គ្រោះថ្នាក់​ចរាចរណ៍​បង្ក​​ជាហិង្សា​ជិះ​ម៉ូតូ​ដេញ​តាម​គប់​កញ្ចក់​រថយន្ត​​

​រាជ​ធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​រង​របួសស្រាល​ បែរជា​បង្ក​ហិង្សា​ជិះ​ម៉ូតូ​ដេញតាម​គប់​បែក​កញ្ចក់​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២ ខែធ្នូ នៅ​ចំណុច​ក្នុង​បុ​រី​កាំ​កូ​ស៊ី​ធី ផ្លូវ​បុរី​អង្គរ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

រថយន្ត​ដែល​រង​ការ​ខូចខាត​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1921 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ អាយុ​ជាង​៣០​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​​ក​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

​បើ​តាម​អ្នកបកប្រែ​របស់​ជនជាតិ​ចិន​​ បា​ន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​បើកបរ​ប​ញ្រាសទិស​គ្នា​តាម​មហាវិថី​ម៉ៅ​សេ​ទុង ម៉ូតូ​បាន​ជិះ​ទៅ​បុក​រថយន្ត​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល​ខ្លួនឯង​ នៅសង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ភ្លាម​ៗ​នោះ​ គាត់​ក៏បាន​ឈប់​រថយន្ត​ហើយ​ចុច​កញ្ចក់​អើត​មើល​អ្នក​រង​គ្រោះ​ដើម្បី​សួរនាំ ​ខណៈ​នោះ​ជន​រង​គ្រោះ​បាន​ដើរមក​ជិត​​លូកដៃ​វាយ​គាត់​មួយ​ដៃ គាត់​ភ័យ​​​ពេក​ក៍​បិទ​កញ្ចក់​ហើយ​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ ស្រាប់តែ​អ្នក​ជិះ​ម៉ូតូ​បុក​រថយន្ត​​នោះ​​​ស្រែ​កថា​ រថយន្ត​បុក​ម៉ូតូ​របស់​គាត់​ហើយ​រត់ ​​ពេល​នោះ​មាន​​បុរស​២​នាក់​ជិះ​ម៉ូតូ១​គ្រឿង​កាន់​ដុំ​ថ្ម​ដេញ​តាម​គប់​រថយន្ត​​គាត់​​បែក​កញ្ចក់​ខាងក្រោយ​មួយ​ផ្ទាំង ​និងក្រ​ពឹត​រថយន្ត​ និង​បាក់​កញ្ចក់​ចំហៀង ធ្វើ​ឲ្យសមត្ថកិច្ច​ប្រទះ​ឃើញ​ក៏​បាន​ដេញ​តាម​កាក់​រថយន្ត​បាន​នៅ​​ចំណុច​​ក្នុង​បុ​រី​កាំ​កូ​ស៊ី​ធី ផ្លូវ​បុរី​អង្គរ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ​ដើម្បី​​សួរនាំ ចំណែក​ជន​​​ដែល​ដេញ​តាម​គប់​រថយន្ត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​សួរនាំ​​​ដឹង​ថា​ ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ទាក់ទង​ទៅ​ខណ្ឌទួលគោក ​ចុះ​ទៅ​មើល​កន្លែង​កើតហេតុ​អត់​ឃើញ​មានជន​រង​គ្រោះ​ ទើប​សមត្ថកិច្ច​មិន​បាន​ឃាត់​រថយន្ត​ ​ហើយ​ក៏​អនុញ្ញាត​​ឱ្យ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