មនុស្ស ១៤នាក់ស្លាប់ ដោយសារការ បាញ់ប្រហារនៅ កាលីហ្វរញ៉ា

សាន់ប៊ែណាឌីញ៉ូ ៖ មនុស្ស ១៤នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ ពីខ្មាន់កាំភ្លើង មួយក្រុម បានបង្កការបាញ់ប្រហារ កាលពីថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ ២០១៥ ទៅលើ មជ្ឈមណ្ឌលគាំពារ សង្គម មួយកន្លែង ក្នុងទីក្រុង សាន់ប៊ែណាឌីញ៉ូ នៃរដ្ឋកាលីហ្វរញ៉ា ភាគ និរតីសហរដ្ឋអាមេរិក ស្របពេលដែល បុគ្គលិករាប់រយនាក់កំពុងធ្វើការ។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយតាមសម្តីរបស់មន្ត្រីប៉ូលិសអាមេរិក នៅថ្ងៃព្រហស្បតិ៍ នេះទៀតថា បុរសខ្មាន់កាំភ្លើងប្រមាណជា ៣នាក់ បានជិះរថយន្តពណ៌ខ្មៅមួយគ្រឿងមកដល់ កន្លែងកើតហេតុ ហើយម្នាក់ ក្នុងចំណោមពួកគេទាំងនោះ បានចុះពីលើឡាន រួចក៏ បាន ទាញកាំភ្លើង បាញ់មកលើមជ្ឈមណ្ឌល ខាងលើនេះតែម្តង។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលខាងលើនេះគឺជាទីកន្លែងសប្បុរសធម៌មួយ ដែលតែងតែផ្តល់ការងារ សម្រាប់ជន ដែលគ្មានទីពឹង។ ការបាញ់ប្រហារទាំងកម្រោលនៅកាលីហ្វរញ៉ាលើកនេះ បាន កើតឡើងតែមួយសប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារមួយដែរ បានកើតឡើងនៅរដ្ឋ ខូឡូរ៉ាដូ បណ្តាលឲ្យជន ស៊ីវិល ២នាក់ និង ប៉ូលិសម្នាក់បាត់បង់ជីវិត។

ប៉ូលិស មិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណ របស់ក្រុមជនបង្ក នៅឡើយទេ រហូតមកដល់ពេល នេះ ដោយអ្វីៗគ្រប់យ៉ាង កំពុងស្ថិតនៅក្នុងការ ស៊ើបអង្កេត។ ប៉ុន្តែបន្ទាប់ពីការ បាញ់ប្រហារ នោះ ប៉ូលិសបានបាញ់ សម្លាប់ជនបង្ក ២នាក់ នៅហ្នឹងកន្លែងកើតហេតុ ព្រមទាំងបានរក ឃើញគ្រឿង ផ្ទុះមួយ ចំនួនទៀតនៅក្បែរអគារមជ្ឈមណ្ឌល ដែលទំនងជាជនបង្កទាំងនោះ បានដាក់មុនធ្វើការ បាញ់ ប្រហារ៕

មនុស្ស ១៤នាក់ស្លាប់ ដោយសារការ បាញ់ប្រហារនៅ កាលីហ្វរញ៉ា