ល្បែងទាញ ព្រ័តរបស់កូរ៉េ ត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌអរូបី របស់អង្គការ UNESCO

សេអ៊ូល៖ ល្បែងទាញព្រ័ត (tug-of-war) ដែលជាល្បែង ប្រជាប្រិយប្រពៃណីជាតិរបស់ប្រទេសកូរ៉េ ត្រូវបានគេដាក់ បញ្ជូលក្នុងបញ្ជី បេតិកភ័ណ្ឌអរូបីរបស់អង្គការ UNESCO នាថ្ងៃពុធនេះ រួមជាមួយនឹងល្បែងប្រពៃណីជាតិចំនួនបី របស់បណ្តាប្រទេស អាស៊ីដទៃទៀត នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ។

ល្បែងប្រជាប្រិយ និងក្បួនទំនៀមទម្លាប់ប្រពៃណីមួយចំនួន ត្រូវបានគេលើកកម្ពស់ បន្ទាប់ពីមានការស្នើរសុំពី សំណាក់ ប្រទេស កូរ៉េខាងត្បូង វៀតណាម កម្ពុជា និងហ្វីលីពីន ស្របពេលដែលអង្គការUNESCO ប្រកាសទទួលស្គាល់ ប្រពៃណីបុរាណរបស់មនុស្សជាតិ ដើម្បីថែរក្សាកេរ្ត៍ដំណែលវប្បធម៌អរូបី ក្នុងអំឡុងនៃសម័យប្រជុំលើកទី១០ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី Windhoek ប្រទេស Namibia។

សូមជម្រាបថា បន្ទាប់ពីការបញ្ជូលល្បែងប្រជាប្រិយនេះក្នុងបញ្ជី បច្ចុប្បន្នប្រទេស កូរ៉េខាងត្បូង មានបេតិកភណ្ឌអរូបី ប្រពៃណីបុរាណ រហូតដល់១៨ប្រភេទ ដែលត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការសហប្រជាជាតិ ក្នុងនោះរួមមាន «Kimjang» ជារបៀបនៃការផលិត និងចែករំលែកអាហារKimchi រួមគ្នានៅក្នុងប្រទេស កូរ៉េ និង«Nongak» ដែលជាតន្ត្រីបុរាណរបស់កូរ៉េ ដែលសម្តែងដោយកសិករ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីរបស់ UNESCO ក្នុងឆ្នាំ២០១៤៕