អង់គ្លេស ចាប់ផ្តើម វាយកម្ទេច ISIS នៅស៊ីរី

ឡុងដ៍៖ យន្តហោះចម្បាំង របស់ចក្រភពអង់គ្លេស ចំនួនពីរគ្រឿង បានចាកចេញពីមូលដ្ឋាន ក្នុង ប្រទេស សាយព្រឺស ហើយ កាលពីពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ ២០១៥ នេះ ដែលវា បានប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីសភាអង់គ្លេស បានបោះឆ្នោតយល់ព្រមឲ្យ ចក្រភពនេះ ទម្លាក់គ្រាប់ បែក កម្ទេចក្រុម ISIS ក្នុងទឹកដីស៊ីរី។

សារព័ត៌មានអង់គ្លេស តេឡេក្រាហ្វ ចេញផ្សាយបន្តទៀតថា ការចេញប្រតិបត្តិការ វាយ ប្រហារក្រុម ISIS នេះ គឺតបតាមការស្នើសុំពីបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែល បានទទួលរងគ្រោះ ជាពិសេស បារាំងតែម្តង។ សហរដ្ឋអាមេរិក និង បារាំង ព្រមទំាង អូស្ត្រាលី បាននឹងកំពុង វាយប្រហារពួក ISIS នៅស៊ីរី ស្រាប់ទៅហើយ។

គួរបញ្ជាក់ថា ក្រោយពីការវាយប្រហារនៅទីក្រុងប៉ារីស ថ្ងៃទី១៣ ខែវិច្ឆិកា នោះ បណ្តាប្រទេស អឺរ៉ុប និង អាមេរិក មួយចំនួនទៀត បានក្លាយជាគោលដៅនៃការវាយប្រហារ របស់ក្រុមរដ្ឋ អ៊ីស្លាម ដោយក្នុងនោះ ប្រទេសអ៊ីតាលី និង អាល្លឺម៉ង់ ព្រមទាំងអេស្ប៉ាញ ក៏ទំនងជាអាចចូល រួមនៅក្នុង ការវាយប្រហារ ISIS បន្ទាប់ពី អង់គ្លេសដែរ៕

អង់គ្លេស ចាប់ផ្តើម វាយកម្ទេច ISIS នៅស៊ីរី