បាញ់ប្រហារ​ថ្មី​យ៉ាង​បង្ហូរឈាម​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ស្លាប់​14​នាក់

យោង​តាម​តុល្យការ​បណ្តោះអាសន្ន​មួយ​ថា ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​ថ្មី​មួយ​កើត​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២ ធ្នូ នា​វេលា​ម៉ោងជាង​១១​ម៉ោង​ក្នុងស្រុក​បន្តិច​នៅ​ទីក្រុង​សាន់​ប័​រណា​ឌី​ណូ ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​១៧​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ​នេះ ។

សោកនាដកម្ម​នោះ​កើត​មាន​ក្នុង​ឱកាស​នៃ​ពិធីជប់លៀង​មួយ​រៀបចំ​ឡើង​ដោយ​មន្ទីរ​សុខាភិបាល​សាធារណៈ​ក្រុង​នៅ​ក្នុង​សាល​មួយ​របស់​មជ្ឈមណ្ឌល INLAND REGIONAL CENTER ជា​មជ្ឈមណ្ឌល​ដែល​ធ្វើការ​ជាមួយ​បណ្តា​អ្នកជំងឺ​ពិការ​រាង​កាយ ឬ​មាន​ជំងឺសរសៃប្រសាទ ។ លោក MARYBETH FEILD ប្រធាន​អគ្គនាយក​របស់ INLAND REGIONAL CENTER ថ្លែងប្រាប់​កាសែត​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថែម​ថា ខ្ញុំ​មិន​យល់​ហេតុ​អី​ក៏​មាន​មនុស្ស​បាញ់​លើ​មនុស្ស​ទាំងនេះ ។

យោង​តាម​ប៉ូលិស​ថា បុរស​៣​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​លុក​ចូល​ក្នុង​មជ្ឈមណ្ឌល​សង្គម​នោះ​ដែល​មក​ជួយ​ជន​ពិការ​ក្នុង​ទីក្រុង​នេះ ។

យោង​តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​ថា ខ្មាន់កាំភ្លើង​ទាំង​៣​នាក់​ធ្វើ​សកម្មភាព​ដោយ​មានការ​រៀបចំ និង​ប្រកបដោយ​ការ​តាំងចិត្ត រួច​ពួក​គេ​បន្លំ​ខ្លួន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ។ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ យោង​តាម​សាក្សី​ជា​ច្រើន​ថា ជនសង្ស័យ​ទាំងនេះ​បាន​រត់គេច​ខ្លួន​តាម​រថយន្ត​មួយ​គ្រឿង ។

ប៉ុន្មាន​ម៉ោង​ក្រោយមក​ទូរទស្សន៍​មូលដ្ឋាន​បង្ហាញ​រថយន្ត​នេះ ដែល​មាន​ស្នាម​ត្រូវ​គ្រាប់​សុស បន្ទាប់​ពី​ត្រូវ​ប៉ូលិស​ដេញ​តាម ។ ពេល​បាញ់​ត​គ្នា​មនុស្ស​២​នាក់​ក្នុង​រថយន្ត គឺ​បុរស​ម្នាក់​និង​ស្រី​ម្នាក់​ត្រូវ​ស្លាប់ រួច​ប៉ូលិស​ម្នាក់​ក៏​រង​របួស​ដែរ ។ ចំណែក​មនុស្ស​ទី​៣​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។ ស្ត្រី​អ្នកនាំពាក្យ​ប៉ូលិស​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​ថា វា​ជា​ការ​ប្រញាប់​ប្រ​ញល់​ពេក ដើម្បី​បញ្ជាក់​ថា​តើ​រថយន្ត​នេះ​ចូល​ឡូ​កឡំ​ក្នុង​ការ​បាញ់ប្រហារ​ឬ​យ៉ាងណា?រាល់​អគារ​រដ្ឋ​នៃ​ទីក្រុង​នេះ​ត្រូវ​បិទទ្វារ ។ FBI និង​ភ្នាក់ងារ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ។

នេះ​ជា​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​ថ្មី​នៅ​សហរដ្ឋ​អា​មេ​រិ​ក បន្ទាប់​ពី​ការ​បាញ់ប្រហារ​នៅ​សាលារៀន SANDY HOOK កាលពី​ខែធ្នូ ឆ្នាំ​២០១២ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៦​នាក់ ដោយ​ស្នាដៃ​ខ្មាន់កាំភ្លើង​ម្នាក់​ឈ្មោះ ADAM LANZA ដែល​ក៏​សម្លាប់​ម្តាយ​របស់​គេ ហើយ​ធ្វើ​អត្តឃាត ៕