សម្តេចតេជោ ​ហ៊ុន សែន​ ៖ មិនមានជោគជ័យ​ណាមួយរត់មក​រកយើងដោយខ្លួនឯងទេ

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​បង្ហោះនៅព្រឹកថ្ងៃទី០៣ ​ធ្នូ ២០១៥​ មានខ្លឹមសារ​ទំាងស្រុងថា " បងប្អូនជនពិការ​ ជាទីគោរពស្រឡាញ់ ​។ ខ្ញុំបានចេញសារាចរណែនាំ​មួយហើយ ​លើការរៀបចំទិវាជនពិការថ្ងៃទី ​៣ ខែធ្នូ ២០១៥នេះ។ ​ខ្ញុំចង់និយាយ​ទៅកាន់បងប្អូនក្នុង
ឋានៈជាជនពិការដូចគ្នាថា ​យើងពិការតែរាងកាយ ​តែយើងមិនពិការផ្លូវចិត្តទេ ​។ យើងសូមបងប្អូន​ដែលមិនពិការមេត្តា​កុំរើសអើងជាមួយពួកយើង​ រហូតប្រមាថយើងថា
អាខ្វាក់​ អាកំបុត ​អាគ ​អាថ្លង់។ល។

បទពិសោធន៍ដែលខ្ញុំជា​ជនពិការម្នាក់ ​អាចដឹកនាំចលនាតស៊ូរំដោះជាតិបាន ​រកសន្តិភាព​ និងការអភិវឌ្ឍបាន ​រហូតកាន់តំណែង​កំពូលជាង៣០ឆ្នាំបាននោះ គឺផ្តើមចេញ​ពី ការខិតខំតស៊ូដោយខ្លួនឯង​ និងមានការគាំទ្រពីប្រជាជន​។មិនមានជោគជ័យ​ណាមួយរត់មករកយើងដោយ​ខ្លួនឯងទេ ​គឺមានតែយើងទេដែល​ ត្រូវរត់ទៅ​រកជោគជ័យនោះ។

ខ្ញុំសូមអំពាវនាវទៅ​កាន់ស្ថាបន័រដ្ឋនិង ផ្នែកឯកជន ជួយបង្កលក្ខណះឱយបងប្អូនជន​ពិការទទួលបាននូវការ​បណ្តុះបណ្តាល និងទទួលបាននូវការងារ​ធ្វើសមរម្យ ។ សូម
ជួយរៀបចំ​កន្លែងសំរាប់ធ្វើដំណើរ​របស់ជនពិការនៅ​តាមអាគារនៃស្ថាបន័រដ្ឋនិងក្រុមហ៊ុនឯកជន ​ព្រមទាំងតាមទីកន្លែង​ផ្សេងទៀត ដូចជាព្រលានយន្តហោះ​ កំពង់ផែ។ល។

សូមស្ថានីយទូរទស្សន៍​ជួយរៀបចំឱយមានអ្នក​ប្រើភាសាសញ្ញាដើម្បីជួយឱយអ្នកគ​ ថ្លង់ ​អាចទទួលបាននូវព័ត៏មាន​។សូមអរគុណដល់​សប្បុរសជន​ទាំងអស់ដែលបានជួយ ដល់ជនពិការ ​។ ហើយខ្ញុំមិនភ្លេច​អរគុណចំពោះភរិយាខ្ញុំ ​ដែលបានទទួលយកខ្ញុំជាជនពិការ​ ជាស្វាមីតាំងពីគ្រាក្រ​ និងពេលវេលាដ៏លំបាកបំផុត "៕