គណៈ​បញ្ជា​ឯកភាព​ខណ្ឌ​សែន​សុខ ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ឃាត់ខ្លួន​មនុស្ស​២​នាក់​

ភ្នំពេញ​: គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ បានដាក់​កំលាំង សមត្ថកិច្ច​ជាច្រើន​នាក់ ធ្វើការ​ត្រួតពិនិត្យ​អាវុធ ជាតិផ្ទុះ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ភ្នំពេញ ហាណូយ (១០១៩) ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​
​សែន​សុខ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជួន​ប្រជាពលរដ្ឋ ។​

​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ បាន​មានប្រសាសន៍ថា ដើម្បី​រិត​បន្តឹង​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទូទាំង ខណ្ឌ​សែន​សុខ សាលាខណ្ឌ បាន​
​បង្កើត​គណៈបញ្ជាការ​ឯកភាព ដែលមាន​កំលាំង​ចូលរួម សរុប​ចំនួន ២៩​នាក់ ក្នុងនោះ​មាន​មន្ត្រី​ខណ្ឌ​ចំនួន ១០​នាក់ នគរបាល​ខណ្ឌ​ចំនួន ១៣​នាក់ កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន ៤​នាក់ សណ្តាប់ធ្នាប់​ខណ្ឌ ចំនួន​១១​នាក់ បាន​ពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន ៨៦​គ្រឿង ដោយបាន​ឃាត់ខ្លួន ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ២​នាក់ និង​ដកហូត​គ្រឿងញៀន ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN.5101 ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ទុយ សុខ​ជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង បាញ់ថ្នាំ​រថយន្ត ស្នាក់នៅ​ភូមិ​ថ្មី​ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម និង​ទី​២.​ឈ្មោះ ឡូយ សុ​ភ័​ក្ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ជុស​ជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​-​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មាន​ស្រុកកំណើត ស្រុក​អូរ​សំរោង ខេត្តកំពង់ចាម ។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ៕V​/S