ឃុំខ្លួន​តំណាង​3​នាក់ អ្នក​ភូមិ​ផ្ទុះ​កំហឹង​សម្រុកចូល​ពេញ​សាលាដំបូង

ឃុំខ្លួន​តំណាង​3​នាក់ អ្នក​ភូមិ​ផ្ទុះ​កំហឹង​សម្រុកចូល​ពេញ​សាលាដំបូង

ខេត្តរតនគិរី ៖ ការ​ខឹងសម្បា​ចំពោះ​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​ខេត្ត បាន​ផ្ទុះ​ទ្បើ​ង​ដែល​មិន​ធ្លាប់​មាន ដោយ​ក្រុម​អ្នក​ភូមិ​ប្រមាណ​១៥០​នាក់ មាន​ប្រុស​មាន​ស្រី​បាន​សម្រុកចូល​ទាំង​ថ្ងៃ ទៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ត​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​តំណាង​៣​នាក់ ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ក្នុង​ជម្លោះដីធ្លី​ដ៏
រ៉ាំរ៉ៃ​មួយ នៅ​ភូមិបរ​ទ្ប​យ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ។
តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យ​ដឹង​ថា បាតុភាព​ដែល​កើត​មាន​នេះ បាន​ផ្ទុះ​ទ្បើ​ង​នៅ​រសៀល​ថ្ងៃ​ទី​២ ធ្នូ ខណៈ​អ្នកតំណាង​ទាំង​៣​នាក់ បាន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ ក៏​ត្រូវ បង្គាប់​ឱ្យ​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ ។ ការ​សម្រេច​របស់​តុលាការ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​ទ្បើ​ង​នូវ​កំហឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកគ្នា​មក​តាម និង​ឈរ​ត្រៀបត្រា​នៅ​មុខ​អគារ​សាលាដំបូង ក៏​នាំ​គ្នា​ស្ទុះ​ចូល​ពេញ​តែ​ម្តង ។
អ្នកតំណាង​របស់​ពួក​គាត់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​៣​នាក់ គឺ​១-​ឈ្មោះ សូត សឿ​ន ២-​ឈ្មោះ ជ្រឹង ទូច និង​៣-​ឈ្មោះ ឯម ចាន់ ។
តាម​ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក ដែល​បាន​មក​តាម​តំណាង​នេះ បានឱ្យ​ដឹង​ថា ពួក​គាត់​ជា​អ្នក​ភូមិ​មាន​ជម្លោះដីធ្លី​ជាមួយ​លោក ហ៊ា​ង សុ​ជាតិ ជា​អាជីវករ នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ពួក​គាត់​បាន​នាំ​គ្នា​មក​ស្តាប់​សវនាការ ។ ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ថា តុលាការ​សម្រេច​ក្តី​លម្អៀង ទើប​អ្នកតំណាង​ទាំង​៣​នាក់​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកទោស ។ ពេល​ដឹង​ថា តុលាការ​សម្រេច​ឱ្យ​មានការ​ចាប់​ឃុំខ្លួន​អ្នកតំណាង​ទាំង​៣​នាក់​បែប​នេះ កំហឹង​ក៏​បាន​ផ្ទុះ​ទ្បើ​ង ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​បរិវេណ​សាលាដំបូង​ព្រម​គ្នា ដោយ​គ្មាន​អ្នក​ណា​ម្នាក់​អល់អែក​ឡើយ ។
ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ពលរដ្ឋ​ទាំងនោះ​មិន​ដកថយ​ទេ និង​បាន​នាំ​គ្នា​ស្រែក​ជេរ​ដល់​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​រុញ​ទ្វាររបង​ដែក​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ​ដួល​រលំ​ទាំង​ផ្ទាំង ក្នុង​បំណង​រំដោះ​តំណាង​ពួក​គាត់​ទាំង​៣​នាក់​ពី​សមត្ថកិច្ច ។ ប៉ុន្តែ​ការ​ប៉ងប្រាថ្នា​របស់​ពួក​គាត់​មិន​បាន​ទទួល​ជោគជ័យ​ទេ គឺ​បាន​ត្រឹមតែ​ឈរ​ស្រែក​ជេរ​កប់​ៗ​មាត់ ជេរ​អត់​អាសូរ​យ៉ាង​ខ្លាំង អស់​រយៈពេល​ជាង​មួយ​ម៉ោង ។
នៅ​រសៀល​ថ្ងៃ​ដដែល លោក គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​កម្លាំង​មក​អន្តរាគមន៍ និង​លើក​របង​ដែក ដែល​ប្រជាពលរដ្ឋ​រុញ​ដួល​រលំ​នោះ ដាក់​បាំង​ទ្បើ​ង​វិញ ការពារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​សម្រុកចូល​បន្ត​ទៀត ។
ទោះបីជា​បែប​ណា ទាំង​សមត្ថកិច្ច​ដែល​ទៅ​ធ្វើ​អន្តរាគមន៍ និង​ប្រជាពលរដ្ឋ​មិន​បាន​ប្រើ​អំពើ​ហិង្សា​ឱ្យ​មាន​របួស​ស្នាម​នោះ​ទេ ។ អ្នកស្រុក​បាន​ស្រែក​គំរាម​ខ្លាំង​ៗ​ថា បើសិនជា​គ្មាន​ការ​ដោះ​លែង​អ្នកតំណាង​ទាំង​៣​នាក់​នោះ​ទេ ពួក​គាត់​គំរាម​បន្ត​ធ្វើ​សកម្មភាព​បិទផ្លូវ និង​គំរាម​វាយ​កម្ទេច​កន្លែង​តុលាការ​ឱ្យ​អស់ ។
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​ទប់ស្កាត់​បាតុភាព​នេះ បាន​និយាយ​ថា ជម្លោះដីធ្លី​ខាងលើ​កើត​មាន​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ហើយ​សមត្ថកិច្ច​កោះហៅ​បាន​ចំនួន​២​លើក​ហើយ ។ លើក​មុន​ប្រជាពលរដ្ឋ​មក​ច្រើន​ដូច​គ្នា​ដែរ តែ​មិន​ផ្ទុះ​កំហឹង​ដូច​លើក​នេះ​ទេ ដោយសារ​មិន​មានការ​ចាប់ខ្លួន​អ្នកតំណាង ។
ជុំវិញ​ករណី​ខាងលើ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តុលាការ​បាន​ទេ ចំពោះ​ការ​ចាប់ខ្លួន​តំណាង​៣​នាក់​នោះ ដោយសារ​តែ​មន្ត្រី​តុលាការ និង​បុគ្គលិក បាន​ចែកផ្លូវ​គ្នា​ដាក់​មេ​ប្រូច គេចខ្លួន​អស់ ពេល​ផ្ទុះ​បាតុភាព​តវ៉ា​ដោយ​កំហឹង​នោះ ។
រហូត​ដល់​ម៉ោង​៥​កន្លះ​រសៀល ថ្ងៃ​ទី​២ ធ្នូ ដដែល ក្រោយ​ពី​ដើរ​រុករាន​ស្ទើរ​គ្រប់​បន្ទប់​នៅ​ក្នុង​អគារ​សាលាដំបូង រក​មិនឃើញ​តំណាង​របស់​ខ្លួន អ្នកស្រុក​ទាំងអស់​បាន​ក្រាញននៀល​មិន​ចេញ​ទៅ​ណា​ទេ ។ បន្ទាប់​មក កម្លាំង​ដែល​ទៅ​អន្តរាគមន៍​បាន​ដេញ​អ្នក​តវ៉ា​ទាំងនេះ​ឱ្យ​ចេញ​ក្រៅ​បរិវេណ​ទាល់តែ​អស់ ហើយ​ការពារ​លែងឱ្យ​ចូល ។ ចំណែក​អ្នក​ភូមិ​ក៏​មិន​ទៅ​ណា​ដែរ ខ្លះ​នាំ​គ្នា​ក្រាល​ផ្ទាល់​ដី ខ្លះ​ចង​អង្រឹង​ដេក​នៅ​រង់ចាំ​មុខ​សាលាដំបូង​តែ​ម្តង ។ ចំណែក​ជន​៣​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ចេញ​តាម​ទ្វារ​ក្រោយ​យក​ទៅ​ដាក់​ពន្ធនាគារ​បាត់​ទៅ​ហើយ ដែល​អ្នក​តវ៉ា​មិន​បានដឹង​ទេ ៕