សំណុំរឿង​គ្រូពេទ្យ ព្យាបាល ឆ្លង​មេរោគ​អេដស៍ នៅ​ភូមិ​រកា តុលាការ​ផ្តន្ទាទោស​ទោស​គ្រូពេទ្យ ដាក់ពន្ធនាគារ ២៥ ឆ្នាំ​

បាត់ដំបង: តុលាការខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ គ្រូពេទ្យ យ៉ែម ជ្រិ​ន​ ២៥​ឆ្នាំ និង​ពិន័យ ៥​លាន​រៀល ក្នុង​សំណុំរឿង​ព្យាបាល​អ្នកភូមិ​រកា ឆ្លង​មេរោគ​អេដស៍​ប្រមាណ ៣០០ នាក់​។ សេចក្តី​សម្រេច​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សវនាការ​ច្រើន​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។​

ក្នុង​សាលក្រម​នោះ ចៅក្រម​តុលាការខេត្ត​បាត់ដំបង ក៏បាន​បញ្ជា​ឲ្យ​គ្រូពេទ្យ​ភូមិ យ៉ែម ជ្រិ​ន សងជំងឺចិត្ត​ដល់​ជនរងគ្រោះ សរុប​ចំនួន​ ១០៧ ​នាក់ នូវ​ទឹកប្រាក់​ពី ៥​ម៉ឺន​រៀល ទៅ ១២ ម៉ឺន​រៀល​។​

​លោក យ៉ែម ជ្រិ​ន ដែល​ធ្វើ​ឲ្យ​រាលដាល​មេរោគ​អេដស៍ និង​ចម្លង​មេរោគ​នេះ ទៅ​អ្នកភូមិ​ជាច្រើន​រយ​នាក់ ក្នុង​ឃុំ​រកា ខេត្តបាត់ដំបង ត្រូវបាន​ចៅក្រម​កែប្រែ​បទ​ចោទ​ប្រកាន់​ ​ពី​មាត្រា​ ២០៥ ​ទៅ​ចោទ​តាម​មាត្រា​ ២១៥ ​នៃ​ក្រមព្រហ្មទណ្ឌ​វិញ​។ គ្រូពេទ្យ​ភូមិ​រកា យ៉ែម ជ្រិ​ន ត្រូវបាន​កាត់ទោស​ក្នុង​បទចោទប្រកាន់ បី​បទល្មើស រួមមាន បើក​គ្លីនិក​ព្យាបាល​អត់​ច្បាប់​អនុញាត បង្ក​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ជនរងគ្រោះ​ ​និង​ទារុណ​កម្ម បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​។​

​សូម​រម្លឹកថា តុលាការខេត្ត​បាត់ដំបង បានចាប់ផ្តើម​បើកសវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ គ្រូពេទ្យ យ៉ែម ជ្រិ​ន កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។ សវនាការ​ជំនុំជម្រះ​នោះ បាន​ធ្វើឡើង​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែតុលា​។​

​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា យ៉ែម ជ្រិ​ន ត្រូវបាន​ចាប់ខ្លួន កាលពី​ខែធ្នូ ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​អ្នកភូមិ​រកា​រាប់រយ​នាក់ ទៅធ្វើ​តេស្ត​ឈាម នៅ​មណ្ឌល​សុខភាព​រកា​។ លទ្ធផល​នៃ​ការធ្វើ​តេស្ត​ឈាម​ទាំងនោះ រកឃើញថា អ្នកភូមិ​ប្រមាណ​ជា​ជិត ៣០០ នាក់ មាន​ផ្ទុកមេរោគ​អេដស៍​។ មកដល់​ខែធ្នូ ឆ្នាំ​២០១៥ នេះ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ប្រមាណ​ជា ១០ នាក់​បាន​ស្លាប់ ដោយសារ​ជំងឺអេដស៍​។ មេរោគ​អេដស៍​នោះ ត្រូវបាន​ឆ្លង​ដោយ​ការព្យាបាល​ជំងឺ​របស់​គ្រូពេទ្យ យ៉ែម ជ្រិ​ន​៕​

សំណុំរឿង​គ្រូពេទ្យ ព្យាបាល ឆ្លង​មេរោគ​អេដស៍ នៅ​ភូមិ​រកា តុលាការ​ផ្តន្ទាទោស​ទោស​គ្រូពេទ្យ ដាក់ពន្ធនាគារ ២៥ ឆ្នាំ​
គ្រូពេទ្យភូមិរកា យ៉ែម ជ្រិន ត្រូវបានតុលាការខេត្តបាត់ដំបង ផ្តន្ទាទោសដាក់ពន្ធនាគារ ២៥ ឆ្នាំ ក្នុងរឿងព្យាបាលអ្នកភូមិ ឆ្លងមេរោគអេដស៍
( រូបភាពពីវិទ្យុអាស៊ីសេរី )