លោក William Heidt ប្រគល់សារតាំង ជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា

ភ្នំពេញ៖ ក្រោយបង្ហាញខ្លួន កាលពីខែកញ្ញាកន្លងទៅ តាមរយៈហ្វេសប៊ុកផេករបស់ស្ថានទូតអាមេរិកប្រចាំ កម្ពុជា  លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី William Heidt ដែលអាចនិយាយភាសា ខ្មែរបានយ៉ាងល្អ បានប្រគល់សារតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហ រដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៥នេះបានដឹងថា ក្នុងកម្មវិធីប្រគល់សារតាំងរបស់ William Heidt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ដល់សម្តេច វិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី ២ ខែធ្នូ ឆ្នាំ ២០១៥ ម្សិលមិញ នេះនាវិមានព្រឹទ្ធសភា លោកឧបនាយកករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួម នៅក្នុងពិធីនោះដែរ។

លោកឯកអគ្គរដ្ឋទូត Heidt បានជំរាបសម្តេច វិបុល សាយ ឈុំ ថា ដោយភាគីទាំងសងខាងមាន សុឆន្ទៈ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាអាចធ្វើការជាមួយគ្នាបានយ៉ាងច្រើន ដើម្បីពង្រឹងទំនាក់ ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថាបន្តថា “តាំងពីយើងបានមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចំរើននៅកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ខ្ញុំរីករាយនឹងធ្វើការជាមួយរាជរដ្ឋាភិបាល  វិស័យឯកជន សង្គមស៊ីវិល និង ប្រជាជនកម្ពុជា ដើម្បីកសាងទំនាក់ទំនងកាន់តែរឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា”។

សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត Heidt បានទទួលការយល់ព្រម អោយធ្វើជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសកម្ពុជាពីព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៥ ហើយបាន ស្បថចូលបំពេញការងារ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៥៕

លោក William Heidt ប្រគល់សារតាំង ជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា

លោក William Heidt ប្រគល់សារតាំង ជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា