ការ​ចុះ​ចត​របស់​យន្ដហោះ នៅ​ក្រុង​មេនឆេស្ទ័រ ធ្វើ​ឲ្យ​លោះ​ព្រលឹង

រូបភាពនេះ ត្រូវបានថតជាប់ កាលពីថ្ងៃអាទិត្យមុន ស្ថិតនៅចុងម្ខាង នៃព្រលានយន្ដហោះ ក្រុង មេនឆេស្ទ័រ (Manchester) ប្រទេសអង់គ្លេស។ ប៉ុន្តែរូបភាព ធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ព្រឺព្រួច ជំនួសអ្នកជិះក្នុងយន្ដហោះ ទាល់តែមែនទែន។
ទិដ្ឋភាពព្រលឹងចុងសក់ នៃការចុះចតរបស់យន្ដហោះ អ៊ែរប៊ូស នៅនឹងព្រលានយន្ដហោះក្រុងមេឆេស្ទ័រ។

នៅប្រទេសអង់គ្លេស កាលពីសប្ដាហ៍កន្លងទៅ មានខ្យល់បោកបក់យ៉ាងខ្លាំង ជាពិសេសនៅពីលើទីក្រុង មេនឆេស្ទ័រ (ស្ថិតនៅភាគកណ្ដាល)។ ខ្យល់បក់ក៏ខ្លាំង រីឯយន្ដហោះ ក៏មានចំនួនច្រើន ដើម្បីធ្វើការ​ត្រៀម​ចុះ​ចត នៅនឹងព្រលាយន្ដហោះ ប្រចាំទីក្រុងនេះដែរ។

នៅក្នុងរូបភាពខាងលើនេះ គេឃើញយន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) កំពុងសំកាំងខ្លួន នៅនឹង​កំពស់មួយ ដើម្បីរងចាំឱកាស ឲ្យខ្យល់បានស្រាកស្រាន្ដបន្តិច នឹងអាលបន្ទាបខ្លួន។ តែបើគេតាមដាន មើល​រូបភាពនេះមួយសន្ទុះ ជាមួយនឹងល្បឿនខ្យល់បក់ មិនតិចជាង១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ គេច្បាស់​ជាមាន​អារម្មណ៍«លោះព្រលឹង» ជំនួសអ្នកជិះនៅក្នុងយន្ដហោះ មិនស្ទើរឡើយ។

ប៉ុន្តែរង់ចាំឲ្យខ្យល់ស្ងប់ មិនជាងាយស្រួលប៉ុន្មាន សម្រាប់ប្រទេសអង់គ្លេស ដែលស្ថិតនៅភាគខាងជើង នៃ​មហាសមុទ្រអាត្លង់ទិកនេះណាស់។ ដូច្នេះហើយ ទើបអ្នកបើកបរយន្ដហោះ មិនចង់ប្រថុយគ្រោះថ្នាក់ ហើយ​ត្រូវបង្ហោះយន្ដហោះ ឡើងទៅលើវិញ រួចបន្ទាប់មក បានបង្ហោះត្រឡប់ចុះឡើង ជាច្រើនសារ មុននឹងធ្វើការ​ចុះ​ចត បាន​សម្រេច​ជាស្ថាពរ៕