ជីវភាព​ក្រីក្រ រំដួល ដាច់ចិត្ត​រកស៊ី​លក់ខ្លួន​

Sanofi

​ភាព​ទីទ័លក្រ​ជា​កត្តា​ចម្បង​ដែល​នាំ​ផ្លូវ​មនុស្ស​ឲ្យ​ធ្លាក់​ក្នុង​ជីវិត​ដ៏​អួអាប់ គ្មាន​រស្មី គ្មានអ្វី​ជា​ក្ដីសង្ឃឹម​ទៅ​ថ្ងៃ​អនាគត ។ ដោយសារតែ​ភាព​ទីទ័លក្រ មិនមាន​ការងារ​ធ្វើបាន​នាំ​ឲ្យ​ជីវិត​នារី​ម្នាក់​ប្រែប្រួល​អស់​គ្មាន​សល់​ដើម្បី​តែ​ក្រពះ​ប្រចាំថ្ងៃ នាង​បាន​សម្រេចចិត្ត​ប្រកប​របរ​រកស៊ី​លក់ខ្លួន​នៅ​ម្តុំ​រមណីយដ្ឋាន​វត្តភ្នំ ។ នារី​ដែលជា​តួអង្គ​នៅក្នុង​រឿងនេះ​ត្រូវបាន​អ្នកនិពន្ធ​របស់​យើង​ដាក់ឈ្មោះ​ឲ្យ​ថា រំដួល ។ ជា​រៀងរាល់ថ្ងៃ រំដួល តែងតែ​តុបតែង​ខ្លួន​យ៉ាង​ស្អា​តទៅ​អង្គុយចាំ​ទាក់​ម៉ូយ​នៅ​ម្តុំ​វត្តភ្នំ ហើយ​កម្រៃ​ដែល​បានមកពី​ការលក់ខ្លួន​នាង​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុងតែ​ជួប​ការលំបាក ។

ស្ថិតក្នុង​វ័យ ២៥ ឆ្នាំ ជាមួយនឹង​រូបរាង​ស្ដើង សក់វែង ពាក់មួក និង បិទ​ម៉ា​ស់មុខ​យ៉ាង​ជិត ស្លៀកពាក់​មិន​សិច​ស៊ី មិន​ឆើតឆាយ កែវភ្នែក​សម្លឹង​ទៅរក​ភ្ញៀវ ក្រោម​ពន្លឺព្រះអាទិត្យ​ដែល​កំពុង​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់ ។ អង្គុយ​លើ​បង់​ចាស់​មួយ​ដែល​ហើរ​ពណ៌ បាក់បែក​ផ្នែក​ខ្លះ​នៃ​ក្ដារ​អង្គុយ អមដោយ​សួនច្បារ​ដែលមាន​ស្មៅ​ពណ៌​បៃតង និង រុក្ខជាតិ​តូចធំ​ទាំងឡាយ​នៅលើ​សួនច្បារ រំដួល បាន​រៀប រាប់​ប្រាប់​អ្នកយកព័ត៌មាន​របស់​«​ប្រជាប្រិយ​»​ថា «​នេះ​ជា​ទម្លាប់​របស់ខ្ញុំ​ទៅហើយ ដើម្បី​ចាំ​ភ្ញៀវ​មករក​ខ្ញុំ​ស៊ាំ​ហើយនឹង​ធ្វើបែបនេះ​ស៊ាំ នឹង​ភ្នែក​អ្នក​ទាំងឡាយ ដែល​គេ​សម្លឹងមើល​មក​ខ្ញុំ តែ​ខ្ញុំ​ត្រូវតែ​ធ្វើបែបនេះ ព្រោះ​បើ​មិន​រង់ចាំ​បែបនេះ​ទេ​ច្បាស់​ជា​គ្មាន​បាន សូម្បី​តែមួយ​ម៉ូយឡើយ ។

ខ្ញុំ​មកពី​ខេត្តតាកែវ ហើយ​គ្រួសារ​របស់ខ្ញុំ​សុទ្ធតែជា​កសិករ ខ្ញុំ​មាន​បងប្អូន​ចំនួន ៤ នាក់ ហើយ​ខ្ញុំ​ជា​កូនពៅ​នៅក្នុង​គ្រួសារ ។ កាលពី​នៅ​តូច​ខ្ញុំ​ធា្ល​ប់រៀន​ដល់​ថ្នាក់​ទី ៥ ដែរ តែដោយសារ​ជីវភាព​គ្រួសារ​លំបាក​ពេក ខ្ញុំ​ក៏​ចេញពី​ស្រុក​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​នឹង​គេ ហើយ​ធ្វើ​ការងារ​ក្នុង​រោងចក្រ​មួយ​នៅ​ភ្នំពេញ​នេះ​»​។នៅពេល​សួរថា ធ្លាប់មាន​គ្រួសារ​ទេ ? រំដួល បាន​ធ្លាក់​ទឹកមុខ ហើយ​និយាយ ដោយ​សំឡេង​អួលដើមក​ថា « ខ្ញុំ​ធ្លាប់មាន​ប្ដី​ម្នាក់ តែដោយសារ​គាត់​ប្រើ​គ្រឿង ញៀន មិន​ជួយ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ខ្ញុំ​ក៏​លែង​គ្នា​តែម្ដងទៅ ។ ក្រោយ​លែង​គ្នា ខ្ញុំ​កាន់តែ​លំបាកទៅៗ ខ្វះ​អង្ករ ខ្វះ​ម្ហូប ខ្វះមុខខ្វះក្រោយ ត្រូវ​មើលថែ​កូន​ពីរ​នាក់ ប្រុស​មួយ ស្រី​មួយ តែម្នាក់ឯង​ទៀត ហើយ​ប្រាក់ខែ​រោងចក្រ​ស៊ូ​មិន​រួច​ថ្លៃទឹកដោះ​គោ​កូន ហើយ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ខ្ញុំ​ក៏​សម្រេចចិត្ត​មក​ធ្វើជា​នារី​រកស៊ី​តែម្ដង ដោយមាន​មិត្តភក្ដិ​នៅ​ម្ដុំ​ផ្ទះជួល​ជាមួយគ្នា​ជា​អ្នក​ណែនាំ ។

សព្វថ្ងៃ​ខ្ញុំ​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​ពោធិ៍ចិនតុង ដោយ​ទុក​កូន​ពីរ​នាក់​ឲ្យ​ម្ដាយ​ចាស់​នៅផ្ទះ​ជា​អ្នកមើលការខុសត្រូវ ហើយ​ខ្ញុំ​ចេញមក​ធ្វើ​ការងារ​នេះ​ដើម្បី​យកប្រាក់​កម្រៃ​ជួយ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ » ។ ពេល​និយាយ​ដល់​រឿង​រកស៊ី​លក់ខ្លួន រំដួល បាន​សើច​តិចៗ ដោយ​នាង​និយាយ​បណ្ដើរ ងាកឆ្វេង​ងាកស្ដាំ​រក​អតិថិជន​បណ្ដើរ​ថា « ខ្ញុំ​មករក​ម៉ូយ​នៅទីនេះ តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់ បាន​ឬ​មិនបាន​ខ្ញុំ​ទៅផ្ទះ​វិញ​ហើយ ព្រោះ​ផ្ទះជួល​នៅ​ឆ្ងាយ ហើយ​ពេលយប់​ខ្ញុំរ​កមួយៗ​ដែរ​នៅ​ពោធិ៍ចិនតុង ។ បើ​និយាយ​រឿង​ម៉ូយ​វិញ ក្នុង​មួយថ្ងៃ​ខ្ញុំ​រកបាន​ភ្ញៀវ​ម្នាក់ ឬ ពីរ​នាក់​ដែរ ហើយ​ថ្ងៃ​ខ្លះ​អត់​សោះ​ក៏មានដែរ ។ ពេល​ទៅជា​មួយ​ភ្ញៀវ​ម្ដងៗ ខ្ញុំ​អាច​បាន​ពី ៣០ ០០០ រៀល ទៅ ៤០ ០០០ រៀល អាស្រ័យទៅលើ​ទឹកចិត្តរ​បស់​ភ្ញៀវ ដែលមាន​សន្តាន​ចិត្តល្អ ឬ ម៉ៅ​ស្វិត ។

