សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ


សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ

សន្តិសុខជនជាតិ​ថៃ​​វ័យ​ក្មេង​​​​​​​មួយ​រូប ត្រូវ​មនុស្ស​ជា​ច្រើន​​​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​​ពី​​ភាព​ទៀង​​ត្រង់​ បន្ទាប់​ពីបាន​​យក​​​កាបូប​​​លុយ​​​​ដែល​ខ្លួន​ប្រទះ​ឃើញ​​​ដែល​ក្នុង​នោះ​មាន​ប្រាក់​​​ជាង​១​ម៉ឺន​ដុល្លារ​​ ​​ជូន​ដល់​ម្ចាស់​ដើម​វិញ។

 

សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ
 

 
តាម​សារព័ត៌មាន The Phuket News បាន​ឲ្យ​ដឹង​ថា យុវជន​​វ័យ​១៩​ឆ្នាំ Nattapong Rittidech ទើប​តែ​​ចាប់​ផ្ដើម​អាជីព​​ជា​សន្តិសុខ​​ក្នុង​ក្រុមហ៊ុន​ Tesco Lotus ក្នុង​មជ្ឈមណ្ឌល Samkong ​ខេត្ត​ Phuket ​​​​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ នៅ​ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​​​​​ សន្តិសុខ​ក្មេង​រូ​បនេះ ក៏​បាន​​ឃើញ​កាបូប​លុយ​ដែល​បុរស​ម្នាក់​ភ្លេច​ចោល។
 

​​​Nattapong បាន​ប្រាប់​សារព័ត៌មាន​ថា៖ “ពេល​នោះ​បុរស​វ័យ​កណ្ដាល​ម្នាក់​កំពុង​​ឈរ​​បត់​ជើង​តូច​ក្បែរ​ខ្ញុំ​។ គាត់​បាន​ទុក​​កាបូប​​ពណ៌​ខ្មៅ​មួយ​​នៅ​លើ​​ធ្នើរ​នៃ​​កន្លែង​បត់​ជើង​តូច​​​​​​ រួច​គាត់​ក៏​ដើរ​ចេញ​ទៅ​ដោយ​​ភ្លេច​យក​កាបូប។ បន្ទាប់​ពី​ខ្ញុំ​បត់​ជើង​តូច​រួច​ ខ្ញុំ​ក៏​​រត់​ទៅ​រក​គាត់​ ប៉ុន្តែ​គាត់​បាន​ចេញ​ទៅ​បាត់​​​ហើយ ដូច​នេះ​ខ្ញុំ​ក៏​យក​កាបូប​នោះ​ទៅ​​កន្លែង​តុ​ផ្ដល់​ព័ត៌មាន។ ខ្ញុំ​មិន​បាន​បើក​មើល​អ្វី​ក្នុង​កាបូប​នោះ​ទេ”។
 

រយៈ​ពេល​ពីរ​ម៉ោង​ក្រោយ​ បុរស​ម្ចាស់​កាបូប​ឈ្មោះ Somkiet Jaturabandit បាន​មក​​ដល់​​​​​មជ្ឈមណ្ឌល​ Samkong វិញ​ក្នុង​បំណង​ស្វែង​រក​​​កាបូប​ដែល​បាន​បាត់​ដោយ​ភ័យ​ព្រួយ។ ក្នុង​កាបូប​នោះ​គឺ​មាន​លុយ​ចំនួន​ ៤​សែន​បាត (១១១៤៤​ដុល្លារ) បន្ទាប់​មក​ខាង​បុគ្គលិក​​តុ​ព័ត៌មាន​​​ក៏​បាន​ប្រគល់​កាបូប​​លុយ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។
 

លោក​ Somkiet Jaturabandit បាន​ឲ្យ​ដឹង​ទៅ​សារព័ត៌មាន​ថា៖ “ខ្ញុំ​បាន​មើល​​ក្នុង​កាបូប​សព្វ​អស់​ហើយ គឺ​មិន​បាត់​អ្វី​ទេ អត្តសញ្ញាណប័ណ្ណ ឯកសារ​សំខាន់ៗនៅ​ទាំង​អស់ “។ ​​​​​​​​​​​
 

​​​​​​​​លោក​ Somkiet បាន​​ឲ្យ​ដឹង​ទៀត​ថា​ លោក​​ទើប​តែ​​បាន​បើក​លុយ​ពី​ធនាគារ​​​​ មុន​ពេល​លោក​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​នៃ​មជ្ឈមណ្ឌល​ Samkong។
 

បន្ទាប់​ពី​ដឹង​​ដំណើរ​ហេតុ និង​ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​ភាព​ស្មោះ​ត្រង់​​ដល់​​សន្តិសុខ​ក្មេង លោក​Somkiet បាន​ជូន​លុយ​​ចំនួន​៣​ពាន់​បាត (៨៤​ដុល្លារ) ​ដល់​​ Nattapong Rittidech។ ចំណែក​សន្តិសុខ​ស្មោះ​ត្រង់ Nattapong ក៏​បាន​ថ្លែង​អំណរ​គុណ ​និង​​បាន​​និយាយ​​​​ផ្ដាំ​អរគុណ​ទៅ​​ម្ដាយ​លោក​ដែល​តែង​អប់រំ​ប្រៀន​ប្រដៅ​​ខ្លួន​​ឲ្យ​ស្មោះ​ត្រង់​ផង​ដែរ៕
 

សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ

 
សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ

 

 
ចុចអាន៖ ឃើញ​លុយ​​​១៣០០​ដុល្លារ​ក្នុង​ប្រអប់​​ភីហ្សា យក​សង​គេ​វិញ​បាន​​​ញ៉ាំ​ភីហ្សា​​ហ្វ្រី​ពេញ​មួយ​ឆ្នាំ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts ​​