គ្រូ​បឹងកេត​នឹង​ប្រើ​កីឡាករ​បរទេស​៤នាក់​ដូច​មុន ពេល​ប៉ះ​ក្រុម​ជើង​ឯក​វៀតណាម


គ្រូ​បឹងកេត​នឹង​ប្រើ​កីឡាករ​បរទេស​៤នាក់​ដូច​មុន ពេល​ប៉ះ​ក្រុម​ជើង​ឯក​វៀតណាម

គ្រូ​បង្វឹក​ក្រុម​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា បាន​និយាយ​ថា នឹង​ប្រើ​​កីឡាករ​បរទេស ៤​នាក់​ជា​ជម្រើស​ដំបូង​​ពេល​ប៉ះ​ក្រុម Becamex Binh Duong របស់​ប្រទេស​វៀតណាម ដូច​ពេល​យក​ឈ្នះ​លើ​​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា Yangon United ​ដោយ​លទ្ធផល ៣-០ កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា​ដែរ។

 

គ្រូ​បឹងកេត​នឹង​ប្រើ​កីឡាករ​បរទេស​៤នាក់​ដូច​មុន ពេល​ប៉ះ​ក្រុម​ជើង​ឯក​វៀតណាម

លោក ប្រាក់ សុវណ្ណារ៉ា

 

«បាទ! គ្រាន់​តែ​ថា​ថ្ងៃ​ចុង​ក្រោយ យើង​សម្រេច​ថា​ដាក់​កីឡាករ ៤​រូប​ណា​ឲ្យ​ចូល​លេង​ដំបូង… ក៏​ប៉ុន្តែ​ជា​ចាំ​បាច់​យើង​ត្រូវការ​ប្រើ​ទាំង​៤ ហើយ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចូល​នៅ​ពេល​ណា​ចាំ​បាច់»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប្រាក់ សុវណ្ណារ៉ា ពេល​កំពុង​បង្ហាត់​កីឡាករ​ត្រៀម​ចេញ​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​វៀតណាម។ ​

 

ចំពោះ​កីឡាករ​បរទេស​ទាំង ៥​រូប​របស់​ក្រុម​បឹងកេតអង្គរ ពុំ​មាន​បញ្ហា​អ្វី​ឡើយ​នៅ​ពេល​នេះ លើក​លែង​តែ​កីឡាករ​ជប៉ុន Yuya Wada ដែល​មាន​បញ្ហា​របួស​ជង្គង់​តិច​តួច ប៉ុន្តែ​សង្ឃឹម​ថា​អាច​ចូល​លេង​បាន។ កីឡាករ​បរទេស​ទាំង​នេះ​សុទ្ធតែ​មាន​ភាព​រហ័សរហួន និង​មាន​សមត្ថភាព​ខ្ពស់ ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ។

 

កាល​​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ក្រុម​បឹងកេតអង្គរ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល ៣-០ ដែល​សុទ្ធតែ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​បរទេស។ កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Esoh Omogba រក​បាន ២​គ្រាប់ ឯ​កីឡាករ​លេខ៩៩ Samuel Gbenga ស៊ុត​បាន​មួយ​គ្រាប់។

 

ចំណែក​កីឡាករ​ជម្រើស​ដំបូង ២​រូប​ទៀត ក៏​សុទ្ធតែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​សញ្ជាតិ​ជប៉ុន Yuya Wada និង Kazuki Tatsuta បាន​ចាប់​ដៃ​ជាមួយ​កីឡាករ​កម្ពុជា​ផ្សេង​ទៀត បំពេញ​ការងារ​នៅ​តំបន់​កណ្ដាល​យ៉ាង​មាន​ប្រសិទ្ធភាព និង​ជា​អ្នក​នាំ​គ្រាប់​បាល់​ដល់​ជើង​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​ដង។

 

ទស្សនា​វីដេអូ លោក ប្រាក់ សុវណ្ណារ៉ា និយាយ​ពី​ការ​ដាក់​កីឡាករ​បរទេស៖

 

 

អត្ថបទ៖ គង់ វិសាល