ទាស់​គ្នា​ក្នុង​វង់​ផឹកស៊ី​ផ្ទុះ​ហិង្សា​ ​វាយ​របួសធ្ងន់​ម្នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​ជាង​៣០​នាក់

រាជ​ធានីភ្នំពេញ​ ៖​ ទំនាស់​កើតឡើង​ពេល​ផឹកស៊ី​ស្រវឹង កម្មករ​ឃ្លាំង​ស៊ី​ហ៊ូ​ហ៊ុយ​ជាង​៣០​នាក់​ព្រួត​វាយ​យុវជន​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ត្រូវ​កងកម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូន​ជន​បង្កធ្វើ​ឱ្យ​ផ្អើល​មួយ​ភូមិ​ទាំង​យប់​ម៉ោង១០ និង៤០នាទី ​ថ្ងៃ​ទី​០២​ ​ធ្នូ ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ  ។

យោង​តាម​ដំ​សី​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ជាង​មួយ​ភូមិបាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ និង​មិត្តភក្តិ​មួយ​ក្រុម​កំពុង​អង្គុយ​ផឹកស៊ី​រហូត​ដល់​យប់​ជ្រៅ ពេល​នោះ​ជន​ដៃដល់​ជា​កម្មករ​ឃ្លាំង​ស៊ី​ហ៊ូ​ហ៊ុយ​ជាង​៣០​នាក់​ក៏​ផឹកស៊ី​ក្បែរ​នោះ​ដែរ ដោយ​មិនដឹង​យ៉ាងម៉េច ក៏​ស្រាប់តែ​ផ្ទុះ​ជម្លោះ​ធ្វើ​ឱ្យ​ក្រុមកម្មករ​ឃ្លាំង​ស៊ី​ហ៊ូ​ហ៊ុយ​ជាង​៣០​នាក់​នោះស្ទុះ​ទៅ​វាយ​យុវជន​ម្នាក់ឈ្មោះ​រ៉េ​តថ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កើតហេតុ​ ស្ថិត​នៅ​ក្រុម​ទី​៦ ​ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ដល់​កន្លែង​ផឹកស៊ី ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មករ​ឃ្លាំង​ស៊ី​ហ៊ូ​ហ៊ុយ​ជាង​៣០​នាក់ ក៏​វាយ​អូស​ជន​រង​គ្រោះ​ម្នាក់​នោះ​ទៅ​ដល់​មុខ​ឃ្លាំង​របស់​ពួក​គេ វាយដំ​យ៉ាង​ចាស់ដៃបណ្តាល​ឱ្យជន​រង​គ្រោះ​ស្ទើរតែ​ក្ស័យជីវិត ។ 

ភ្លាម​ៗ​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​ណ៍​បែប​នេះ​ក៏​រាយ​ការ​ណ៍ទៅ​​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរា​គម​ន៍នៅ​កន្លែង​កើត​ហេតុតែ​ម្តង  ។  បានប្រហែលជា​១០​នាទី​ កម្លាំង​សមត្ថកិច្ច​ និង​​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ឃ្លាំង​ស៊ី​ហ៊ូ​ហ៊ុយ​ជាង​៣០​នាក់​នោះ​រត់​ចែក​ជើងគ្នា​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ពួក​គេដើម្បី​គេចខ្លួន ។

តែ​ទោះជា​យ៉ាងណា​ កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ប៉ុ​ស្តិ៍នគរបាល​ស្ទឹង​មាន​ជ័យ ក៏​ធ្វើការ​ឡោម​ព័ទ្ធចាប់​ជន​ដៃដល់​បាន​ភ្លាម​ៗ​ជាង​៣០​នាក់​ ហើយ​​​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ចម្លើយ​​ និង​វែកមុខ​ជន​ប្រព្រឹត្ត​បទល្មើស​​ខាងលើ​នេះ ។ ​​ចំណែក​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ កាល​ម៉ែត្រ​ផង​ដែរ ៕​​