ធ្លាក់​សំណាញ់​ច្រើន​ផ្ទាំង​របស់​អគារ​កម្ពស់​១០​ជាន់​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង ផ្អើល​អ្នកស្រុក​ទាំង​យប់

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ សំណាញ់​ការពារ​សុវត្ថិភាព​ជា​ច្រើន​ផ្ទាំង​លើ​សំណង់​​អគារ​កម្ពស់​ជាង​១០​ជាន់​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង បាន​ដាច់​ធ្លាក់​ប៉ើង​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បង្ក​មានការ​ភ្ញាក់ផ្អើល រហូត​ត​ម្រូ​វ​សមត្ថកិច្ច​ធ្វើការ​បិទផ្លូវ​ជា​ច្រើន​ម៉ោង​ មិ​នឱ្យធ្វើ​ចរាចរណ៍​នៅ​តំបន់​នោះ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​ដាច់​ធ្លាក់​សំណាញ់​ដែក​សុវត្ថិភាព​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែ​បាន​ប៉ះពាល់​ទៅ​លើដំបូល​ផ្ទះ និង​រំខាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សំណាញ់​សុវត្ថិភាព​ដាច់​ធ្លាក់​លើ​ផ្លូវ និង​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដោយសារ​តែ​ការ​ធ្វេសប្រហែស និង​ខ្វះ​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​សាងសង់។

អ្នកក្រុង​បាត់ដំបង កំពុង​មានការ​ព្រួយបារម្ភ​ពី​ការ​អាច​មាន​គ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយ​សំណង់​ជាង​១០​ជាន់​ខាងលើ​នេះ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​សំណង់​អគារ​កម្ពស់​ជាង​១០​ជាន់​នេះ វា​ជា​អគារ​អ្វី​នោះ​ទេ? ។