អ៊ីរ៉ាក់ បដិសេធ ជំនួយយោធា បរទេស បន្ទាប់ពីUS ប្រកាស បញ្ជូនកម្លាំង ពិសេសទៅអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ប្រទេស អ៊ីរ៉ាក់ បានបញ្ជាក់ថា ខ្លួនមិនត្រូវការកម្លាំង យោធាបរទេស ដើម្បីបង្ក្រាបក្រុម ឧទ្ទាមរដ្ឋឥស្លាមឡើយ ដែលសេចក្តីថ្លែង ការណ៍នេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេស អ៊ីរ៉ាក់ លោក Haider al-Abadi បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក មិនត្រូវការទ័ពជើងគោក របស់បរទេសក្នុងទឹកដីអ៊ីរ៉ាក់ឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន International Business Times ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីពិតជាបានស្នើ សុំបង្កើនជំនួយអាវុធ ការហ្វឹកហាត់ និងការឧបត្ថម្ភ ពីសំណាក់ដៃគូអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ាក់សូមបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនត្រូវការជំនួយទ័ព ជើងគោកសម្រាប់ការ វាយប្រហារនោះទេ។

ប្រភពដដែលបានបន្ថែមថា ខណៈដែលអ៊ីរ៉ាក់ស្វាគមន៍ រាល់ជំនួយឧបត្ថម្ភនានា ប៉ុន្តែយើងសូមសង្កត់ថា រាល់ការគាំទ្រ ឬប្រតិបត្តិការពិសេសណាមួយ អាចធ្វើសកម្មភាពក្នុងប្រទេសអ៊ីរ៉ាក់បាន ដរាបណាទទួលបានការ សម្រេចយល់ព្រម ពីរដ្ឋាភិបាល ដោយធ្វើកិច្ចសហការជាមួយកងកម្លាំងអ៊ីរ៉ាក់ និងគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។

សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក Ash Carter ទើបតែប្រកាសថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន នឹងបញ្ជូនកងកម្លាំងពិសេស ដើម្បីដាក់សម្ពាធបន្ថែមទៅលើក្រុម ជ្រុលនិយមក្នុងប្រទេសអ៊ីរ៉ាក់៕