​បុរស​ដែលសម្លាប់​​​គ្រួសារ​​​របស់​​​ខ្លួន​​​យ៉ាង​​​សាហាវ​​​ ទំនងជា​​​​​​​ធ្វើ​អត្ត​ឃាត

ការ​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់​ដែលគេ​ជឿថា​បាន​​សម្លាប់រង្គាល​សមាជិក​​បួននាក់​នៅក្នុង​គ្រួសារ​របស់ខ្លួន​ដោយ​ប្រើ​កាំបិត​កាប់​យ៉ាង​ឃោរ​ឃៅពេល​ស្រវឹងស្រានៅ ក្នុង​ខេត្ត​កំពង់​ចាម​កាលពី​ថ្ងៃច័ន្ទនោះ​គឺ​ចប់​ហើយ​ បន្ទាប់ពី​សាក​សព​ជន​សង្ស័យ​រូបនេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ផ្លូវ​ថ្នល់​​ទំនង​​​ជា​​​ការ​ធ្វើ​អត្តឃាត។

អេង​ ធី អាយុ​៤៦ឆ្នាំ​បាន​រត់​​គេច​​​ពី​ផ្ទះ​នៅក្នុង​ឃុំ​ស្ពឺ ស្រុក​ចម្ការលើបន្ទាប់ពី​សម្លាប់​ប្រពន្ធ កូនពីរ​នាក់ និង​ម្តាយ​ក្មេក​​ដោយសារ​កំហឹង​កាលពី​យប់​ថ្ងៃច័ន្ទ បណ្តាល​ឲ្យ​មាន​ការ​តាម​ស្វែង​រកចាប់ខ្លួន​នៅ​​ក្នុង​ខេត្ត​ចំនួន​ពីរ​។

យោង​តាម​លោក ហ៊ាង ម៉េង​ នាយ​ប៉ុស្តិ៍ឃុំស្ពឺ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៩​យប់​ ថ្ងៃ​អង្គារ​ សាក​សព​របស់​ជន​នេះ​​ត្រូវ​បាន​ប្រទះ ​ឃើញ​នៅ​លើ​ផ្លូវ​ថ្នល់​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ។

លោក ហា៊ង ម៉េង​ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំសង្ស័យ​ថា គាត់​រត់​កាត់មុខ​រថយន្ត​​ ពីព្រោះ​គាត់​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​គាត់​​បាន​សម្លាប់​ប្រពន្ធ​ កូន​ និង​ម្តាយ​ក្មេក​”។ លោក​បាន​បន្ថែម​ថា មិន​មែន​សាក្សីណា​​​ឃើញ​ការ​ធ្វើ​អត្តឃាត​នេះទេ​​​។

លោក​ ហ៊ាង ម៉េង​ បាន​ថ្លែង​ថា លោក​ទទួល បាន​ការ​ហៅ​​ទូរស័ព្ទ​ពី​នាយ​ប៉ុស្តិ៍​រូបនេះ​នៅក្នុង​ឃុំ​គគីរ​ធំ ទីដែល​សាក​សពត្រូវ​បាន​រក​ឃើញ ហើយ​បាន​រៀប​រាប់់ពី​សម្លៀក​បំពាក់​របស់​ អេង​ ធី ​​ប្រាប់​​​លោក​​មុនពេល​ឲ្យ​មនុស្ស​៨នាក់​មក​ពី​ភូមិ​ជាមួយ​ឃាតករ​ជា​ជន​សង្ស័យ​រូបនេះ​​កំណត់​អត្ត​សញ្ញាណ​​សាក​សព។

លោកបានមាន​ប្រសាសន៍ថា ”​អ្នក​ភូមិ​ទាំង​នេះ​បាន​និយាយ​ថា វា​ជា​សាកសព​របស់​ អេង ធី។ ពួកគាត់ចំណាំ​ត្រង់​ទ្រូងផត​ និង​សាក់​នៅ​កដៃ​របស់​ជន​នេះ។ សាក​សព​ត្រូវ​បាន​មន្ត្រី​នគរបាល​ឃុំ​គគីរ​ធំ​យក​ទៅ​កប់​ ពីព្រោះ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​មិនទទួល យក​សាក​សព​ទេ”។

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា អេង​ ធី តែងតែ​​បង្ក​ជម្លោះ​ជា​ប្រចាំ និង​គំរាម​ប្រពន្ធ និង​ឪពុក​ម្តាយ​ក្មេក​របស់​ខ្លួនទៀត​ផង។

បន្ទាប់ពី​ឈ្លោះ​ប្រកែកគ្នា​យ៉ាង​ខ្លាំងមក កាលពី​យប់​ថ្ងៃច័ន្ទ​ ​ប្រពន្ធ និង​កូន​​​បាន​ទៅ​ដេក​នៅ​ផ្ទះ​ឪពុកម្តាយ​របស់​ខ្លួន​​ដែល​ជាប់​របង​គ្នា។

បន្តិច​ក្រោយ​មក ឪពុកក្មេក​របស់​បុរស​រូបនេះ​​បាន​ឃើញ​ការ​ឆាបឆេះនៅក្នុង​ផ្ទះ របស់​ អេង ធី​ តែ​​​ក្រោយ​មក នគរបាល​​និយាយ​ថា ជននេះ​បាន​ដុត​សម្លៀក​បំពាក់​ប្រពន្ធ​របស់​ខ្លួន​ទេ ហើយ​បាន​ទៅ​មើល​ ប៉ុន្តែ​​ត្រូវ​កូនប្រសា​នោះ​យក​កាំបិត​កាប់​​​​គាត់ រួច​​ចូលទៅក្នុង​ផ្ទះ ហើយ​កាប់​ប្រពន្ធ និង​កូន​របស់​ខ្លួន​ដល់​ស្លាប់។

លោក ស្វាយ សាខន ជា​អ្នក​នៅរស់​តែ ម្នាក់​ មិនទាន់ដឹង​ខ្លួន​នៅឡើយទេ​នៅក្នុង​មន្ទីរ​ពេទ្យ​មិត្ត​​​ភាព​​​ខ្មែរ-សូវៀត​​កាលពី​ម្សិល​​​មិញ បន្ទាប់ពី​ធ្វើការ​វះកាត់​លលាដ៍ក្បាល នេះ​បើ​យោង​តាម​ក្មួយស្រី​របស់​​​គាត់​​​៕សារុន

The post ​បុរស​ដែលសម្លាប់​​​គ្រួសារ​​​របស់​​​ខ្លួន​​​យ៉ាង​​​សាហាវ​​​ ទំនងជា​​​​​​​ធ្វើ​អត្ត​ឃាត appeared first on ខេមបូឌា ដេលី.