របៀប​មើល និង​ការពារ​រន្ទះ​បាញ់


របៀប​មើល និង​ការពារ​រន្ទះ​បាញ់

ផ្អែក​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ​របស់​នាយកដ្ឋាន​ឧតុនិយម នៃ​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បង្ហាញ​ថា ផ្លេក​បន្ទោរ ផ្គរ រន្ទះ គឺ​ជា​អគ្គិសនី​ធម្មជាតិ ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​ប៉ះ​នឹង​អ្វី​មួយ​នៅ​លើ​ផែន​ដី ដោយឡែកៗ​ពី​គ្នា។ ផ្លេកបន្ទោរ ផ្គរ រន្ទះ កើត​ឡើង​ដោយសារ​បណ្ដុំ​ពពក Cumulonimbus។ ពពក​នេះ​មាន​ទំហំ​ធំ និង​កម្ពស់​ខ្ពស់ ឈរ​ត្រង់​ទៅ​លើ​មាន​ពណ៌​ខ្មៅ ដែល​នៅ​ក្នុង​ពពក​នោះ មាន​ដូចជា រន្ទះ ភ្លៀង ឬ ព្រិល (ដុំទឹកក) កំពុង​បញ្ជូន​ចុះ​មក​ផែន​ដី។

 

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ​បង្ហាញ​​បន្ថែម​ថា បើ​ឃើញ​​មាន​ពពក Cumulonimbus ដូច​បាន​រៀបរាប់​ខាង​លើ ប្រជាពលរដ្ឋ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​រន្ទះ​ជាដើម។

 

របៀប​មើល និង​ការពារ​រន្ទះ​បាញ់

 

ប្រភពរូបភាព៖ hudsonvalleynewsnetwork.com

 

 

+វិធី​មើល​​ដែល​បង្ហាញ​ថា​នឹង​អាច​​​កើត​មាន​​បាតុភូត​រន្ទះ
-បើ​សិន​សង្កេត​ឃើញ មាន​ពពក Cumulonimbus ពណ៌​ខ្មៅ រសាត់​ជិត ឬ​​នៅ​ពី​លើ
-​បើ​សិន​ជា​ឮ​សូរ សំឡេង​ផ្គរ នៅ​ជិត​ឬ​នៅ​ក្បែរ
-បើ​សិន​សង្កេត​ឃើញ​មាន​ផ្លេកបន្ទោរ ចាំង​ភ្លែត
-បើ​សិន​មាន​ព័ត៌មាន​ដែល​ផ្ដល់​ដោយ នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បាន​ប្រកាស​ពី​ទីតាំង​មាន​ពពក Cumulonimbus ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ការពារ​ខ្លួន ដូច​ខាងក្រោម។

 

+ប្រការ​គួរ​ជៀសវាង ពេល​មាន​ផ្លេកបន្ទោរ ផ្គរ រន្ទះ
-មិន​ត្រូវ​ជិះ​ម៉ូតូ ឬ​កង់
-មិន​ត្រូវ​និយាយ​ទូរសព្ទ​ពេល​ឮ​សំឡេង​ផ្គរ
-មិន​ត្រូវ​អង្គុយ​នៅ​ក្រោម​ចំ​ដើម​ឈើ ពោល​គឺ​ត្រូវ​អង្គុយ​បន្ទន់​ខ្លួន​ដោយ​រក្សា​ចម្ងាយ​​បួន​ម៉ែត្រ​ពី​ដើម​ឈើ
-មិន​ត្រូវ​អង្គុយ​ក្នុង​តង់

 

+ប្រការ​អនុវត្ត​ពេល​មាន​ ផ្លេកបន្ទោរ ផ្គរ រន្ទះ
-ត្រូវ​បន្ទន់​ខ្លួន​ដោយ​បញ្ឈរ​​ជង្គង់​ទាំងពីរ​ជិត​គ្នា និង​យក​ដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង
-ត្រូវ​រត់​ចេញ​ពី​ទឹក ឬ​ស្រែ
-នៅ​ខាង​ក្នុង ឬ​រត់​ចូល​​​ទៅ​​​ក្នុង​ផ្ទះ​ជា​បន្ទាន់
-ត្រូវ​​បន្ទន់​ខ្លួន​អោប​ក្បាល​ជង្គង់ និង​បិទ​ត្រចៀក​សងខាង នៅ​ក្រោម​បង្គោល​ភ្លើង
-ក្នុង​រថយន្ត​មាន​សុវត្ថិភាព តែ​មិន​ត្រូវ​ប៉ះ​ចង្កូត ឬ​ទ្វារ​ឡើយ
-ត្រូវ​អង្គុយ​ក្នុង​បន្ទប់​សុវត្ថិភាព​ក្នុង​ផ្ទះ
-ដក់​ឌុយ​ដោត​ភ្លើង ឬ​ឌុយ​ទូរសព្ទ​ទុក​ចម្ងាយ ១ ម៉ែត្រ ពី​ប្រភព​ចរន្ត​អគ្គិសនី

 

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​​​ដដែលបញ្ជាក់​ថា ប្រជាជន​ច្រើន​ជាង​ ៥០ នាក់ បាន​ស្លាប់​និង​របួស ដោយសារ​ផ្លេកបន្ទោរ ផ្គរ រន្ទះ​ជារៀងរាល់ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា៕

 

របៀប​មើល និង​ការពារ​រន្ទះ​បាញ់

 

 

 

ចុចអាន៖ តើ​មាន​ក្រយៅ រន្ទះបាញ់មែន​ឬ?

 

អត្ថបទ៖ អ៊ុំ សុភក្តិ