ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)

អាមេរិក៖ ហេតុការណ៍ដ៏សែនអាក្រក់ បានកើតឡើងម្តងទៀតហើយ ដោយសារ​មានការបាញ់រះ ក្នុងទ្រង់ទ្រាយធំមួយ នៅឯរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយក្នុងនោះ បានធ្វើឲ្យមនុស្សយ៉ាងតិច ១៤នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ុន្មានម៉ោងមុននេះ ត្រូវនឹងម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) មានហេតុការណ៍បាញ់រះដ៏អាក្រក់មួយ បានកើតឡើងនៅក្នុងតំបន់ San Bernadino។ ក្រុមមន្ត្រីប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងអាចមានគ្នីគ្នាចាប់ពី ៣នាក់ឡើងទៅ ដោយពួកគេស្លៀកពាក់ ជាឈុតទាហាន និងប្រដាប់ដោយកាំភ្លើងវែង។ ក្រោយមកពួកគេបាន សម្រុកចូលក្នុងមជ្ឈមណ្ឌល Inland Regional Center (មជ្ឈមណ្ឌលជួយជនពិការ និងនីតិជន) រួចក៏ធ្វើការបាញ់រះ ទៅលើក្រុមមនុស្ស ដែលកំពុងនៅទីនោះ ដោយបានធ្វើឲ្យមនុស្សយ៉ាងតិច ១៧នាក់រងរបួស និងយ៉ាងតិច១៤នាក់ផ្សេងទៀត ត្រូវបានបាត់បង់ជីវិត។ យ៉ាងណាមិញ នៅមានក្រុមខ្មាន់កាំភ្លើង មួយក្រុមទៀតដែល ជិះរថយន្ត SUV ពណ៌ខ្មៅ បានធ្វើការបាញ់រះ នៅក្នុងទីប្រជុំជនមួយ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីតាំងកើតហេតុ ហើយពេលនេះក្រុមប៉ូលីស ក៏កំពុងធ្វើការតាមប្រមាញ់ ផងដែរ។

ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)
ប៉ូលីសកំពុងតាមប្រមាញ់ ក្រុមខ្មាន់កាំភ្លើងដែល ជិះរថយន្ត SUV ពណ៌ខ្មៅ ធ្វើសកម្មភាពវាយប្រហារ

សាក្សីដែលនៅកន្លែងកើតហេតុ បាននិយាយថាពួកគេ បានរត់ពួននៅក្នុងបន្ទប់ការិយាល័យ ដោយចាក់សោរបិទជិត ក្នុងអំឡុងពេលដែលមានការបាញ់ប្រហារនោះ ទើបពួកគេអាចគេចផុត ពីសេចក្តីស្លាប់បាន។ លោក Jarrod Burguan នាយប៉ូលីសប្រចាំតំបន់ San Bernardino បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា “ក្រុមខ្មាន់កាំភ្លើងដែលបានចូលបាញ់ប្រហារនោះ ត្រូវបានក្រុមប៉ូលីសបង្ក្រាបបានហើយ តែក៏មានមន្ត្រីប៉ូលីស របស់យើងម្នាក់ទទួលរងរបួស ក្នុងប្រតិបត្តិការនោះផងដែរ សម្រាប់ព័ត៌មានលំអិត គឺនៅមិនទាន់អាចបញ្ជាក់ច្បាស់បានឡើយ តែអ្វីដែលសំខាន់ សូមអ្នកទាំងអស់គ្នា រក្សាខ្លួននៅក្នុងទីតាំងសុវត្ថិភាព”។

បន្ថែមពីនេះទៀត ក្រុមមន្ត្រីប៉ូលីស FBI បានលើកឡើងថា ពួកគេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថាសកម្មភាពនេះ ជាទង្វើភេរវកម្ម ឬយ៉ាងណាប៉ុន្តែ ប៉ូលីសប្រចាំតំបន់ ក៏បានលើកឡើងដែរថា វាអាចជាសកម្មភាព របស់ពួកភេរវករ នៅក្នុងតំបន់ San Bernardino នោះ។

ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)
ក្រុមអាជ្ញាធរកំពុង ជួយសង្រ្គោះអ្នករបួស

ជុំវិញករណីនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយផងដែរថា “រឿងម្យ៉ាងដែលយើងបាន ដឹងយ៉ាងប្រាកដនោះគឺថា សកម្មភាពបាញ់ប្រហារ បែបនេះឧស្សាហ៍កើតឡើង បំផុតនៅក្នុងប្រទេសយើង ជាជាងប្រទេសដទៃ នៅក្នុងពិភពលោក ហើយវិធានការដែល យើងត្រូវដោះស្រាយនោះ គឺមិនមែនបំបាត់ ហេតុការណ៍ទាំងនេះ ឲ្យបានទាំងស្រុងនោះទេ តែគឺការធ្វើឲ្យប្រាកដ ក្នុងការកាត់បន្ថយ កុំឲ្យសកម្មភាពបែបនេះ កើតឡើងញឹកញាប់ខ្លាំងពេក”។

គូសបញ្ជាក់ផងដែរថា នេះគឺជាហេតុការណ៍ នៃការបាញ់ប្រហារក្នុង ទ្រង់ទ្រាយធំថ្មីមួយទៀតហើយ នៅក្នុងសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង៕

ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)
ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)
ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់ (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត