“លេង” និង “ប្រើ” ខុស​គ្នា​ អ្នក​ជំនាញ​ប្រាប់​ពី​គន្លឹះ​​​បន្ថែម​ការ​កម្សាន្ត​លើ Facebook

“លេង” និង “ប្រើ” ខុស​គ្នា​ អ្នក​ជំនាញ​ប្រាប់​ពី​គន្លឹះ​​​បន្ថែម​ការ​កម្សាន្ត​លើ Facebook

ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេកបុក តែង​តែ​ទទួល​បាន​ចំណេះ​ដឹង​ទូទៅ និង​អាច​ដឹង​ពី​គន្លឹះ​ជា​ច្រើន​រួច​មក​ហើយ និង​អាច​មាន​គណនី​ដល់​ទៅ​ពីរ ឬ លើស​ពី​នេះ​ទៀត ប៉ុន្តែ​បើ​ការ​ប្រើ​ដោយ​គ្មាន​ការ​ការពារ​ទេ​នោះ នឹង​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ខាង​ក្រោម​នេះ​ជា​គន្លឹះ ១០ ចំណុច​ដែល​យុវវ័យ​គួរ​ដឹង​បន្ថែម ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ពេល​ប្រើ។

 

“លេង” និង “ប្រើ” ខុស​គ្នា​ អ្នក​ជំនាញ​ប្រាប់​ពី​គន្លឹះ​​​បន្ថែម​ការ​កម្សាន្ត​លើ Facebook

 

លោក ខាន់ រឹទ្ធីយ៉ា ជា​អ្នក​ចូល​ចិត្ត​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ព័ត៌មាន និង​ជា​វាគ្មិន​​មួយ​រូប​ដែល​បាន​ចែករំលែក​ក្នុង​វេទិកា​បារខែម​កន្លង​មក​នឹង​ប្រាប់​ពី​គន្លឹះ​ទាំង ១០ ចំណុច​ពី​ការ​កម្សាន្ត​ជាមួយ Faceook នេះ​ដល់​ប្រិយមិត្ត​ដើម្បី​សិក្សា​ស្វែង​យល់។

 

១/ ពាក្យ​ថា “លេង” និង “ប្រើ ” ខុស​គ្នា

 

ពាក្យ​​ទាំង​ពីរ​នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​ពេញ​និយម​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ប្រិយមិត្ត​មិន​ច្រើន​ទេ ដែល​អាច​ចែក​និយម​ន័យ​ពាក្យ​ទាំង​ពីរ​នេះ​ឲ្យ​ដាច់​ពី​គ្នា​បាន ពាក្យ​​ទាំង​ពីរ​នេះ​មាន​ន័យ៖

“លេង​ហ្វេកបុក” សំដៅ​ដល់​ការ​ជក់​ចិត្ត ដិត​អារម្មណ៍​នឹង​បណ្តាញ​សង្គម​មួយ​នេះ រហូត​គ្មាន​ពេល​សម្រាក។
“ប្រើ​ហ្វេកបុក” សំដៅ​ដល់​ការ​ប្រើ​ដោយ​មាន​ពេល​វេលា​កំណត់ និង​មាន​ប្រយោជន៍។

 

២/ គ្រោះថ្នាក់​ជាយថាហេតុ

 

ហ្វេកបុក អាច​ជា​កន្លែង​គ្រោះថ្នាក់​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​បង្ហោះ​រូប​ភាព​ញឹកញាប់​ពេក ដោយ​ប្រាប់​គេ​ពី​កន្លែង​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ។ ឧទាហរណ៍៖ ធ្លាប់​មាន​ករណី​រំលោភ​ហើយ​សម្លាប់ កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​សារ​គាត់ Check in ប្រាប់​គេ​ពី​កន្លែង​ដែល​គាត់​កំពុង​ស្ថិត​នៅ។

 

៣/ ងាយ​រង​ការ​វាយ​ប្រហារ (Hacking)

 

ហ្វេកបុក ជា​មុខ​សញ្ញា​ទី​មួយ​ដែល​ក្រុម Hacker ទូទាំង​ពិភពលោក​ព្យាយាម​ពី ៦០ ម៉ឺន​ទៅ ១ លាន​ដង​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ទិន្នន័យ​កាល​ពី​ឆ្នាំ ២០១៤។

 

៤/ គណនី​ក្លែង​ក្លាយ (Fake account)

 

ហ្វេកបុក អាច​អនុញ្ញាត​ឲ្យ​​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​អាច​បង្កើត​គណនី​មួយ​បាន ដូច​នេះ យុវវ័យ​ណា​ក៏​មាន​សិទ្ធ​បង្កើត​បាន​ដែរ នេះ​ហើយ​ដែល​ជា​កន្លែង​គ្រោះ​ថ្នាក់​មួយ ព្រោះ​អ្នក​បង្កើត​គណនី​ក្លែង​ក្លាយ​នឹង​មាន​បំណង​អាក្រក់​ណាមួយ​ជា​មិន​ខាន។

