សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​រ៉​យ​៣នាក់

ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ប្រជាពលរដ្ឋ​១១២​គ្រួសារ​មក​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាដំបូង​ខេត្ត ព្រមទាំង​រុញ​ទ្វាររបង សាលាដំបូង​ខេត្ត ឲ្យ​ខូចខាត​ថែមទៀត ដើម្បី​ទាមទា​អោយ តុលាការ ដោះលែង តំណាង​របស់​ពួកគាត់ ៣​នាក់ ដែល​ត្រូវ តុលាការ សម្រេច​ឃុំខ្លួន ចោទប្រកាន់​ពីបទ រំលោភ​លើ​កម្មសិទ្ធិ​អ្នកដទៃ​។​

   ហេតុការណ៍​នេះ​បានកើត​ឡើង វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០១៥ គ្រា​ដែល សាលាដំបូង​ខេត្ត បាន​កោះហៅ អ្នក​ទាំង​៣ ដែលមាន​ឈ្មោះ សូត្រ សឿន .​ឯម ចាន់ និង ជ្រឹ​ក ទូច  នៅ​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ជា​តំណាងអោយ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នោះ មក​ឡើង​សាវ​នា​ការ ហើយ​សម្រេច​ឃុំខ្លួន​តែម្ដង​។​

   ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​នោះ​ថា ហៅ​តំណាង​របស់​ពួកគាត់​មក​កាត់ក្ដី បើទោះជា​ចាញ់ ឬ​ឈ្មះ ក៏ត្រូវ​តែ​លែង​គាត់​មកវិញ​។ ហើយ​បើ​ចាញ់ក្ដី​ក៏​មិនត្រូវ​ឃុំខ្លួន​គាត់​ដែរ ដើម្បីអោយ​ពួកគាត់ រក​វិធី​ប្ដឹង បន្តទៀត ហើយ​បើ​ឃុំខ្លួន​តំណាង​របស់គាត់ ពួកគាត់​នឹង​នាំគ្នា​ដេក នៅមុខ​តុលាការ​នេះ មិន​ថា​ប៉ុន្មាន​ថ្ងៃ​នោះទេ​។

     ករណី​ខាងលើនេះ លោក សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត បានអោយដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃនោះ​ដែរ​ថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​កែន​គ្នា មក​រស់នៅ​លើដី​កម្មសិទ្ធិ​គេ ដែលមាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ​។​

    ក្រោយពី​តុលាការ សម្រេច​ឃុំខ្លួន​ជន​ទាំង​៣​នាក់ យកចេញ​តាម​ច្រក​ក្រោយ​សាលាដំបូង ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​ផ្ទុះ​កំហឹង​នាំគ្នា​រុញច្រាន​ទ្វាររបង​សាលា​ដំបង​ខេត្ត ធ្វើអោយមាន​ការខូចខាត​ផងដែរ​។ លោក​ប្រធាន​តុលាការ ក៏​សុំ​កម្លាំង​កងរាជអាវុធហត្ថ ដើម្បី​អន្តរាគមន៍​ទប់​ស្កាត រហូតដល់​ព្រលប់ ទើប​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​យល់ព្រម​បំបែកហ្វូង​។  

     គួរ​បញ្ជាក់ថា ដី​ភូមិបរ​ឡយ នេះ ប្រជាពលរដ្ឋ​បាន​អះអាងថា ពួកគាត់​បានរស់នៅ​តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​រហូតដល់​ខែធ្នូ ឆ្នាំ​២០១២ ពួកគាត់​ក៏បាន​ទទួល​លិខិត​ចេញពី​សម្ដេច​ពញា​ចក្រី អន្តរាគមន៍​សុំអោយ​លោក​អភិបាលខេត្ត ជួយ​ដោះស្រាយ​ផ្ដល់​ដី​លំនៅដ្ឋាន និង​ដីចំការ ដល់​ពួកគាត់​ទាំងអស់គ្នា​។ ស្របពេលនោះ ឈ្មោះ ហៀ​ង សុជាតិ បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយដី​ភូមិ​នោះ​ផងដែរ​។ ដល់​ឆ្នាំ​២០១៣ ទើប​មានការ​ចំរូងចំរាស់ ប្ដឹងផ្ដល់​គ្នា ចូលដល់​សាលាដំបូង​ខេត្ត​៕

            

សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​រ៉​យ​៣នាក់
សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​រ៉​យ​៣នាក់