​ដឹង​ថា ការ​លាក់​មិន​ចង់​ឲ្យ​អ្នកកាសែត​ដឹង​ព័ត៌មាន​ស្តី​ពី​ការ​ប្លន់​នេះ​ដោយសារ​លោក​មេ​ប៉ុស្តិ៍​ទឹកល្អក់​១​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ ហើយ​ចេះ​តែ​មាន​ហេតុការណ៍​ប្លន់​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដូច្នេះ​ក៏​នាំ​គ្នា​ជួយ​លាក់​មិន​ឲ្យ​អ្នកកាសែត​ដឹង កុំ​ឲ្យ​ផ្សាយ​ទៅ​គេ​ដឹង​ថា ទឹកដី​ទឹកល្អក់​១​នេះ​មាន​មេ​ប៉ុស្តិ៍​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ តែ​សកម្មភាព​ប្លន់​កាន់តែ​កើត​មាន​កាន់តែ​ញឹកញាប់​ទៅ​វិញ ព្រោះ​ការ​លាក់​ព័ត៌មាន​មិន​ឲ្យ​អ្នកកាសែត​ដឹង​នេះ​មិនមែន​ទើបតែ​ម្តងនេះ​ទេ គឺ​ច្រើន​ដង​មក​ហើយ ៕