តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​អ្នក​កាសែត​៣​នាក់​ឲ្យ​ចូល​បំភ្លឺ

អ្នក​កាសែត​ក្នុង​ស្រុក​​ចំនួន ៣​នាក់ ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​​​​ព្រះរាជ​​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​អ្នក​កាសែត​ទាំង​នោះ​ បាន​ដាក់​ពាក្យ​ប្ដឹង​​​​ករណី​​​មន្ត្រី​ប៉ូលិស​​​​វរការពារ​ព្រំដែន​ច្រក​របៀង​ចំបក់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ គំរាមកំហែង​ ខណៈ​ពួកគេ​​ចុះ​យក​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៅ​តំបន់​នោះ​​ កាល​ពី​ថ្ងៃ​៣០ តុលា​កន្លង​ទៅ។

​​ក្រុម​អ្នក​កាសែត​ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ ហៅ​ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យកា​អម​សាលា​ដំបូង​ខេត្ត​នេះ​ ថា​ជា​សញ្ញា​មួយ​ល្អ​​​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ពេល​កន្លង​ទៅ។

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស ខេត្ត​បន្ទាយមានជ័យ ម្នាក់ គឺ​លោក ផូ ប៊ុនថន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ធ្នូ ថា លោក​ទន្ទឹង​រង់ចាំ​​ពេល​វេលា​​ដើម្បី​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​​ជា​យូរ​ថ្ងៃ​មក​ហើយ ដើម្បី​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ចាប់​ជន​ប្រព្រឹត្ត​ផ្ដន្ទាទោស​តាម​ផ្លូវ​​ច្បាប់​ឲ្យ​បាន​ឆាប់រហ័ស។

លោក​សង្ឃឹម​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពួកគេ​ដោយ​មិន​លំអៀង បន្ទាប់ពី​រូប​គាត់​​បាន​ឆ្លើយ​បំភ្លឺ​អំពី​រឿង​ដែល​កើត​ឡើង ខណៈ​ដែល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​នា​ពេល​កន្លង​ទៅ​​នោះ៖ «បាទ! មន្ត្រី​តុលាការ​សាកសួរ​ពួក​ខ្ញុំ​តាម​សម្រួល ដោយ​​ពុំ​មាន​ការ​សម្លុត​​គំរាមកំហែង​ ដើម្បី​ឲ្យ​ឆ្លើយ​នោះ​ទេ។ ខ្ញុំ​គិត​ថា​ ​តុលាការ​ហាក់​ចង់​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ហើយ​មើល​ទៅ»

​ការ​ចូល​បំភ្លឺ​របស់​អ្នក​កាសែត​ទាំង​៣ រួម​មាន​លោក​ កែវ វុទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ លោក ផូ ប៊ុនថន អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស និង​លោក នីម វណ្ណា អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ធ្វើ​ឡើង​ទៅ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត ​នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយ​​​បំភ្លឺ​ករណី​ដែល​បាន​ប្ដឹង​លោក​ ធិន ម៉ាណាន ហៅ​ប្រុស ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ធ្នូ។

មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដីកា​កោះ​ហៅ​របស់​ព្រះរាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​នេះ​ គឺ​ជា​សញ្ញា​មួយ​ល្អ​​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​អ្នក​កាសែត​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​មន្ត្រី​ប៉ូលិស​វរការពារ​ព្រំដែន​​ច្រក​របៀង​ចំបក់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ គំរាមកំហែង​ក្នុង​ខណៈ​ចុះ​យក​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៅ​តំបន់​នោះ។

លោក ស៊ុំ ច័ន្ទគា៖ «ករណី​របស់​អ្នក​កាសែត​នេះ​ ជា​បណ្ដឹង​អាជ្ញា​ដែល​មិន​អាច​រលត់​បាន​ទេ​ ទាក់ទង​នឹង​ជន​ដែល​ប្រព្រឹត្ត​នោះ។ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​កុំឲ្យ​ជន​នោះ​ប្រព្រឹត្ត​ខុស​លើ​អ្នក​ដទៃ​នៅ​​ថ្ងៃ​ក្រោយ​ទៀត»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា កន្លង​ទៅ​ អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​​ចំនួន ៣​នាក់ រួម​មាន​លោក​ កែវ វុទ្ធី អ្នក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ លោក​ ផូ ប៊ុនថន​ អ្នក​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស និង​លោក នីម វណ្ណា​​ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ អះអាង​ថា​ ​មន្ត្រី​ប៉ូលិស​វរការពារ​ព្រំដែន​ប្រចាំ​ច្រក​របៀង​ចំបក់​ស្រុក​ម៉ាឡៃ ឈ្មោះ​ លោក ប្រុស​ ហៅ ម៉ាប់ បាន​​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ និង​បោក​ម៉ាស៊ីន​ថត​រូប​ខូច​​មួយ​គ្រឿង ខណៈ​ពួកគេ​ចុះ​យក​ព័ត៌មាន​ពី​ការ​លួច​នាំ​ពលករ​ធ្វើ​​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​ថា វា​ជា​រឿង​មិន​ពិត​ឡើយ។​

​​ទោះ​យ៉ាង​ណា​ថ្មីៗ​នេះ​​ អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​បង្ហាញ​ថា​ អ្នក​សារព័ត៌មាន​ គឺ​ជា​ជនរងគ្រោះ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដទៃ​ទៀត ក្នុង​ករណី​និទ្ទណ្ឌភាព​ នៅ​ពេល​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា លើក​ឡើង​ចំណុច​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន។ អ្នក​ទាំង​នោះ​តែង​ប្រឈម​នឹង​ការ​គំរាម​ដល់​អាយុ​ជីវិត និង​សម្លាប់ ហើយ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ មក​អ្នក​​ព័ត៌មាន​ចំនួន ១៣​នាក់​​ហើយ​ត្រូវ​បាន​សម្លាប់។ក្នុង​ចំណោម ១៣​ករណី​នោះ​ មាន​តែ ២​ករណី​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​​ រី​ឯ​ជនល្មើស​ដទៃ​ទៀត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។