វេជ្ជបណ្ឌិត​​​​​ឯកទេស​​​ណែនាំ​ពី​ផលវិបាក​ ​និង​ការ​ការពារ​​​​​សម្លាក​ដោយសារ​មុន

វេជ្ជបណ្ឌិត​​​​​ឯកទេស​​​ណែនាំ​ពី​ផលវិបាក​ ​និង​ការ​ការពារ​​​​​សម្លាក​ដោយសារ​មុន

មុន​គឺ​ជា​ជំងឺ​សើស្បើក​ម៉្យាង​ដែល​តែង​កើត​មាន​លើ​មនុស្ស​ប្រុស​ស្រី​នៅ​ពេល​ចម្រើន​វ័យ​ចូល​ដល់​ជំទង់។ ​បញ្ហា​មុន​នេះ​អាច​បង្ក​ជា​សម្លាក ​ឬ​ស្នាមខូង​លើ​ផ្ទៃ​មុខ​ដោយសារ​ការ​ញេច​​​ ឬ​កេះ​​​​​​ដោយ​មិន​មាន​បច្ចេកទេ​សត្រឹមត្រូវ។ ​​ស្លាកស្នាម​នៅ​លើ​មុខ​នេះ​ទៀត​ក៏ធ្វើ​​​ឲ្យ​អ្នក​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ​បើ​សិន​ជា​មាន​ធំ​ ឬ​ច្រើន​នៅ​លើ​ផ្ទៃ​មុខ។ ​​​

 

លោក​វេជ្ជបណ្ឌិត​​​​​​​​​ សេង ម៉ាឡា ​​ឯកទេស​ជំងឺ​សើ​ស្បែក ​​និង​កាមរោគ​​​​​បាន​ពន្យល់​​អត្ថន័យ​នៃ​ស្នាមមុន ​ឬ​សម្លាក​​ដោយសារ​មុន​​​​​​​តាម​ភាសា​បច្ចេកទេស​ថា​​​​ ​​​ជា​ផលវិបាក​នៃ​ជំងឺ​មុន​រលាក​ ឬ​​មុន​រលាក​មាន​ខ្ទុះ​ធ្ងន់ធ្ងរ​ (Nodular/CysticAcne)​ដែល​បណ្ដាល​ឲ្យ​​​មាន​ការ​បង្ក​រោគ​នៅ​លើ​ស្បែក ​​​​​ហើយ​ជា​លទ្ធផល​នាំ​អោយ​មាន​​​​​ស្នាម​ក្រមៅ​តូចៗ​ (Pigmented Acne scar) ​ស្នាម​ខូង​ ឬ​​ ខ្មូត​(Depressed Acne scar)​ ឬ​​ផ្លែ​សាច់​(Hypertropic acne scar or Keloids) ​នៅ​លើ​ស្បែក​ពេល​ដែល​ជំងឺ​មុន​ជា​សះ​ស្បើយ​ ។

 

 វេជ្ជបណ្ឌិត​​​​​ឯកទេស​​​ណែនាំ​ពី​ផលវិបាក​ ​និង​ការ​ការពារ​​​​​សម្លាក​ដោយសារ​មុន

 

លោក​ វេជ្ជបណ្ឌិត​ សេង ម៉ាឡា ​​ឯកទេស​ជំងឺ​សើ​ស្បែក ​​និង​កាមរោគ

 

​​លោក​បន្ត​ថា ​អ្នក​ដែល​​​​ប្រឈម​​​នឹង​បញ្ហា​ស្នាម​មុន​លើ​ស្បែក​ក្រោយ​ពី​ជំងឺ​មុន​ជា​សះស្បើយ​មាន​ដូចជា៖

 

–  អ្នក​ជំងឺ​ដែល​កើត​មុន​រលាក​ធ្ងន់ធ្ងរ​(Nodular/Cystic Acne)។
–  អ្នក​ជំងឺ​កើត​ជំងឺ​មុន​ ហើយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​រឺ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល។​
–  អ្នក​ជំងឺ​ដែល​ធ្វើ​​​​ឲ្យ​​មាន​ការ​ប៉ះទង្គិច​ទៅ​លើ​គ្រាប់​មុន​តាមរយៈ​ការ​កេះ​​​​​ ឬ​​ញេច​យក​គ្រាប់​មុន​ចេញ​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ   ​   បណ្ដាល​អោយ​មាន​ការ​បង្ក​រោគ​ និង​មាន​ខ្ទុះ ។​

–  អ្នក​ជំងឺ​ដែល​មាន​ហ្សែន​ (Gene)​ដែល​ងាយ​អោយ​មាន​ស្នាម​ឬ​សម្លាក​ពី​ធម្មជាតិ​មក​ជាមួយ ។

 

ប្រភេទ​នៃ​ស្នាម​មុន​ ឬ​​សម្លាក៖ ​ស្នាម​មុន​ ឬ​​សម្លាក​មាន​បី​ប្រភេទ​គឺ ​ស្នាម​ក្រមៅ​តូចៗ​(Pigmented Acne scar) ​ស្នាម​ខូង​រឺ​ខ្មូត​ (Depressed Acne scar) ​និង​ផ្លែ​សាច់​ (Hypertropic acne scar or Keloids)។

 

ការ​ព្យាបាល​ស្នាម​មុន​ ឬ​​សម្លាក​៖ ​​​ចំពោះ​ការ​ព្យាបាល​វិញ​គឺ​យើង​ធ្វើ​ការ​ព្យាបាល​ទៅ​តាម​ប្រភេទ​នៃ​ស្នាម​មុន​ ឬ​សម្លាក​​​ ​​ហើយ​លទ្ធផល​ដែល​ទទួល​បាន​ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ស្នាម​មុន​ ឬ​សម្លាក​ដែរ។​ វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​រួមមាន៖

 

–  ការ​លាប​ថ្នាំ​ (Topical medication)
–  ភៀល​មុខ​​ (Facial Peeling)
–  អ៊ុត​មុខ​(Mesotherapy for skin resurfacing)
–  ការ​ចាក់​ថ្នាំ​នៅ​កន្លែង​ដែល​មាន​ផ្លែ​សាច់​ (Keloids injection)។

 

ការ​ការពារ​ស្នាម​មុន​ ឬ​​សម្លាក៖​

 

– ត្រូវ​ធ្វើការ​ព្យាបាល​អោយ​បាន​ទាន់​ពេលវេលា​ប្រសិន​បើ​មាន​បញ្ហា​មុន។
–  ត្រូវ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មាន​ឯកទេស​សើ​ស្បែក។
–  ហាម​ធ្វើ​ការ​កេះ​​​​ ឬ​ញេច​យក​គ្រាប់​មុន​ចេញ​ជាមួយ​អ្នក​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់។

 

ចម្ងល់​ពាក់ព័ន្ធ​នឹង​ប្រភេទ​មុន​ទូទៅ ​ឬ​មុន​ផ្សេង​ទៀត ​ឬ​វិធី​ព្យាបាល ​អ្នក​អាច​ទាក់ទង​​ប្រឹក្សា​ជាមួយ​លោក​វេជ្ជបណ្ឌិត​តាម​ទូរសព្ទ៖ ​011/093 39 49 39៕

 

អាន៖ ស្វែងយល់​​​មូលហេតុ​ ​ការ​ការពារ ​និង​វិធី​ព្យាបាល​មុន​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបថត៖ ​ផ្តល់​ឲ្យ​