រឿងអាស្រូវ​នៃ​អំពើពុករលួយ​របស់​ម​ន្ត្រី​មន្ទីរអប់រំ​ខេត្តបាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​អប់រំ​

បើទោះបី​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ប្តេជ្ញា​កែទម្រង់​និង​លើកកម្ពស់​គុណភាព​នៃ​វិស័យ​អប់រំ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ខិលខូច​មួយចំនួន​នៅតែ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្នុង​វិស័យ​អប់រំ​ដដែល​។ ក្នុងនោះ​អំពើពុករលួយ​របស់​ម​ន្ត្រី​អប់រំ​ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង​មួយចំនួន គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​កំណែទម្រង់​វិស័យ​អប់រំ​ទៅមុខ​មិន​រួច​។ ជាក់ស្តែង​ករណី​អំពើពុករលួយ​របស់​ម​ន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា ហើយ​ជាន់​ឈ្លឺ​វិធានការ​កែទម្រង់​របស់​លោក ហង់ ជួនណា​រ៉ុ​ន ផងដែរ​។​

​ថ្មីៗ​នេះ​មន្ត្រី​មន្ទីរអប់រំ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​លោក ឆន ឈាង អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត ហើយ​ជា​ជំនួយការ​របស់លោក ងី សែត ប្រធាន​មន្ទីរអប់រំ បាន​រត់ការ​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​ធ្លាក់​ប្រែ​ទៅជា​ជាប់ និង​ទទួលបាន​និទ្ទេស​D​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ឆន ឈាង ហ៊ាន​ធ្វើបែបនេះ គឺ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​៦៥០​ដុល្លារ ហើយក៏​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​នៅក្នុង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណោះ​ទូទៅ​ផងដែរ​។ ដូច្នេះ​លោក ហង់ ជួនណា​រ៉ុ​ន គួរ​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងនោះ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​ឯកសារ​ដែល​លាតត្រដាង​ជា​សាធារណៈ​បាន​ឲ្យ​ដឹងថា ករណី​ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ធ្លាក់​ទៅជា​ជាប់​វិញ​នោះ គឺ​សិស្ស​ដែល​ប្រឡង​ធ្លាក់​មានឈ្មោះ សាត សេរី​បុត្រ ភេទ​ប្រុស កើត​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៩៦ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស និង​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤​។ បេក្ខជន​នេះ​ប្រឡង​នៅ​មណ្ឌល​គរុកោសល្យ​ភូមិភាគ បន្ទប់​លេខ​២៧ លេខ​តុ​៦៦១ ហើយ​តាម​លទ្ធផល​ទទួលបាន​លំដាប់​ពិន្ទុ​២៨,១១៨ ប៉ុន្តែ​បេក្ខជន​នេះ​អាច​ទទួល​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​ថា​ប្រឡង​ជាប់ និង​មាន​និទ្ទេស​ល្អ​ថែមទៀត​។ ជាក់ស្តែង​នៅលើ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ចេញ​ដោយ​លោក អ៊ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ បាន​ដាក់ថា សាត សេរី​បុត្រ បាន​ប្រឡង​ជាប់​ជាមួយ​និទ្ទេស​D លំដាប់​ពិន្ទុ​៩៨,១៨២​។ បញ្ហា​នេះ​បាន​បង្ហាញថា ជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ដែល​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា មិនត្រូវ​បណ្តោយ​ឲ្យ​មន្ត្រី​ប្រព្រឹត្ត​ខុសច្បាប់​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

H072015YCP-P1លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា