ឡុង សុភី អះ​អាង​ថា តាំង​ពី​ប្រឡូក​ប្រដាល់​មក​ដល់​ពេល​នេះ​មិន​ធ្លាប់​លក់​ឧត្តម​គតិ

ឡុង សុភី អះ​អាង​ថា តាំង​ពី​ប្រឡូក​ប្រដាល់​មក​ដល់​ពេល​នេះ​មិន​ធ្លាប់​លក់​ឧត្តម​គតិ

តាំង​ពី​ចាប់​ផ្ដើម​ចូល​ប្រឡូក​​វិស័យ​ប្រដាល់​​តាំង​ពី​​ឆ្នាំ​​២០០៤ ​​រហូត​​​មក​ដល់​ពេល​នេះ​ ឡុង សុភី មិន​ដែល​លក់​ខ្លួន​ម្ដង​ណា​ឡើយ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រដាល់​ជំនាញ​ប្រើ​ជង្គង់​​ ក្រោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចោទ​ថា ​រូប​គេ​បាន​ប្រកួត​មិន​អស់​ពី​សមត្ថភាព​កាល​ពី​ថ្ងៃ​សៅរ៍​​ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Kamlay Pheath ​។

 

ឡុង សុភី អះ​អាង​ថា តាំង​ពី​ប្រឡូក​ប្រដាល់​មក​ដល់​ពេល​នេះ​មិន​ធ្លាប់​លក់​ឧត្តម​គតិកីឡាករ​ ឡុង សុភី

 

​អ្នក​ប្រដាល់​​មាន​ស្រុក​កំណើត​នៅ​បាត់​ដំបង​ ឡុង សុភី បាន​ឲ្យ​ដឹង​ថា ​ចាប់​ផ្ដើម​​វ៉ៃ​​ប្រដាល់​ជិត១២​ឆ្នាំ​​មក​នេះ​មិន​ដែល​លក់​ខ្លួន​ម្ដង​ណា​ឡើយ។ ការ​ចោទ​ប្រកាន់​របស់​អ្នក​គាំទ្រ​ដែល​បាន​សរសេរ​ដាក់​លើ​បណ្ដាញ​សង្គម​ Facebook ថា​ រូប​គេ​លក់​ខ្លួន​កាល​ពី​ពេល​ថ្មី​នេះ​​មិន​ពិត​ទល់​តែ​សោះ។

 

​ម្ចាស់​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​រដូវ​កាល​ទី​២​រូប​នេះ​បន្ត​ថា រូប​គេ​មិន​យក​កិត្តិយស​ដែល​សាង​មក​​ជា​ច្រើន​ឆ្នាំ​​ ត្រូវ​បាត់​បង់ ​ព្រោះ​តែ​ប្រាក់​​នោះ​ទេ។ ការ​ប្រកួត​ទាម​ទារ​ឲ្យ​កីឡាករ​នីមួយ​ៗ​សិក្សា​ពី​​​របៀប​​វ៉ៃ​របស់​ដៃគូ​ មិន​មែន​​ឃើញ​រូប​គេ​មិន​ប្រើ​ជង្គង់​​ដាក់​ដៃ​គូ​ចោទ​ថា​លក់​​ខ្លួន​​ឡើយ។ ជា​ការ​ពិត ឡុង សុភី ក៏​មិន​យល់​​ពី​ការ​លើក​ដៃ​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ដែរ ​ពី​ព្រោះ​រូប​គេ​ដេញ​​វ៉ៃ​​កីឡាករ​​រូប​នោះ​​​​​ឈ្នះ​ពិន្ទុ​ដាច់​​៣​ទឹក​ពេញ​មិន​ឲ្យ​ឈ្នះ​ហើយ​បែរ​ជា​ពិន័យ​ថា​ រូប​គេ​មិន​ប្រើ​អស់​ពី​សមត្ថភាព​ទៀត។

 

​​កីឡាករ​ប្រដាល់​ជិត​ចូល​រោងការ​បាន​បន្ថែម​ថា ​​រូប​គេ​វ៉ៃ​តាម​បច្ចេកទេស​មិន​មែន​ប្រើ​កម្លាំង​បាយ​ចូល​តាម​កំហឹង​​។ ក្រោយ​ពេល​បំបែក​ក្បាច់​ដៃគូ​បាន​ទើប​រូប​គេ​ចូល​វ៉ៃ​​តាម​របៀប​​សិក្សា​ផ្ទាល់​ខ្លួន មិន​មែន​​ដឹង​ខ្លួន​ឯង​ល្អ​ជង្គង់​ដើរ​ចូល​វាយ​ជង្គង់​​ដៃ​គូ​​​​តាម​ទំនើង​ឡើយ។

 

ឡុង សុភី ចូល​ប្រឡូក​វិស័យ​ប្រដាល់​ដំបូង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចំនួន៥​ម៉ឺន​រៀល​​។ ខណៈ​ពេល​នេះ​ប្រាក់​តម្លៃ​ខ្លួន​ប្រកួត​អន្តជាតិ​​ទទួល​បាន​ចន្លោះ​ពី ៣៥០ រហូត​ដល់ ​​៤៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រកួត​៕​

 

អត្ថបទ៖ ​ស្រី សុណ្ណដារ៉ា​​​​​