អ្នក​ភូមិ​ចោទសាស្ត្រាចារ្យ​​ច្បាប់​ម្នាក់ ​សង់សំយ៉ាប​ផ្ទះ​រំលោភ​ផ្លូវសាធារណៈ

ខេត្ត​ស្វាយរៀង ៖ កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២​ ធ្នូ ​២០១៥ ​គម្រោង​ស្ថាបនា​ផ្លូវ​បេ​តុង​មួយ​​ខ្សែ​ប្រវែង​១៣៤​ម៉ែត្រ ​ទទឹង​៥,៥​ម៉ែត្រ ​ស្ថិត​នៅ​ត្រង់​​ចំណុច​​ផ្សារ​ប្រ​សូ​ត្រិចាស់​ ក្នុងភូមិ​ប្រ​សូ​ត្រិ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុកស្វាយ​ទាប ខេត្តស្វាយ​រៀង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​៦៤​គ្រួសារ​ លើកគ្នា​មក​តវ៉ា​ និង​ឃាត់​គ្រឿង​ឱ្យ​​ផ្អាក​ការ​ឈូស​ឆាយ​ចាក់​ខ្សាច់ ​ដើម្បី​ស្ថាបនា​ធ្វើ​ផ្លូវ​បេ​តុង​នោះ​សិន ​ខណៈ​ដែល​វិវាទ​ដំណោះ​​ស្រាយ​បញ្ហា​ពង្រីក​ផ្លូវ​ នៅ​ពុំ​ទាន់​ដោះ​ស្រាយ​ចេញ​នៅ​​ឡើយ​ ។

ប្រភព​ពី​​​ពលរដ្ឋ​​ឱ្យ​ដឹង​ថា ​គម្រោង​ស្ថាបនា​ផ្លូវ​បេ​តុង​មួយ​ខ្សែ ​ដែល​មាន​ប្រវែង​១៣៤​ម៉ែត្រ ​ទទឹង​៥,៥​ម៉ែត្រ ​ដែល​ជា​គម្រោង​របស់​សាលាស្រុក​ស្វាយ​ទាប ​ត្រូវ​បាន​ក្រុមហ៊ុន អូ អេស ស៊ី​ ដែល​ជា​អ្នក​ដេញថ្លៃ​គម្រោង​នេះ​បាន​ហើយ ​នៅ​ពេល​កន្លង​មក ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ពង្រីក​ឱ្យ​៨​ម៉ែត្រ​ ស្មើ​និង​ផ្លូវ​ចាស់​ពី​មុន​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​បោះបង្គោល​ធ្វើការ​វាស់វែង​ជាក់​ស្តែង​វិញ​នោះ​ ស្រាប់តែ​គម្រោង​ពង្រីក​ផ្លូវ​៨​ម៉ែត្រ​នោះ​ ប៉ះពាល់​ផ្ទះ​៦​គ្រួសារ ​ប៉ុន្តែ​១​គ្រួសារ​មិន​យល់ព្រម​​ដោយ​មូលហេតុ​ការ​ពង្រីក​ផ្លូវ​នោះ​ ត្រូវ​ចូល​ប្រហែល​២​ម៉ែត្រ​ ហេតុ​ដូច្នេះ​ហើយ​​ទើប​ប្រជាពលរដ្ឋ​ទាំង​៦៤​គ្រួសារ​នោះ​ បាន​ដាក់​បណ្តឹង​ទៅ​លោក​អភិបាល​ស្រុក​​ស្វាយ​ទាប​ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​ សូម​ប្តឹង​តវ៉ា​ចំពោះ​ឈ្មោះ​ឥន លី​ន​ ជា​សាស្ត្រាចារ្យ​ច្បាប់​បង្រៀន ​នៅ​សាកល​វិទ្យា​ល័យ​​ស្វាយ​រៀង ​ដែល​បាន​សាងសង់​ផ្ទះ​បំពាន​លើ​ដី​ផ្លូវ​សា​ធារ​ណៈ​ចូល​តាម​ផ្លូវ​មក​ផ្ទះ​របស់​ពួក​គាត់​ទាំងអស់​គ្នា​ ដែល​ធ្វើ​ឲ្យ​ផ្លូវ​មាន​លក្ខណៈ​​តូច​ចង្អៀត​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ ។

ប្រភព​​បន្ត​​​ទៀត​ថា ​ឥឡូវនេះ​ អាជ្ញាធរ​ដែនដី​បាន​សាងសង់​ផ្លូវ​នេះ​ជួន​ប្រជាពលរដ្ឋ​ហើយ​ តែ​ឈ្មោះឥន លី​ន មិន​ព្រម​រុះរើ​សំ​យ៉ាប​ផ្ទះ​ដែល​ប៉ះពាល់​លើ​ផ្លូវ​នេះ​ទេ​ ។​ ហេតុនេះ​ហើយ​ ទើប​ពួក​គាត់​ទាំងអស់​គ្នា ​សំណូមពរ​លោក​អភិបាលស្រុក​ស្វាយ​ទាប​ ​ជួយ​សម្រួល​ដោយ​ឱ្យ​​លោក​ឥន លី​ន រុះរើ​សំ​យ៉ាប​ផ្ទះ​ ដែល​សង់​ចូល​ដី​ផ្លូវ​សាធារណៈ​ចេញ​មុន​ ពេល​សាងសង់​ផ្លូវ​នេះ​ ។​ បើ​ឈ្មោះ ឥន លី​ន ​មិន​ព្រម​រុះ​រើ​ចេញ​ទេ​ ពួក​គាត់​ទាំងអស់​គ្នា​ មិន​ព្រម​នៅ​ស្ងៀម​ឡើយ​ ។

ពាក់ព័ន្ធ​ករណី​នេះ​ គេ​សង្កេត​ពុំ​ឃើញ​មាន​មន្ត្រី​សាលាស្រុក ​ឬ​មន្ត្រី​ណាមួយ​ចេញ​​មុខ​មក​មើល​ហេតុការណ៍​នេះ​​ឡើយ​ ។ ដោយ​ឡែក​​ សមត្ថកិច្ច​បាន​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ចៀស​វាង​កើត​មាន​អំពើ​ហិង្សា​ ព្រមទាំង​ឃាត់​គ្រឿងចក្រ​ ឱ្យ​​ផ្អាក​មិន​ឱ្យ​​ដំណើរការ​ រង់​ចាំ​រក​ដំណោះស្រាយ​ពេល​ក្រោយ​ទៀត ​។ ពាក់​ព័​ន្ធ​​ករណី​ខាងលើ​នេះ​ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​នៅឡើយ​ទេ​ ។