មណ្ឌលកីឡាហែលទឹកតេជោសែន ត្រូវបានសម្ពោធឲ្យប្រើប្រាស់

មណ្ឌល​កីឡា​ហែល​ទឹកតេជោសែន ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ឯ​ទី​រួម​ខេត្ត​កំពង់​ចាម​នោះ ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាត់​ខ្សែ​បូ​សម្ពោធ​ឲ្យ​​ប្រើ​ប្រាស់ជា​ផ្លូវ​ការ កាល​ពី​​ថ្ងៃ​ពុធ ម្សិល​មិញ។

មណ្ឌល​កីឡា​ហែល​ទឹក​តេជោសែន​នេះ ជា​គំនិត​ផ្តួច​ផ្តើម​របស់​ព្រឹទ្ធចារ្យ ហែម ថុន កាល​នៅ​រស់​ជា​មួយ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ស៊ុន ​ចន្ទថុល​ ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡាហែល​ទឹក​កម្ពុជា។ លោក ស៊ុន ចាន់ថុល ជា​អ្នក​ស្វះ​ខ្វែង​រក​ថវិកា ដើម្បី​កសាង​មណ្ឌល​កីឡា​ហែល​ទឹក​នេះ ដោយ​​បាន​ចំណាយ​ពេល​សាង​សង​អស់រយៈ​ពេល​​៣​ឆ្នាំ និង​ចំណាយ​ថវិកា​អស់​ចំនួន​១លាន​៦​សែន​ដុល្លារ​អា​មេរិក។
mm1
mm2
សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធនោះ​ថា៖​« ខ្ញុំ​នៅ​ចាំ​បាន​ថា ឯកឧត្តម ស៊ុន ចន្ទថុល បាន​សុំ​មក​ជួប​គ្នា ដើម្បី​​​រាយការណ៍​ពី​ការ​កសាង​មណ្ឌល​កីឡា​ហែល​ទឹក​នេះ មិន​ក្រោម​​១០​លើក​នោះ​ទេ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព ដែល​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា និង​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ស្វះ​ស្វែង កសាង​​មណ្ឌល​កីឡា​ហែល​ទឹក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​កីឡាហែល​ទឹក​របស់​យើង​នៅ​ពេល​នេះ»។

​ នៅ​ក្នុង​មណ្ឌល​កីឡា​ហែល​ទឹកតេជោសែន​នេះ មាន​ការ​​សាង​សង់នូវ​អាង​ហែល​ទឹក​ ​តាម​ស្តង់​ដារ​អន្តរជាតិ​ ចំនួន​២ ​គឺទី​១​ទំហំ​២៥ម៉ែត្រ​គុណ​នឹង​២៥ម៉ែត្រ​ ជម្រៅ​៥​ម៉ែត្រ និង​មួយ​ទៀត មាន​ទំហំ​២៥​ម៉ែត្រ​​គុណ​​៥០​ម៉ែត្រ មាន​ជម្រៅ​២​ម៉ែត្រ ហើយ​ក៏​មាន​​​ទីតាំង​សំខាន់​មួយ​ចំនួន​ទៀត​ផង​ដែរ។
mm3
mm4
លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖​«​ចាប់​ពី​ពេល​ទៅ កីឡាករ កីឡាការិនី​ហែល​ទឹក​របស់យើង រាប់​ទាំងប៉ារ៉ាអូឡាំ​ពិក ឬ​កីឡាជន​ពិការផ្នែក​ហែល​ទឹក អាច​ប្រើ​ប្រាស់​មណ្ឌល​កីឡា​ហែល​ទឹកនេះ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ថ្នាក់តំបន់ ថ្នាក់​​ជាតិ និងថ្នាក់​​អន្តរជាតិបាន។ យើង​មានទី​កន្លែង​សម​រម្យ ហើយ​ទី​នេះ​អាច​ផ្សាយ​ផ្ទាល់​ពី​​ការ​ប្រកួត​ ​ទៅ​កាន់​ប្រជាជន​ទូ​ទាំង​​ប្រទេស​កម្ពុជា និង​ពិភព​លោក​បាន​ផង​ដែរ»។​

ដើម្បី​អបអរ​ក្នុង​ពិធី​សម្ពោធមណ្ឌល​កីឡា​ហែល​ទឹក​តេជោសែន​នេះ សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ហែល​ទឹក​ដណ្តើម​ពាន​រង្វាន់​តេជោសែនមួយ​ផង​ដែរ។ ការ​ប្រកួត​នេះ​មាន​អត្ត​ពលិក​ចូល​រួម​ចំនួន​១១៥​នាក់មក​ពី​ក្លិបចំនួន​៧​ រួម​មាន​ក្លិប​ជ្រោយ​ចង្វា​,​មហាផ្ធៃ​,PSE​,អរុណរៈ​,មិត្ត​សម្លាញ់​,កំពង់​ចាម ​និងក្លិប​​រាជ​សីហ៍។​
mm5
អត្ត​ពលិក​ទាំង​នេះ ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា នៅ​លើ​វិញ្ញាសា​ចំនួន​២៤ ប៉ុន្តែ​ល ​ហែម ​គីរី ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ហែល​ទឹកកម្ពុជា ​បាន​និយាយ​​ថា​ ការ​ប្រកួត​ពាន​រង្វាន់​កីឡា​ហែល​ទឹកតេជោ​សែន​នេះ​ មិន​ផ្តោត​ខ្លាំង​​ទៅ​លើ​ជ័យ​ជម្នះ​ ឬ​ចំណាត់​ថ្នាក់​​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ការ​ប្រកួត​បើក​ទូលាយ ដែល​រៀបចំ​ឡើង​ដើម្បីអមអរ ដល់​ការ​សម្ពោធ​មណ្ឌល​កីឡាហែល​ទឹក​តេជោសែន ប៉ុណ្ណោះ។

ក្រុម​កីឡាករ​ហែល​ទឹក​ជន​ពិការ ក៏​ត្រូវ​បាន​ហៅ​ឲ្យ​មក​ប្រកួត​នៅ​លើ​អាច​ហែល​ទឹក​បែប​ស្តង់​ដារ​នេះ​ដែរ ហើយសហព័ន្ធ ក៏​បាន​អញ្ជើញ​អតី​តអ្នក​ហែល​ទឹក​និង​លោត​ទឹក ​ដែល​មាន​វ័យ​ចាស់​ ធ្លាប់​ដណ្តើម​បាន​មេដាយ​ពី​សង្គម​ចាស់​ និង​ជា​អ្នក​មាន​សកម្មភាព​ក្នុង​កីឡា​ហែល​ទឹក​ចំ​នួន​២២​នាក់ ឲ្យ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ហើយ​ពួក​គេ រួម​ជាមួយ​នឹង​ក្រុម​កីឡាករ​ហែល​ទឹក​​ជន​ពិកា ត្រូវ​​បាន​លោក​នាយក​រដ្ឋមន្រ្តី​ផ្តល់​ទឹក​ប្រាក់ឲ្យ​ក្នុង​ម្នាក់ៗ​ចំនួន​១​លាន​រៀល​ដូច​គ្នា៕