ឃាតករ​រត់​ចូល​រថយន្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត

ឃាតករ​រត់​ចូល​រថយន្ត​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត

ខេត្តកំពង់ចាម ៖ ទីបំផុត ជន​កំណាច​ដែល​បាន​កាប់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​លើ​ឪពុក​ម្ដាយក្មេក ប្រពន្ធ​និង​កូន​ទាំង​២​នាក់​របស់​ខ្លួន បណ្ដាល​ឱ្យ​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់​នោះ បាន​រត់​ចូល​រថយន្ត​ធ្វើ​អត្តឃាត​បាត់​ទៅ​ហើយ ។
ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ដែល​ប្រហែលជា​ព្រលឹង​អ្នក​ស្លាប់​បាន​អន្ទង​ឃាតករ​ឱ្យ​រត់​ចូល​រថយន្ត​បុក​ខ្ទេច​ក្បាល​ស្លាប់ នៅ​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១ ខែធ្នូ នៅ​លើ​ផ្លូវលំ​មួយ​ក្នុងភូមិ​វាល​ធំ ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​ត្រូវ​បាន​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ចុះ​ទៅ​ពិនិត្យ​សព​ទាំង​យប់​ផង​ដែរ ។
ស្នងការ​រង​នគរបាល​ខេត្ត លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ថ្លែង​ថា ក្រោយ​ពី​មាន​អំពើ​មនុស្សឃាត​ដ៏​សាហាវ​ពី​សំណាក់​បុរស​ឈ្មោះ អេ​ង ធី ដែល​បាន​កាប់​ប្រហារ​ប្រពន្ធ កូន និង​ម្តាយក្មេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ នៅ​ក្នុងភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត រួម​នឹង​ការិយាល័យ​បច្ចេកទេស ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​តាម​ចាប់​ឃាតករ​ដៃ​ឆៅ​ដ៏​កំណាច​នោះ ។
 លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ​រូប​លោក​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​យាម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅផ្ទះ​បុណ្យសព ព្រោះតែ​ក្រុម​គ្រួសារ​រង​គ្រោះ​មានការ​ភិតភ័យ​ខ្លាច​ជន​នោះ​មក​កាប់​ប្រហារ​បន្ត​ទៀត​លើ​សមាជិក​ក្រុម​គ្រួសារ ដែល​អាច​ជា​ការ​ប៉ុនប៉ង​ផ្តាច់ជីវិត​មួយ​ពូជ ។ 
កម្លាំង​សមត្ថកិច្ច ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ច្រកល្ហក​ទាំង​ក្នុងភូមិ​និង​ក្រៅ​ភូមិ ដើម្បី​តាម​ឃ្លាំមើល​ឃាតករ​ឈ្មោះ អេ​ង ធី ដែល​អាច​បង្ហាញមុខ​ជាយថាហេតុ ។ ចាប់តាំងពី​ពាក់កណ្ដាល​អធ្រាត្រ​ក្រោយ​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា សមត្ថកិច្ច​មិន​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​រត់គេច​នោះ​នៅឡើយ​ទេ  ហើយ​លោកស្នងការ​ក៏​បាន​ប្រកាស​តាម​ចាប់ខ្លួន​ជន​នេះ​ដែរ ក្រោម​កិច្ចសហការ​ជាមួយនឹង​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម  ។ 
