រថយន្តក្រុង​ក្រុមហ៊ុន​ KSRV​ បើកបុក​រះម៉ូតូ​២​គ្រឿង​ ​ស្លាប់​ស្ត្រី​២​នាក់ ​របួសធ្ងន់​២​នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្តក្រុង​ក្រុមហ៊ុន ​KSRV​ បាន​បើក​បុករះ​ម៉ូតូ​២​គ្រឿង​បណ្តាល​ឱ្យស្លាប់​ស្ត្រី​២​នាក់​ របួសធ្ងន់​២​នាក់ កាល​ពីវេលា​ម៉ោង​៣ និង៣០​នាទីរសៀល ​ថ្ងៃ​ទី​០២ ​ធ្នូ ​២០១៥ ​នៅ​មុខ​ផ្លូវ​ចូល​ផ្សា​ថ្មី​(​អូរ​ស្ងួត​ខាងជើង​) ​ស្ថិត​ក្នុងភូមិ​អូរ​ស្ថួ​ត ​ឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បូ​រី​។

​ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​ ១-​ឈ្មោះ ធី ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ ​(​មាន​ផ្ទៃពោះ​) ២-​ឈ្មោះ តូច សម្បត្តិ ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ​ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ រស់នៅ​ភូមិ​ដង​រុន​លិច ​ឃុំ​ស្រះ​រាំង ​ស្រុក​មង្គល​បូ​រី​។​អ្នក​របួសធ្ងន់​២​នាក់​១-ឈ្មោះ ច​ន រត​នៈ ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ​(​ត្រូវជា​កូន​)​ឈ្មោះ តូច សម្បត្តិ ២-​ឈ្មោះ តឿ ពន្លឺ ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​អណ្តូង​លិច ​ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​។

មន្ត្រី​នគរ​បាល​ចរាចរ​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ​ ​រថយន្តក្រុង​ក្រុមហ៊ុន​KSRV​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2D.1902​​ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ម៉ូតូ​ហុងដា​ស៊េរី​ចាស់​ដែល​បើកបរ​ចេញពី​ផ្សារ​ថ្មី​(​អូរ​ស្ងួត​ខាងជើង​)​​ជិះ​ទិស​ដៅ​ពី​កើ​តប​ត់ទៅ​ត្បូង​​ពេញទំហឹង​​ ហើយ​រថយន្តក្រុងបាន​រេចង្កូត​ទៅ​បុក​ម៉ូតូ​ហុងដា​ ផលិត​ឆ្នាំ​២០០៣​ ដែល​ជិះ​គ្នា​៣​នាក់​ក្នុង​ទិ​ស​ដៅ​ពី​ត្បូង​មក​ជើង​បញ្ច្រាស​ទិ​ស​គ្នា​​​ពេញទំហឹង​ធ្វើ​​ឱ្យម៉ូតូ​ទាំង២​គ្រឿងខ្ទាត​ចូល​ក្រោម​រថយន្ត​ ​បណ្តាលឱ្យស្ត្រី​​២​នាក់​​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង និង​​​២​នាក់ទៀត​របួស​ធ្ងន់​។

មន្ត្រី​នគ​របាល​ចរាចរ​បាន​បន្ត​ថា ក្រោយ​ពេល​កើ​តហេតុ​ ​អ្នក​បើក​បរ​រថយន្ត​ក្រុង​បាន​រត់​គេច​ខ្លួន​បាត់​​៕