Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ


Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

Real Madrid អាច​ប្រឈម​មុខ​នឹង​ការ​ទម្លាក់​ចេញ​ពី​ពាន​រង្វាន់ Copa del Rey ដោយ​ស្វ័យប្រវត្តិ ក្រោយ​ដាក់​កីឡាករ​ដែល​ជាប់​ពិន័យ​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​ដែល​ឈ្នះ Cadiz ៣-១ នៅ​ជុំទី៤​​ យប់​មិញ​នេះ។

 

Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

Denis Cheryshev (ទី២ ពីឆ្វេង) អបអរជាមួយ​មិត្ត​រួម​ក្រុម

 

កីឡាករ​វ័យ​២៤ឆ្នាំ Denis Cheryshev បាន​ជួយ​ឲ្យ Real នាំ​មុខ​តាំង​ពី​៣នាទី​ដើម​ការ​ប្រកួត​ មុន​ពេល Isco ស៊ុត​២គ្រាប់​ទៀត​នៅ​តង់​ទី​២ ប៉ុន្តែ​កីឡាករ​រុស្សី​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​​ថា​ជា​កីឡាករ​កំពុង​ជាប់​ពិន័យ។

 

កាសែតកីឡា AS បាន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ថា​ Cheryshev បាន​​ទទួល​​កាត​លឿង​៣ដង​ក្នុង​ពាន​រង្វាន់​ក្នុង​ស្រុក​មួយ​នេះ​ ​សម្រាប់​ការ​ប្រកួត​នៅ​​​ Villarreal (ខ្ចី​ជើង) ​រដូវ​កាល​មុន ដែល​ស្មើ​នឹង​ការ​ជាប់​បម្រាម​១ប្រកួត។

 

ការ​ប្រកួត​ជើង​ទី​១ ជុំ​ទី​៤ Copa del Rey យប់​មិញ​នេះ គឺ​ជា​ប្រកួត​​ដែលគេ​​ត្រូវ​ជាប់​ពិន័យ។ យ៉ាង​ណា​ក្ដី អ្នក​ចាត់ការ Rafael Benitez បាន​ដាក់ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ មុន​ប្ដូរ​ចេញ​នៅ​ពេល​ចាប់​ផ្ដើម​តង់​ទី​២។

 

Cardiz នឹង​ដាក់​របាយការណ៍​ចំពោះ​រឿង​នេះ ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្លិប​បាន​ប្រកាស​ក្នុង Twitter របស់​ខ្លួន​ថា៖ “ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លិប Cadiz CF នឹង​ជួប​ប្រជុំ​នៅ​ក្រោយ​ការ​ប្រកួត”។

 

Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

Cheryshev ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​យប់​មិញ

 

រំលឹក​ផង​ដែរ​ថា អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ Benitez ក៏​ធ្លាប់​ធ្វើ​ឲ្យ​ក្រុម​ត្រូវ​គេ​ទម្លាក់​ចេញ​ពី Copa del Rey ​ម្ដង​ដែរ​កាល​នៅ​ដឹក​នាំ Valencia ឆ្នាំ​២០០១។ នៅ​ពេល​នោះ លោក​បាន​ដាក់​កីឡាករ​ក្រៅ​ទ្វីប​អឺរ៉ុប​ច្រើន​ហួស​ការ​កំណត់​ ក្នុង​ការ​ប្រកួត​ទល់​នឹង Novelda។ ចំណែក​រដូវ​កាល​មុន ក្រុម Osasuna ក៏​ត្រូវ​បាន​គេ​ដក​ឈ្មោះ​ចេញ​ជា​ស្វ័យប្រវត្តិ​ដែរ ក្រោយ​ដាក់​កីឡាករ​ជាប់​បម្រាម Unai Garcia ក្នុង​ប្រកួត​ជាមួយ Mirandes។

 

បើ​មាន​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ទាក់ទង​រឿង​នេះ Sabay នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

 

Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

 

Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

Cheryshev ត្រូវ​ប្ដូរ​ចេញ​វិញ​ពេល​ចាប់​ផ្ដើម​តង់​ទី​២

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ bbc