អំពើអាក្រក់​របស់​តុលាការខេត្ត​រតនគិរី ត្រូវ​កម្លាំង​ប្រជាពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​យ៉ាងខ្លាំង​ក្លា

សំណុំរឿង​លោក ហ៊ាង សុជាតិ ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ហើយ​ប្តឹង​ប្រជាពលរដ្ឋ​ដាក់ពន្ធនាគារ​ទៀត​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​អត់​ទ្រាំលែងបាន ហើយ​តវ៉ា​ទាមទារ​យុត្តិធម៌​ដោយ​ខ្លួនឯង​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ជាង​១៥០​នាក់ មកពី​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ បាន​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្តរតនគិរី កាលពី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ នៅពេលដែល​តុលាការ​ចោទប្រកាន់​អ្នកភូមិ​៣​រូប​។ ដោយ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ហួសហេតុ ទើប​ប្រជាពលរដ្ឋ​ជាង​១៥០​នាក់​វាយកម្ទេច​របង​ទ្វារ​តុលាការ និង​សម្រុក​ចូលក្នុង​បរិវេណ​តុលាការ ដើម្បី​ជួយ​ដល់​អ្នកភូមិ​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​។

ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បាន​វាយកម្ទេច​ទ្វាររបង​តុលាការ ដោយសារ​ខឹង​សមត្ថកិច្ច​ចាប់​តំណាង​ពួកគាត់​៣​រូប​យកទៅដាក់​ពន្ធនាគា​រ​យ៉ាង​អយុត្តិធម៌​ក្នុងពេល​សវនាការ​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​លោក ហ៊ាង សុជាតិ​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​រស់នៅ​លើដី​នោះ​តាំងពី​ឆ្នាំ​២០០៦-២០០៧​រហូតមក ស្រាប់តែ​លោក ហ៊ាង សុជាតិ ទៅ​រំលោភ​កាន់​កាន់​ដីធ្លី​របស់​ពួកគាត់​យ៉ាង​កំរោល ហើយ​បន្ទាប់មក​តំណាង​របស់​ពួកគាត់​៥​រូប ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​សវនាការ​ក្នុងនោះ​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យកទៅដាក់​ពន្ធនាគារ​។ ចំណែក​លោក ហ៊ាង សុជាតិ ដែលជា​អ្នក​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់​បែរជា​រួចខ្លួន ហេតុនេះហើយ​ទើប​ពួកគាត់​វាយកម្ទេច​ទ្វាររបង​តុលាការ ដើម្បី​ជួយ​ដល់​អ្នកភូមិ​៣​នាក់​ដែល​ត្រូវគេ​នាំចេញ​តាម​ទ្វារក្រោយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ នៅ​យប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ សាលាខេត្ត​រតនគិរី បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់​បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាង​១៥០​នាក់​ខឹងសម្បា​នឹង​តុលាការ រហូតដល់​វាយកម្ទេច​របង​ទ្វារ​សាលាដំបូង​ខេត្ត ដើម្បី​ជួយ​ដល់​គ្នីគ្នា​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា​មន្ត្រី​តុលាការខេត្ត​រតនគិរី ជាពិសេស​លោក សួស ឡា ប្រធាន​តុលាការខេត្ត ប្រព្រឹត្ត​អំពើអាក្រក់​យ៉ាងខ្លាំង ហើយ​ការពារ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ករណី​ប្រជាពលរដ្ឋ​វាយកម្ទេច​របង​ទ្វារ​សាលាដំបូង​ខេត្តរតនគិរី កាលពី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ជា​ភស្តុតាង​បង្ហាញថា តុលាការខេត្ត​រតនគិរី ប្រព្រឹត្ត​អំពើអាក្រក់​ហួសហេតុ​ដែល​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន​៕

Hong-0029 Lay-0723CH-00009