កញ្ញា​សុ​ន ស្រី​ពេជ្រ រក​ឃើញ​ម្ចាស់​ស្នេហ៍​ត្រៀម​ភ្ជាប់ពាក្យ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មនោសញ្ចេតនា កញ្ញា​ សុ​ន ស្រី​ពេជ្រ បាន​រក​ឃើញ​ម្ចាស់​ស្នេហ៍​ហើយ ដោយ​គ្រោង​ភ្ជាប់ពាក្យ និង​ក្រាប​សំពះ​ផ្ទឹម​នា​ពេល​ខាង​មុខ ។

ដំណឹង​នេះ​ធ្វើ​ឱ្យ​អ្នកសិល្បៈ និង​អ្នកគាំទ្រ​របស់​កញ្ញា​សុ​ន ស្រី​ពេជ្រ អបអរសាទរ ។

បងស្រី​របស់​កញ្ញា​សុ​ន ស្រី​ពេជ្រ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ថា ប្អូនស្រី​របស់​នាង​ពិតជា​រក​ឃើញ​គូជីវិត​មែនហើយ តាម​រយៈ​ការ​ណែនាំ​ពី ចាស់​ៗ ។ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ឈ្វេងយល់​ចិត្ត​គ្នា និង ចាស់​ៗ​ទាំង​សងខាង​ពេញចិត្ត​ដែរ​នោះ អ្នក​ទាំង​ពីរ​គ្រោង​នឹង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នា​ពេល​ខាង​មុខ ។

បុរស​ជា​គូស្នេហ៍​របស់​តារាចម្រៀង សុ​ន ស្រី​ពេជ្រ នោះ ឈ្មោះ​ទាវ វិសាល មាន​វ័យ​ច្រើន​ជាង​នាង​ប្រហែល​៥​ឆ្នាំ ។ បុរស​រូប​នោះ​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន មាន​ចរិត​ស្លូតបូត និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខទុក្ខ​របស់​ស្រី​ពេជ្រ​។ បុរស​រូប​នោះ​យល់ចិត្ត​ថ្លើម សុ​ន ស្រី​ពេជ្រ ក្នុង​នាម​ជា​អ្នកសិល្បៈ​ចម្រៀង​ម្នាក់ ។

បន្ទាប់​ពី​រៀប​ការ​រួច​ហើយ ស្រី​ពេជ្រ នឹង​នៅ​បន្ត​អាជីព​សិល្បៈ​ដដែល ។

ប្រភព​ដដែល​បញ្ជាក់​ថា ពិធី​មង្គលការ​របស់​កញ្ញា​សុ​ន ស្រី​ពេជ្រ នៅ​មិន​ទាន់​កំណត់​ច្បាស់លាស់​ទេ ប៉ុន្តែ​កំពុង​ជ្រើសរើស​ពេលវេលា​ល្អ​ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ហើយ​ទំនងជា​ក្រោយ​ពិធីបុណ្យ​សមុទ្រ ព្រោះ​ស្រី​ពេជ្រ​ជាប់​ច្រៀង​ក្នុង​ពិធី​នោះ ។ ចំពោះ​ថ្ងៃ​មង្គលការ​វិញ ប្រហែលជា​ត្រូវ​រង់ចាំ​បងស្រី​ខាង​ប្រុស​ដែល​រស់នៅ​ប្រទេស​បារាំង​មក​ចូលរួម​ដែរ ខណៈ​ខាង​ប្រុស​មិនសូវ​មាន​បងប្អូន​ច្រើន​ទេ ។

ក្នុង​នាម​ជា​សមាជិក​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​បងស្រី​របស់​សុ​ន ស្រី​ពេជ្រ សប្បាយ​រីករាយ​ចំពោះ​ប្អូន ដែល​រក​ឃើញ​បុរស​ម្នាក់​ជា​គូគាប់​មាន​ចរិត​ស្លូតបូត និង​យកចិត្តទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ម្យ៉ាង​ក្រុម​គ្រួសារ​ទាំង​សងខាង​ពេញចិត្ត ពេញ​ថ្លើម​ចំពោះ​គូស្នេហ៍​នេះ ។

កញ្ញា​សុ​ន ស្រី​ពេជ្រ ជា​តារាចម្រៀង​មនោសញ្ចេតនា ដែល​ល្បីឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ទេសចរណ៍ ដែល​រៀបចំ​ផលិត​សម្រាប់​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍ ។

កន្លង​មក​លេចឮ​រឿង​ស្នេហា​របស់ សុ​ន ស្រី​ពេជ្រ ជាមួយ​តារាចម្រៀង រិ​ន សា​វ៉េ​ត ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

បច្ចុប្បន្ន​ច្បាស់លាស់​ហើយ​ថា សុ​ន ស្រី​ពេជ្រ មាន​ម្ចាស់​ស្នេហ៍​នៅ​ក្រៅ​រង្វង់​សិល្បៈ ៕