​ការ​ចែក​រំលែក​បទ​ពិសោធន៍​ចិញ្ចឹម​កូន​ពី​អ្នក​ម្ដាយ​ម្នាក់​

​«ខាង​ក្រោម​នេះ ​គ្រាន់​​តែ​ជា​ទស្សនៈ​យល់​ឃើញ​មួយ​ជ្រុ​ង​តូចរបស់​ម៉ាក់​អាបី​នាក់​ក្នុង​ការ​អប់រំ​កូន ​ខ្ញុំ​អាច​មាន​ទស្សនៈ​យល់ខុសពី​ទស្សនៈ​របស់​អ្នក ​សូម​ជឿ​ជាក់​​លើ​ខ្លួន​អ្នក​ក្នុង​ការ​ចិញ្ចឹម​​កូន ព្រោះ​គ្មាន​នរណា​ម្នាក់​ស្គាល់​កូន​អ្នក​ច្បាស់​ជាង​អ្ន​ក​ខ្លួន​ឯង​ទេ​»​ខ្ញុំ​ជា​ម្ដាយ​នៃកូន​ស្រី​៣​នាក់ តែង​តែ​ជឿ​ថា ​ខ្ញុំ​និង​​ស្វាមីមាន​ការ​ទទួល​ខុស​ត្រូវធំ​ណា​ស់​ក្នុងការ​អប់រំ​កូន​ អោយ​មាន​ទំលាប់​ល្អ​ឬ​អាក្រក់​បាន​។ ​អ្វី​ដែ​ល​ខ្ញុំសរសេរខាងក្រោមនេះ ​មិន​មាន​ចេតនា​មើល​ងាយ​ថា ការ​ចិញ្ចឹម​កូន​របស់​អ្នកដទៃ​ មិន​ត្រឹមត្រូវ​ មាន​តែកូនខ្ញុំ​ទេ​ដែល​ចិញ្ចឹម​បានល្អ​នោះទេ​ វា​គ្រាន់​តែជា​ការ​យល់​ឃើញរបស់​ម្ដាយម្នាក់ប៉ុណ្ណោះ​​។
​ការ​ចែក​រំលែក​បទ​ពិសោធន៍​ចិញ្ចឹម​កូន​ពី​អ្នក​ម្ដាយ​ម្នាក់​
​ចិញ្ចឹម​កូន​មិន​មែនជា​រឿង​ងាយ​ស្រួលឡើយ ​ខ្ញុំកំពុង​ចិញ្ចឹម​កូន​មនុស្ស​ មាន​ពេល​ខ្លះ យើង​អាច​មាន​ការ​ខ្វែង​គំនិត​គ្នាក្នុង​គ្រួសារ ​រវាងឪពុក​និង​ម្ដាយ ​ដោយ​សារ​ទស្សនៈ​គិត​ខុស​គ្នា​ពីរ​បៀប​អប់រំ​កូន​។ ​សូម​ជៀស​វាង​ដាច់ខាត កុំ​ប្រកែក​គ្នា​នៅ​ចំពោះ​មុខ​កូនៗ សូម​សំរប​តាមគ្នា​សិន​ ដើម្បី​កុំ​អោយ​កូន​មាន​គំនិត​យល់ថា ​«​អ្វី​​ដែល​ប៉ា​(ឬម៉ាក់)​ធ្វើ/​ប្រាប់ ​មិនត្រូវ​ទេ​» ​ព្រោះ​កូនៗ​អាច​នឹង​មើល​ស្រាល​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក​ឬម្ដាយ​។ ខ្ញុំ​ជឿ​ថា​ ខ្លួ​ន​ខ្ញុំ​ក្ដី ឪពុក​ពួក​គេ​ក្ដី​ អ្នក​នៅ​ជុំ​វិញ​កូនៗ​ខ្ញុំ ​គឺ​ជា​គំរូ​ទី១ ជា​សាលារៀនទីមួយសំរាប់​កូនៗ​។ ​ពួក​គេ​នឹង​ធ្វើ​ខ្លួន​តាម​យើង​ដែល​ជា​អ្នក​នៅ​ជិត​គេ​រាល់​ថ្ងៃ​។ បើ​យើង​ជា​អ្នក​ដែល​ចង់​មានចង់​បាន​របស់​ទ្រព្យគេ​ដទៃ​ដោយ​ឥត​អៀន​ខ្មាស់​ យើង​កំពុង​បង្រៀន​កូន​យើងអោយធ្វើ​តាមយើងហើយ​។ ​
