​រថយន្តក្រុង​ក្រុមហ៊ុន KSRV បើក​បុក​ម៉ូតូ​២​គ្រឿង ស្លាប់​និង​របួស​៤​នាក់​

បន្ទាយមានជ័យ: ស្ត្រី​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ រថយន្តក្រុង​ក្រុមហ៊ុន KSRV បាន​បើក​បុក​រះ ម៉ូតូ​២​គ្រឿង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​ផ្លូវ​ចូល​ផ្សា​ថ្មី (​អូរ​ស្ងួត​ខាងជើង​) ស្ថិតក្នុង​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។​

​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លាប់ ទី​១-​ឈ្មោះ ធី ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​មាន​ផ្ទៃពោះ​) និង​ទី​២-​ឈ្មោះ តូច សម្បត្តិ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​។ ទាំង​២​នាក់ រស់នៅ​ភូមិ​ដង​រុន​លិច ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី​។ រីឯ​ប្រុស​ស្រី​២​នាក់ ដែល​រងរបួស​ធ្ងន់ ទី​១-​ឈ្មោះ ច​ន រតនៈ ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​ត្រូវជា​កូន​), ឈ្មោះ តូច សម្បត្តិ​, ទី​២-​ឈ្មោះ តឿ ពន្លឺ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​អូរអណ្តូង​លិច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង បាន​រត់​គេចខ្លួនបាត់​។

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គឺ​ឃើញ​រថយន្តក្រុង​ក្រុមហ៊ុន​KSRV ពាក់​ស្លាក់​លេខ ភ្នំពេញ 2D.1902 បើកបរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ទៅបុក​ម៉ូតូ​ហុងដា ស៊េរី ចាស់ ដែល​បើកបរ​ចេញពី​ផ្សារ​ថ្មី (​អូរ​ស្ងួត​ខាងជើង​) ជិះ​ទិសដៅ​ពី​កើត បត់​ទៅ​ត្បូង​ពេញទំហឹង ហើយ​រថយន្តក្រុង បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ហុងដា ផលិត​ឆ្នាំ​២០០៣ ដែល​ជិះ​គ្នា ៣ នាក់ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង បញ្ច្រាសទិស​គ្នា ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង ខ្ទាតចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​ស្ត្រី ២ នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​២​នាក់​ទៀត​របួសធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បានមក​ដល់ និង​វាស់វែង រួច​យក​វត្ថុតាង​ទាំងអស់ ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា ជា​ក្រោយ​តាមច្បាប់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។ ដោយឡែក​សាកសព​ត្រូវបាន​ទាក់ទង​ទៅ​សាច់ញាតិ និង​ក្រុមគ្រួសារ មក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S