 

៥/ ជន​ឱកាស​និយម

 

ហ្វេកបុក ជា​បណ្ដុំ​មនុស្ស​ទូទាំង​ប្រទេស រួម​ទាំង​ល្អ​នឹង​អាក្រក់ ដែល​កំពុង​តាម​ដាន​សកម្មភាព​របស់​យើង​រាល់​ថ្ងៃ។ ឧទាហរណ៍៖ គ្រួសារ​មួយ​មាន​ដំណើរ​កម្សាន្ត​ទៅ​ក្រុង​ព្រះសីហនុ ហើយ​ពួក​គាត់ Check in ប្រាប់​គេ នោះ​ហើយ​ជា​ឱកាស​ដែល​ជន​ខិល​ខូច​អាច​ចូល​ទៅ​លួច​របស់​ក្នុង​ផ្ទះ បាន​ដោយ​ងាយ។

 

៦/ ការ​វាយ​ប្រហារ​ដោយ​មេរោគ​ប្លែកៗ

 

ហ្វេកបុក តែង​តែ​មាន​សារ​ចម្លែកៗ ផ្ញើ​មក ទាំង​នោះ​មិន​មែន​ជា​សារ​មក​ពី​ក្រុមហ៊ុន Facebook នោះ​ទេ ប៉ុន្តែ​វា​ជា​ Spam (គឺ​ជា​ការ​បង្ហោះ​សារ​ដដែលៗ ទទូច​ឪ្យ​មាន​ការ​មើល​ជា​ដាច់ខាត) តំណ​ភ្ជាប់​វិបសាយ ឬ Link ក្លែង​ក្លាយ​របស់​ក្រុម​វាយ​ប្រហារ ក្នុង​គោល​បំណង​អាក្រក់​ណាមួយ។

 

៧/ ប្រភព​ព័ត៌មាន

 

ហ្វេកបុក ជា​បណ្ដុំ​ចំណេះដឹង​ទូទៅ និង​ជា​ប្រភព​ព័ត៌មាន​មួយ​នា​យុគ​សម័យ​ថ្មី​នេះ ដូច​នេះ​ប្រិយ​មិត្ត​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ពី​ព័ត៌មាន​ទាំង​នោះ ថា​មាន​ប្រភព​មក​ពី​ណា? ឧទាហរណ៍៖ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ការ​ក្លែង​ព័ត៌មាន​ពី​ការ​វាយ​ប្រហារ​នៅ​ប្រទេស​បារាំង ដោយ​ក្រុម​ភេរវជន។

 

៨/ វិធីសាស្ត្រ​ដាក់ Password

 

ហ្វេក​បុក ក៏​ដូច​បណ្តាញ​សង្គម​ដទៃ​ទៀត​ដែរ តែង​តែ​តម្រូវ​ឲ្យ​មាន​គណនី​ផ្ទាល់​ខ្លួន​មួយ ដើម្បី​រក្សា​ឯកជន​ភាព ដោយ​ឡែក​ការ​ដាក់​ពាក្យ​សម្ងាត់(Password) ត្រូវ​តែ​ប្រាកដ​ថា ងាយ​ចាំ និង​ងាយ​សរសេរ ជៀស​វាង​ដាក់​ឈ្មោះ​និង លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន។

 

៩/ Friend ច្រើន​ពេក

 

ហ្វេក​បុក តម្រូវ​ឲ្យ​យើង​មាន Friend ច្រើន​បំផុត ៥០០០ នាក់។ ការ​ដែល​មាន Friend ច្រើន​ពេក ហើយ​យើង​មិន​ដឹង​ពី​អត្តសញ្ញាណ​គេ នោះ​ហើយ​ជា​គ្រោះ​ថ្នាក់។

 

១០/ ជា​គ្រឿងញៀន

 

ហ្វេកបុក ប្រសិន​បើ ប្រើ​ច្រើន​ម៉ោង​ពេក​អាច​និយាយ​បាន​ថា ជា​ការ​ញៀន​ហើយ ព្រោះ​វា​ប៉ះ​ពាល់​ដល់​ពេល​វេលា និង​សតិ​អារម្មណ៍។

 

តើ​ប្រិយមិត្ត​ចូល​ចិត្ត​ប្រើ Facebook ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ?

 

“លេង” និង “ប្រើ” ខុស​គ្នា​ អ្នក​ជំនាញ​ប្រាប់​ពី​គន្លឹះ​​​បន្ថែម​ការ​កម្សាន្ត​លើ Facebook

អត្ថបទ៖ រក្សា

នាំមកជូនដោយ

“លេង” និង “ប្រើ” ខុស​គ្នា​ អ្នក​ជំនាញ​ប្រាប់​ពី​គន្លឹះ​​​បន្ថែម​ការ​កម្សាន្ត​លើ Facebook