​បើ​យើងសើច​នឹង​ភាពក្រម៉ិច​ក្រម៉ើម​ដែល​កូន​ៗ ​ញាក់​មុខ​ញាក់​មាត់​ដាក់​ជីដូន​ជីតា​ឬ​អ្នក​ដែល​ចាស់​ជាង​ពួក​គេ គឺ​យើង​កំពុង​បង្រៀន​កូន​ថា ​វា​មិន​ខុស​ទាស់អី​ទេ​ដែល​ធ្វើ​បែប​នេះដា​ក់ចាស់ៗ​។ ​ខ្ញុំ​ធ្លាប់​ឃើញ​មីង​ម្នាក់ ​គាត់សើចកាច់ក ​នឹង​ចៅ​ទើប​ចេះ​និយាយ​របស់​គាត់​​ថាគេ​ចេះ​និង​ខូច​ណាស់ ​អាយុ​មិន​បានពីរខួប​ផង ចេះចាយ​លុយ​អោយ​ចំណាប់​(​sic!) ​គេ​សុំ​លុយ​គាត់​រាល់​តែ​ដង​កាល​ណា​មាន​ការ៉េ​ម​មក​ដល់​មុខ​ផ្ទះ ​ដល់​ពេល​មួយគាត់​ចង់​ល៎​គេមើល​ម្ដង ​មិន​ព្រម​អោយ​លុយ ​ស្រាប់​តែ​អាល្អិត​នោះ​លូកខ្វេះ​ហោ​ប៉ៅ​អាវ​គាត់យក​លុយទាល់​តែ​បា​ន ​គាត់មិនភ្ញាក់​ខ្លួននឹង​ទង្វើ​ចៅ​គាត់​ បែរ​ជា​មក​សរសើរ​ប្រាប់​ខ្ញុំ​ថា ​ចៅ​គាត់​ចេះ​ណា​ស់ ​ដឹង​ថា​គាត់ទុក​លុយ​នៅ​ឯណា​!!! ​គាត់​អាច​នឹង​គិត​ថា​គេ​នៅ​តូច​ណាស់​មិន​អី​ទេ ​មិន​ទាន់​ដឹង​ល្អ​ដឹង​​អាក្រក់អី​ទេ​​ ឱ! ​គាត់​ប្រហែលជា​ភ្លេច​ថា ​គាត់​កំពុង​បង្រៀន​ចៅ​តូចរ​បស់គាត់អោយ​យល់​ថា វា​មិន​ខុស​ទា​ស់អី​ទេ​ ដែល​យក​របស់​គេ​ទាំង​មិន​មាន​ការ​អនុញ្ញាត​នោះ​។ ​
​ក្ដី​ស្រឡាញ់​ចំពោះចៅ​តូច​របស់​គាត់ ធ្វើ​អោយ​គាត់​មើល​មិន​ឃើញ​ពី​ទំលាប់​មិន​ល្អ​ដែលគាត់​កំពុង​បណ្ដុះ​​អោយ​ចៅ​តូច​នេះ​ហើយ។​ មាន​អ្នក​ខ្លះ​ទៀត ​សើច​នឹង​កូន​តូច​ចេះ​និយាយ​បិបិះរបស់​ខ្លួន​ថា ​ចេះ​ណាស់ ​ពេលដែល​គេ​ខឹងនឹង​អ្នក​ណា​មួយ​ គេតែង​ចង្អុល​មុខ​និង​ជេរ ​ទាំង​មិន​សូវ​ច្បាស់​ថា​«អាមោក!» ​អ៊ិះ​!!! ទៅ​ជា​អញ្ចឹង​ទៅ​!!! មិន​ឃាត់​ប្រដៅ​កូន​ បែរ​ជា​នាំ​គ្នា​សើច​គិល លើក​ទឹក​ចិត្ត​កូន​តូច​នោះ​។​
