រថយន្ត​ឡិច​ស៊ីស​RX300 អ្នក​បើក​បរ​ស្រវឹង​បើក​បុក​រះ​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​២នាក់​

ខេត្ត​ព្រៃ​វែង​ ៖ រថ​យន្ត​ឡិច​ស៊ីស RX300 អ្នក​បើក​បរ​ស្រវឹង​ជោក​បាន​បើក​បុក​រះ​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​អ្នក​ដំណើរ​បណ្តាល​ឱ្យ​បុរស​​ម្នាក់​ស្លាប់ភ្លាមៗនៅ​នឹង​កន្លែង​ និង​២នាក់ទៀត​រង​របួស​ធ្ងន់​​​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២ ធ្នូ ២០១៥ នៅ​លើ​កំណត់​ផ្លូវ​​​លេខ​១ ក្នុង​ភូមិ​កណ្តាល​ ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះ​ស្តេច ។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ីស​RX300 មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF៤៦០៣ ជិះ​គ្នា​៣នាក់​​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​ជ្រុល​ទៅ​បុក​គូទ​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​បោក​នឹង​ថ្ម​បណ្តាល​ឱ្យ​អ្នក​បើក​រ៉ឺម៉ក​សន្លប់​ស្តូក​ស្តឹង​ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ខាងមុខ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ឈ្មោះ​សំរឹទ្ធ ស៊ាន អាយុ​៦៥​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រី​ឯ​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​នឿក សារុំ អាយុ​៤៨​ឆ្នាំ រង​របួស​ធ្ងន់​។

​បន្ទាប់ពី​បុក​មនុស្ស​ស្លាប់ និង​របួស​ហើយ​រថ​យន្ត​បាន​រេ​ចង្កូត​វិល​ពេញ​ផ្លូវ​ រួច​ក្រឡាប់​ជាង​១០​ត្រឡប់​ធ្លាក់​ទៅ​ចិញ្ចើម​ថ្នល់​ផ្ងារ​ជើង​ឡើង​លើ​។ ភ្លាមៗ​នោះ​គេ​ឃើញ​មនុស្ស​ក្នុង​រថយន្ត​បង្ក​ចំនួន​២នាក់​បាន​លូន​ចេញ​ពី​ក្នុង​រថយន្ត​ដោយ​មាន​របួស​តិច​តួច ហើយ​គេច​ខ្លួន​បាត់​ ចំណែក​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ​គង់ ចំរើន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ជាប់​ក្នុង​រថយន្ត​ចេញ​មិន​ទាន់​ត្រូវ​សមត្ថ​កិច្ច​មក​ដល់​ចាប់ខ្លួន​នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រះ​ស្តេច​តែ​ម្តង​ ដោយ​រង​របួស​ស្រាល​ប៉ុណ្ណោះ៕