គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កំពុង​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​សហជីព

គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កំពុង​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​សហជីព

ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA) សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នេះ​ បាន​ទៅ​ដល់​សភាជាតិ​កាល​ពី​ថ្ងៃ​​ទី​​២៣​ ខែ​វិច្ឆិកា​ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​ គណៈកម្មការ​នីតិកម្ម​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​ ភ្នំពេញ—

សេចក្តី​ព្រាង​ច្បាប់​សហជីព​បាន​ទៅ​ដល់​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​ជាតិ​ កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​គ្មាន​ការ​កែប្រែ។​ នេះ​បើ​យោង​ទៅតាម​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​អ្នក​នាំ​ពាក្យរបស់​អ្នក​តំណាង​រាស្ត្រមក​ពី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា។​

សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នេះ​ បាន​ទៅ​ដល់​សភាជាតិ​កាល​ពី​ថ្ងៃទី​ ២៣​ ខែ​វិច្ឆិកា​ ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​ គណៈកម្មការ​នីតិកម្ម​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ សុខ ឥសាន​ អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ថ្លែងប្រាប់​ VOA ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​ត្រូវ​ដាក់​ឲ្យ​អនុម័ត​ដោយ​សភា​ជាតិ​ក្នុង​ពេល​ខាងមុខ​ បើ​ទោះ​ជា​មិន​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។​

«ច្បាប់​ណា​ដែល​អនុម័ត​ដោយ​សំឡេង​ ៥០​%​បូក​១​ គឺ​កូរ៉ុម​ក៏​៥០​% បូក​ ១​ដែរ​ ដូច្នេះ​វា​អត់​មាន​ទើស​ទាស់​អី​ទេ​ ពីព្រោះ​គណបក្ស​ប្រជា​ជន​ធ្វើ​ម៉េច​ឲ្យ​តែ​ចំនួន​ចូលរួម​ប្រជុំ​លើស​ពី​ ៥០​ បូក​ ១​ ៥០%​បូក​មួយ​ហ្នឹង​ គឺ​ថា​យើង​អាច​ប្រជុំ​បាន អា​ហ្នឹង​ទី​មួយ។​ ទី​ពីរ​ ការ​អនុម័ត​ច្បាប់​ហ្នឹង​គេ​យក​ ៥០​%​បូក​មួយ​ដែរ​ អញ្ចឹង​វា​អត់​មាន​ទាស់​អី​ទេ។​ ចំពោះ​ការណ៍​ដែល​ពហិការ​មិន​ចូលរួម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ អា​ហ្នឹង​ជា​រឿង​គាត់»។​

ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​ដល់ការ​ចង​ក្រង​សហជីព​នៅ​តាម​បណ្តា​រោង​ចក្រ​ និង​សហគ្រាស​ ទទួល​រង​ការ​រិះគន់​ពី​ក្រុម​សហជីព​ឯករាជ្យ​ខ្លះ​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​កម្មករ។​ តំណាង​និយោជក​ ក៏​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ​ ដោយ​ខាង​និយោជក​យល់​ថា​ ការ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ​១០​នាក់​ដើម្បី​បង្កើត​សហជីព​ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើស​លប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ។​

លោក ​យ៉ែម បុញ្ញឬទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកនាំ​ពាក្យ​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ ថ្លែង​ថា​ លោក​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​ថា​ ការ​ជួប​ប្រជុំ​គ្នា​មួយរបស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំងនឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៤​ ខែ​ធ្នូ​ខាង​មុខ​នេះ​ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ លោក​ពុំ​ទាន់​អាច​បញ្ជាក់​ពី​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​ប្រជុំ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ទេ។​

«ខ្ញុំ​បាន​ទទួល​សេចក្តីព្រាង​ច្បាប់​នោះ​មួយ​ច្បាប់​ដែរ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​គោល​បំណង​ប្រជុំ​ក្រុម​តំណាង​រាស្ត្រ​ដើម្បី​សិក្សា​ស្តី​ពី​សេចក្តី​ព្រាងច្បាប់​នេះ​ដែរ»​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣.២១៤ ​ដែល​កំពុង​ចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ក៏ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួយ​កម្មករ៕