ដើម្បី​ចង់បាន​ភ្ញៀវ ខ្ញុំ​ត្រូវ​អង្គុយ​រង់ចាំ​នៅលើ​បង់​តាម​សួនច្បារ ដល់ពេល​មាន​ភ្ញៀវ ឬ​ម៉ូតូឌុប​ជិះ​មកដល់ ខ្ញុំ​ត្រូវ​ទៅរក​គេ ហើយ​និយាយ​ថ្លៃ​គ្នា បើ​ត្រូវ​ថ្លៃ​ក៏​ទៅតាម​គេ ។ ភ្ញៀវ​ដែល​ខ្ញុំ​ទៅជា​មួយ​ភាគច្រើន​គឺ ជា​ភ្ញៀវ​ខ្មែរ និង បរទេសមួយៗ​ដែរ ។ ភ្ញៀវ​ខ្មែរ​ខ្លះ​គេ​ខ្ជិល​មក រក​ខ្លួនឯង គេ​ប្រើ​ម៉ូតូ​ឲ្យ​មករក​ឲ្យ រួច​នាំទៅ​ផ្ទះសំណាក់​តែ ម្ដង ហើយ​ពេលខ្លះ​ម៉ូតូឌុប ដែល​មក​យក​ខ្ញុំ​នោះគេ​យក​សម្រាប់​ខ្លួនឯង​ក៏មានដែរ ។ ចាប់​តាំងតែ​ពី​ខ្ញុំ​រកស៊ី​របរ​នេះ​មក ខ្ញុំ​មិនដែល​ត្រូវ​ភ្ញៀវ​ណា​ធ្វើបាប​ទេ ហើយ​រាល់ពេល​ខ្ញុំ​ទៅជា​មួយ​ភ្ញៀវ ខ្ញុំ​តែងតែ​ការពារ​ជានិច្ច ព្រោះ​និយាយ​គ្នា​រួចហើយ​ថា ប្រើ​ស្រោម​បាន​ទៅ បើ​មិន​ប្រើ​មិន​ទៅជា​មួយ​ទេ ទោះជា​គេ​ឲ្យ​ថ្លៃ​ប៉ុន្មាន​ក៏​អត់​ទៅ​ដែរ អាណិត​ជីវិត​ខ្លួនឯង ។ ទោះបីជា​ខ្ញុំ​រកស៊ី​លក់ខ្លួន​ក្ដី ប៉ុន្តែ​ខ្ញុំ​អត់​ប្រើ​ថ្នាំ​ទេ ធា្ល​ប់​មាន​ភ្ញៀវ​គេ​មករក​ពេលយប់​នៅ​ពោធិ៍ចិនតុង គេ​សួរ​ខ្ញុំ​ថា​ចេះ​ជក់​ថ្នាំ​ទេ ខ្ញុំ​ប្រាប់ថា អត់​ចេះ​ទេ បើ​ចង់យក​អ្នកចេះ​ជក់​ថ្នាំ​ទៅរក​អ្នកផ្សេង​ទៅ​ខ្ញុំ​មិន​ទៅ​ទេ »​។

រំដួល បាន​រៀបរាប់​បន្ថែមទៀតថា « ពេល​ភ្ញៀវ​រក​ខ្ញុំ​ពេលយប់​នៅ​ពោធិ៍ចិនតុង​ម្ដងៗ ខ្ញុំ​មិនដែល​ឲ្យ​គេ​មកដល់​ផ្ទះ​ខ្ញុំ​ទេ គឺ​ខ្ញុំ​តែង តែ​ទៅផ្ទះ​សំណាក់​ជាមួយ​គេ​ជានិច្ច ហើយ​បើ​រឿង​ទៅផ្ទះ​គេ​វិញ​នោះ ក៏​ខ្ញុំ​អត់​ទៅ​ដែរ ព្រោះ​ខ្លាច​គេ​ធ្វើបាប »​។ នៅពេល​សួរ​នាង​ថា ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​ទេ​? រំដួល បាន​និយាយ​ដោយ​មុខស្មើ​ថា « ខ្ញុំ​មិន​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​ទេ តាំងពី​ខ្ញុំ​ប្រកប​របរ​នេះ​មក ខ្ញុំ​ក៏​ខ្លាច​ប៉ូលិស​ចាប់​ដែរ តែ​ប្រហែលជា​សំណាង​ខ្ញុំ​ហើយ​មើល៍ ទៅបាន​ជា​មិន​អី ។ បើសិនជា​នៅ​ថ្ងៃ​ណាមួយ​ត្រូវ​ប៉ូលិស​ចាប់បាន​មែន ខ្ញុំ​ច្បាស់​ជា​ពិបាក​ហើយ ពិបាក​ព្រោះតែ​គ្រួសារ​ខ្ញុំ កូន​ខ្ញុំ​ទាំងពីរ​ពឹង​លើ​ខ្ញុំ ចេញមក​រកលុយ ហើយ​លុយ​ដែល​ខ្ញុំ​រកបាន​មួយថ្ងៃៗ អាច​ទប់​បាន​ពីរ​បី​ពេល​ដែរ នៅពេលណា​ដែល​រកលុយ​មិនបាន អ្នកផ្ទះ​ក៏ត្រូវ​ដាច់បាយ​តាម​ហ្នឹង​ដែរ ។

ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​ខ្ញុំ​មាន​លុយ​សមល្មម​អាច​រកស៊ី​បន្តិចបន្តួច​បាន​ខ្ញុំ​ឈប់​ប្រកប​របរ​ដែល​សង្គម​ស្អប់ខ្ពើម​បែបនេះ​ទៀតហើយ គឺ​ខ្ញុំ​ចង់​ប្ដូរ​មុខរបរ​ទៅរក​ស៊ី​លក់ដូរ​បន្តិចបន្តួច​វិញ ខ្ញុំ​មិន​ចង់​ធ្វើ​ការងារ​នេះ​បន្តទៀត​ទេ ព្រោះ​បើ​ខ្ញុំ​ចាស់​ជាង​នេះ​បន្ដិចទៀត ឬ ធា្ល​ក់​ខ្លួន​ឈឺ​ទៅ ច្បាស់​ជា​វេទនា​ហើយ​គ្រួសារ​ខ្ញុំ ។ រាល់ថ្ងៃនេះ​ខ្ញុំ​មិនមែន​ចង់​មក​ប្រក​បរបរ​នេះ​ទេ ព្រោះ​ការងារ​នេះ​គេ​ស្អប់ខ្ពើម​គ្រប់គ្នា ដោយសារតែ​ខ្ញុំ​ក្រ​រៀន​មិនបាន​ច្រើន ទើប​ខ្ញុំ​មក​ប្រក​បរបរ​បែបនេះ គេ​ស្អប់ គេ​ខ្ពើម ព្រោះ​ពួកគេ​មិនមែនជា​ខ្ញុំ បើ​ពួកគេ​ជា​ខ្ញុំ​ពួកគេ​នឹង​យល់​ពី​ខ្ញុំ​មិន​ខាន » ។ ជីវិត​ជា​អ្នក​ប្រកប​របរ​រកស៊ី​លក់ខ្លួន នាពេល​បច្ចុប្បន្ននេះ គឺ​គេ​សង្កេត ឃើញ​មាន​នៅតាម​សួនច្បារ​សាធារណៈ តាម​តំបន់​ដែលមាន​សំណង់​អនាធិបតេយ្យ ផ្ទះសំណាក់​ហាង​ផឹកស៊ី​តូចធំ​ដែល​ពួកនាង​ធ្វើ​ការងារ​ជា​នារី​ផ្សព្វផ្សាយ​ស្រា​បៀរ ហាង​ខារ៉ាអូខេ ហាង​មួយចំនួនធំ​ដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់ ព្រមទាំង​តាម​ក្លឹប​កម្សាន្ត​នានា ជាដើម ។

ពួកគេ​មួយចំនួន​ក៏​ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប និង យកទៅ​អប់រំ​ជារឿយៗ​ផងដែរ ។ ដោយសារតែ​ជីវភាព​ធ្វើ​ឲ្យ​ពួកគេ​ត្រូវតែ​បង្ខំចិត្ត​មក​ប្រកប​របរ​នេះ​វិញ​ម្ដងទៀត ទាំង​ពួកគេ​ដឹងថា វា​ជា​របរ​ដែល​ត្រូវបាន​សង្គម​ទាំងមូល​ស្អប់ខ្ពើម និង មិន​ឲ្យ​តម្លៃ​យ៉ាងណាក្តី ៕​រិ​ទ្ធី ខេមរា​

 

​ ​ ​ ​ ​ ​

Related