តាម​តម្រុយ​ដែល​ទទួល​បាន​ចុង​ក្រោយ​ថា ឃាតករ​រូប​នេះ​បាន​រត់គេច​សំដៅ​ចូល​ទៅ​ខេត្តកំពង់ធំ ហើយ​កម្លាំង​នគរបាល​ខេត្តកំពង់ធំ  ក៏​បាន​បើក​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​សមត្ថកិច្ច​កំពង់ចាម  ដោយ​បាន​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក​ដើម្បី​ប្រមាញ់​ឃាតករ ប្រសិនបើ​ឃើញ​ជន​នោះ​នៅ​ទីណា​ក៏​ដោយ ។ ដោយឡែក កងកម្លាំង​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់​ស្រ​ស្រាំ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ ។
លោកស្នងការ​រង ហេង វុ​ទ្ធី បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១ ខែធ្នូ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មក​ថា មាន​បុរស​ម្នាក់​មាន​ភិនភាគ​ដូច​ជា​ឃាតករ ត្រូវ​បាន​រថយន្ត​បុក​ខ្ទេច​ក្បាល​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​អ្នក​ភូមិ​ដែល​ទៅ​ចោមរោម​មើល​មិន​មាន​អ្នក​ណា​ម្នាក់​ស្គាល់​ច្បាស់​ទេ ។ បន្ទាប់​មក​ទៀត ក៏​ឱ្យ​សាច់ញាតិ​និង​ក្រុម​អ្នក​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ ចេញ​ទៅ​១​រថយន្ត​ទៀត​មាន​គ្នា​ចំនួន​៨​នាក់ ដើម្បី​ទៅ​ពិនិត្យ​ក៏​បាន​ស្គាល់​ច្បាស់​ថា ពិតជា​ឈ្មោះ អេ​ង ធី តាម​រយៈ​ភិនភាគ​ចាក់​សាក់ និង​សម្លៀក​បំពាក់​។ បន្ទាប់​ពី​ច្បាស់​ថា ជា​សព​របស់​ឃាតករ​នោះ​ហើយ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​ឱ្យ​ចុះ​ទៅ​ពិនិត្យ​សព​ទាំង​យប់ ដើម្បី​ផ្ដិត​យក​ខ្ចៅដៃ​របស់​សព​ទៅ​ធ្វើ​កោសល្យវិច័យ​បន្ថែម​ទៀត​នៅ​ក្រសួងមហាផ្ទៃ ។
បច្ចុប្បន្ន លោក ស្វាយ សា​ខន ជា​ឪពុកក្មេក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គគីរ​ធំ ស្រុក​ចំការលើ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តែ​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ជួយ​ស្រោចស្រង់​ជីវិត​របស់​លោក ។
សាច់ញាតិ​អ្នក​រង​គ្រោះ​និយាយ​ថា សព​ទាំង​៤​នាក់​ដែល​រង​ការ​កាប់​ប្រហារ​នោះ​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​តាម​ប្រពៃណី នៅ​វត្ត​ព​ព្រេង កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ក្នុង​ភាព​ខ្លោចផ្សា​ក្នុង​ចិត្តជា​ទីបំផុត ។
ការ​ស្លាប់​របស់​ជន​ជា​ឃាតករ​ដោយ​រថយន្ត​បុក​ខ្ទេច​ក្បាល​នេះ មិន​មាន​អ្នក​ណា​ម្នាក់​បានឃើញ​ទេ តែ​ពិត​ណាស់​ដែល​ថា ជន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ជីវិត​មនុស្ស​ដែល​ជា​ក្រុម​គ្រួសារ​របស់​ខ្លួន តំណក់ឈាម​ដែល​ហូរ​ជោក​ខ្លួនប្រាណ​ជន​រង​គ្រោះ​គឺ​ក្ដៅ​ណាស់ ទោះបីរ​ត់ទៅ​ដល់​ជើងមេឃ​ក៏​គេច​មិន​ផុត​ពី​វិប្បដិសារី​ដែរ ហើយ​គឺ​មាន​តែ​ការ​បញ្ចប់ជីវិត​របស់​ខ្លួន​ដើម្បី​ទៅ​សុំ​ទោស​អ្នក​ដែល​ស្លាប់​ទេ ទើប​អ្វី​ៗ​ស្ងប់​បាន ។
គួរ​រំឭក​ថា នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២​កន្លង​មក ក៏​ធ្លាប់​មាន​បុរស​ម្នាក់​ឈ្មោះ ជ្រិ​ន ជ្រា​ន អាយុ​៣៤​ឆ្នាំ កើតរោគ​សរសៃប្រសាទ យក​កាំបិត​ក្ងុក​កាប់​ប្រហារ​មនុស្ស បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​៣​នាក់​យ៉ាង​អាណោចអាធ័ម ក្នុង​នោះ​មានកូន​របស់​ខ្លួន​ចំនួន​២​នាក់ ត្រូវ​បាន​កាប់​ដាច់​.​ក​គួរ​ឱ្យ​រន្ធត់​បំផុត ៕