 ​ខ្ញុំ​ខ្លួន​ឯងផ្ទាល់ ​ធ្លាប់​របូត​មាត់​ស្រែក ​ជេរ​ពាក្យ​អសុរោះ​នៅ​ពេល​មួយ​នោះ ដែល​កំពុង​បើក​​ឡានលើ​ផ្លូវចង្អៀត​ណែន​ដោយ​ចរាចរ ​ស្រាប់​តែ​មា​ន​ ម៉ូតូមួយ​​មកបត់ពីមុខវេវ ​ធ្វើ​អោយ​ចាប់​ហ្វ្រាំង​សឹង​មិន​ទា​ន់ ​ខ្ញុំ​ស្រែក​តែ​ម្នាក់​ឯង​ថា ​« ​​អាចង់ទៅ​ងាប់នេះ​!»​។ ​កូន​នាង​របស់​ខ្ញុំ សួរ​ដោយ​ក្ដី​ងឿង​ឆ្ងល់​ថា​ម៉េច​បាន​ម៉ាក់​ជេរអញ្ចឹង​ ទើប​ធ្វើ​អោយ​ម៉ាក់ម្នាក់​​នេះ ស្វាង​ពីកំ​ហឹង ហើយ​ប​ក​ស្រាយ ​ថាម៉ាក់ខឹង​ពេក ​ទើប​របូត​មាត់​បែប​នេះ ​ហើយ​ខ្ញុំ​ក៏​បាន​ពន្យល់​នា​ង​វិ​ញថា​ ការ​ដែល​ម៉ាក់​និយាយ​បែប​នេះមិន​មែន​ជា​មាយាទ​ល្អ​ទេ ​កូនកុំធ្វើ​តាម។ ​ប្រាប់​កុំ​អោយ​កូន​ធ្វើ​តាម វា​ហាក់​ហួស​ពេល​ហើយ​ ព្រោះ​កូន​បាន​ឮ​ពាក្យមិនល្អ​នេះរួ​ច​ហើយ ​:( ​នេះ​ជា​បទ​ពិសោធន៍​មួយ​សំរា​ប់​ខ្ញុំ​រំលឹកខ្លួនឯង ​អោយ​ប្រយ័ត្ន​ប្រយែង​ពាក្យ​សំដី​នៅ​ចំពោះ​មុខ​កូន​ៗ។​
​ក្នុង​នាមជាម្ដាយ​ម្នា​ក់ គ្មានអ្វី​ដែល​ធ្វើអោយខ្ញុំ​មាន​មោទនភាពជាង​ការដែល​បាន​ចិញ្ចឹមកូន​អោ​យ​ធំធាត់ក្លាយជា​មនុស្ស​ល្អ​ម្នាក់​នោះទេ។ ​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ​បទ​ពិសោធន៍​របស់​ម្ដាយ​ម្នាក់នេះ ​នឹង​បាន​ជួយ​ជា​គំនិត​ខ្លះ​ក្នុង​ការ​អប់រំ​កូនៗ​របស់​លោកឪពុកអ្នក​ម្ដាយដទៃទៀត​ ហើយ​ខ្ញុំក៏​សង្ឃឹម​ថាលោក​ឪពុក​និង​អ្នក​ម្ដាយ​​ដទៃ​នឹងចែករំ​លែក​របៀប​របប​ចិញ្ចឹម​កូន​របស់​ពួក​គាត់​មក​ដល់​ម្ដាយ​ម្នាក់​នេះ​វិញ​ដែរ​​៕
​​​​​​
​​​​