គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវ​ជាប់​គុក​២៥​ឆ្នាំ​ពាក់ព័ន្ធ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា

សាលា​ដំបូង​ខែត្រ​បាត់ដំបង នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ ២៥​ឆ្នាំ ពាក់ព័ន្ធ​បទ​ប្រព្រឹត្ត​បី​ករណី។ ក្នុង​នោះ​រួម​មាន​ប្រព្រឹត្ត​ដោយ​ចេតនា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេដស៍ ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ និង​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

ការ​ប្រកាស​សាលក្រម​នេះ​នៅ​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ​ចំនួន ៥​ថ្ងៃ និង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដោយ​តុលាការ​បាន​សាកសួរ​ដើម​បណ្ដឹង​ជិត ៩០​នាក់ ក្នុង​ចំណោម ១២០​នាក់ ព្រម​ទាំង​សាក្សី​ដាក់​បន្ទុក​ចំនួន ១០​នាក់ និង​សាក្សី​ដោះ​បន្ទុក​ចំនួន ៤​នាក់​ក្នុង​រយៈពេល ៥​ថ្ងៃ​នោះ។

គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​បើក​សវនាការ​កាត់​ទោស​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជិត ៣០០​​នាក់ ទៅ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា កាល​ពី​ចុង​ឆ្នាំ​២០១៤ ហើយ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មេរោគ​អេដស៍​​ ​និង​​​មាន​អ្នក​ស្លាប់​ចំនួន ១០​នាក់។ ក្រោយ​មក​សមត្ថកិច្ច​ខេត្ត​បាត់ដំបង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​​ បាន​ចុះ​ស្រាវជ្រាវ​នៅ​ផ្ទះ​គ្រូពេទ្យ​នោះ​​ រក​ឃើញ​វត្ថុ​សង្ស័យ​មួយ​ចំនួន។ សមត្ថកិច្ច​ក៏​បញ្ជូន​គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ​រូប​នេះ​ទៅ​តុលាការ​ធ្វើ​ការ​សាកសួរ និង​ចោទ​ប្រកាន់​តាំង​ពី​ពេល​នោះ​មក។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។